នាយករដ្ឋមន្រ្តីថៃលោក សេដ្ឋា​​ ថាវីស៊ីន មានគម្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងខែកញ្ញានេះ
Ping Chou EngSEPTEMBER 18 2023265 views

យោងតាមការចុះផ្សាយពីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ នឹងធ្វើដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅចុងខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។

 

ការពិភាក្សាអំពីការត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម សេដ្ឋា ថាវីស៊ីន ធ្វើឡើងនៅក្នុងឱកាសទស្សនកិច្ចការងាររបស់ លោកជំទាវបណ្ឌិត សឿង រដ្ឋចាវី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារ នៅទីក្រុងបាងកក ពីថ្ងៃទី១៤-១៥ ខែកញ្ញា ឆ្នាំ២០២៣។​

 

នៅក្នុងឱកាសទស្សនកិច្ចការងារនេះ លោកជំទាវបណ្ឌិត រដ្ឋលេខាធិការ និងឯកឧត្តម លេខាធិការអចិន្ត្រៃយ៍ បានពិភាក្សាយ៉ាងផុសផុលអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ លើគ្រប់វិស័យ ដូចជា នយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ ការងារ ការដោះមីន និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស។

 

បើយោងតាមការចុះផ្សាយពីសារព័ត៌មាន Thai PBS បានបញ្ជាក់ថា ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជាឯកឧត្តម សេដ្ឋា ថាវីស៊ីន នឹងបន្តធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន នៅដើមខែតុលាសម្រាប់ដំណើរទស្សនកិច្ចផ្លូវការរយ:ពេលបីថ្ងៃ៕

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia