ការងារមិនសូវមានសម្ពាធខ្លាំង ហើយអាចរកលុយបានច្រើន គឺជាក្តីប្រាថ្នារបស់មនុស្សរាប់លាននាក់។ ខាងក្រោមនេះ គឺជាការងារទាំង៥ប្រភេទ ដែលស្ត្រេសតិចជាងគេបំផុតលើលោក តែអាចរកចំណូលបានលើសពី ១សែនដុល្លារ ក្នុងមួយឆ្នាំ យោងតាមការស្រាវជ្រាវរបស់ USA Today ចុះផ្សាយនាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤៖
១/. វិស្វករប្រព័ន្ធសូឡា៖ ជាមួយនឹងប្រាក់បៀវត្សរ៍ប្រចាំឆ្នាំជាមធ្យម ១៤ម៉ឺនដុល្លារ វិស្វករប្រព័ន្ធសូឡាអាចរស់នៅក្នុងជីវភាពមួយយ៉ាងប្រសើរ ខណៈអនាគតនៃប្រភពថាមពល និងបច្ចេកវិទ្យាមាននិរន្តរភាព។ តួនាទីនេះជាទូទៅទាមទារសញ្ញាបត្ររយៈពេល ៤ឆ្នាំ ដែលស្រដៀងគ្នានឹងវិស្វកម្មដែរ ហើយស័ក្តិសមបំផុតសម្រាប់អ្នកស្រលាញ់វិស័យ STEM។
២/. អ្នកឯកទេសធនធានទឹក៖ ជាមធ្យមអាចរកចំណូលបានជាង ១១ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ តាមរយៈការដោះស្រាយបញ្ហាផ្សេងៗទាក់ទងនឹងទឹក ក្នុងសហគមន៍ ឬតំបន់ផ្សេងៗ។ ទោះពិភពលោកកាន់តែរីកចម្រើន ឬជួបវិបត្តិ ការងារជាអ្នកឯកទេសធនធានទឹក នៅតែមានតម្រូវការខ្ពស់។
៣/. គណិតវិទូ៖ ជាការងារមួយក្នុងវិស័យអប់រំដែលប្រើពេលវេលាច្រើន ហើយទាមទារសញ្ញាបត្រយ៉ាងហោចណាស់ត្រឹមកម្រិតបរិញ្ញាបត្រ និងទទួលបានប្រាក់ខែជាមធ្យមប្រចាំឆ្នាំជាង ១១ម៉ឺនដុល្លារ។ អ្នកមានជំនាញផ្នែកគណិតវិទ្យាមានទីផ្សារការងារខ្ពស់ និងមានស្ថេរភាព។
៤/. សេដ្ឋវិទូបរិស្ថាន៖ ជាធម្មតាតម្រូវឲ្យបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត មុនពេលចូលប្រឡូកក្នុងវិស័យនេះ។ ការវិភាគលើបញ្ហាស្មុគស្មាញនៃការប្រែប្រួលអាកាសធាតុ និងយុទ្ធសាស្ត្រដំណោះស្រាយសេដ្ឋកិច្ចចំពោះបញ្ហាពិភពលោក អ្នកសេដ្ឋកិច្ចបរិស្ថានមានតម្រូវការខ្ពស់ និងពុំសូវមានការប្រកួតប្រជែងការងារឡើយ ដោយទទួលបានប្រាក់ខែជាមធ្យមជាង ១១ម៉ឺនដុល្លារ ជារៀងរាល់ឆ្នាំ។
៥/. អ្នកវិទ្យាសាស្ត្រចាប់សញ្ញាពីចម្ងាយ៖ ពួកគេមានសមត្ថភាពប្រើឧបករណ៍ចាប់សញ្ញាដើម្បីប្រមូល និងវិភាគទិន្នន័យអំពីពិភពលោក។ ចាប់ពីសហគមន៍រហូតដល់ការប្រែប្រួលអាកាសធាតុ ពួកគេស៊ើបអង្កេតបញ្ហាដ៏ធំបំផុតរបស់មនុស្ស ដោយដោះស្រាយបញ្ហានៅក្នុងឧស្សាហកម្មដូចជា ការរៀបចំទីក្រុង កសិកម្ម សំណង់ និងសូម្បីតែអាកាសធាតុ។ អ្នកធ្វើការក្នុងវិស័យនេះអាចរកប្រាក់ចំណូលបានចន្លោះពី ១០-១១ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ។
យ៉ាងណាមិញ បើទោះបីការងារជាប្រភពចំណូលដ៏ធំក្នុងការផ្គត់ផ្គងជីវភាពក៏ដោយចុះ តែកុំភ្លេចថែរក្សាសុខភាពផ្លូវចិត្ត ផ្លូវកាយឲ្យបានល្អ និងរក្សាតុល្យភាពរវាងជីវិត និងការងារ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook