ចិនអាចនិយាយថាជាភាសាទីពីរដែលមានមនុស្សនិយាយច្រើនបំផុតបន្ទាប់ពីភាសាអង់គ្លេស ដែលតម្រូវការភាសាចិនកំពុងត្រូវការខ្លាំងជាពិសេសនៅស្រុកយើង ហើយជាទូទៅគេសង្កេតឃើញថា អ្នកចេះភាសាចិនអាចរកចំណូលច្រើនជាងអ្នកដែលមិនចេះត្បិតថាធ្វើការងារដូចគ្នាក៏ដោយ។
ហេតុនេះហើយអ្នកដែលចង់រៀនភាសាបន្ថែមមិនគួររម្លងឡើយភាសាចិនដោយហេតុថា ភាសានេះអាចនឹងជួយអ្នកបាននៅក្នុងពេលនេះ ក៏ដូចជាអនាគតមិនចាញ់ការដែលមានចំណេះភាសាអង់គ្លេសនោះទេ។ ខាងក្រោមនេះ គឺជាកន្លែងដែលលោកអ្នកអាចរករៀនភាសាចិន ដោយឥតគិតថ្លៃជាមួយនឹងគ្រូល្បីៗ ទាំងខ្មែរ និងជនជាតិចិនផ្ទាល់តែម្ដង៖
១.Edx ( Learn Chinese with Online Course and Lessons | edX ) ៖ វេបសាយនេះមានការបង្រៀនភាសាចិនពីគ្រូមកពីសាកលវិទ្យាល័យកំពូលៗនៅស្រុកចិនតែម្ដង ហើយផ្ដោតទៅលើភាសាចិនដែលគេពេញនិយមប្រើប្រាស់ពេញពិភពលោកគឺភាសាចិន Mandarin ក្នុងនោះផងដែរក៏មានគ្រូចិនមកពីខាងសាលា Harvard នៅសហរដ្ឋអាមេរិកបង្រៀនផងដែរ។
២. YouTube៖ គ្រូធំបណ្ដុំមេរៀនគឺនៅ YouTube នេះហើយ ដោយហេតុថាវេបសាយ edx ខាងលើមានតែមេរៀនអង់គ្លេស អ្នកទាំងអស់គ្នាអាចសាកមើល YouTube ឆានែលរបស់អ្នកគ្រូ Kim ដែលមានឈ្មោះថា Kim Mission ដោយគាត់មានបង្ហោះវីដេអូបង្រៀនភាសាចិន ប្រមាណជិត ១០០វីដេអូឯណោះ។
នេះគ្រាន់តែជាការណែរនាំប៉ុណ្ណោះ ក្រៅពីនេះយើងនៅមានឆានែលផ្សេងៗទៀតដែលពួកគាត់ក៏មានបង្រៀនជាភាសាខ្មែរដូចគ្នានេះ ដោយអ្នកទាំងអស់គ្នាអាចសាករៀនទៅតាមគ្រូដែលអ្នកទាំងអស់គ្នាអាចរៀនចូលនិងយល់បាន។
៣. BBC Learn Chinese (BBC - Learn Chinese with free online lessons) ៖ កន្លែងនេះមិនមែនសម្រាប់អ្នកចាប់ផ្ដើមដំបូងដោយមិនចេះសោះនោះទេ តែជាសម្រាប់អ្នកចេះខ្លះហើយ រៀននិងស្រាវជ្រាវខ្លួនឯង។ នៅលើផ្លេតហ្វមរបស់សារព័ត៌មានល្បីBBC នេះមានមេរៀនចិនល្អៗច្រើន ហើយនឹងមានអត្ថបទថ្មីប្រែជាពីរភាសាចិននិងអង់គ្លេសដើម្បីហាត់អាន ហាត់ស្ដាប់។
៤. សមាគមន៍ចិន៖ សមាគមន៍ជនជាតិចិននៅកម្ពុជាមានច្រើន ក្នុងនោះដែរក៏មានសមាគន៍ខ្លះគាត់បើកបង្រៀនភាសាចិនឥតគិតថ្លៃដែរ តួរយ៉ាងដូចជាសមាគមក្នុងផុសមួយនេះជាដើម៖
(1) 东南亚华商联合会 សហព័ន្ធសហគ្រិនចិន-អាស៊ាន នៅកម្ពុជា - Posts | Facebook
៥. សហគ្រិន ចិន-ថៃ នៅកម្ពុជា- ChinThai Association៖ សមាគមន៍មួយនេះ មិនមែនបង្រៀនតែភាសាចិនមួយមុខទេ ប៉ុន្ដែក៏មានបង្រៀនភាសាថៃ អង់គ្លេស ជប៉ុន និងកុំព្យូទ័រអត់គិតថ្លៃផងដែរ។ ដើម្បីចុះឈ្មោះអាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 017 423 689/ 096 302 94 64 / 067 684 435 ឬអាចទៅកន្លែងសិក្សាផ្តាល់ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ 84 ផ្លូវលេខ 598 បឹងកក់ 2 ខ័ណ្ឌ ទួលគោក រាជធានីភ្នំពេញ ៕
អត្ថបទដោយ៖ សម្បត្តិ សុខឡាង