តម្លៃមាសឡើងខ្ពស់កប់ពពក ហាងលក់មាសជាច្រើននៅថៃកំពុងប្រឈមនឹងការបិទទ្វា ដោយសារកត្តា ២នេះ
Pov SaruJANUARY 29 20262.1 K views

សមាគមពាណិជ្ជករមាសថៃ បានចេញសេចក្ដីព្រមានថា ប្រសិនបើតម្លៃមាសនៅតែបន្តកើនឡើងលើស 70,000 បាតក្នុងមួយ “បាតទម្ងន់” នៅឆ្នាំ 2026 នោះហាងលក់មាសជាច្រើននៅទូទាំងប្រទេសអាចនឹងត្រូវបិទទ្វារ។ មូលហេតុសំខាន់គឺ អតិថិជនកំពុងបន្ថយការទិញគ្រឿងអលង្ការមាស ដោយសារថ្លៃជីវភាពរស់នៅធ្លាក់ចុះ ហើយតម្លៃមាសក្លាយជារបស់ថ្លៃពេកសម្រាប់គ្រួសារធម្មតា។

 

ប្រធានសមាគមឈ្មោះ Jitti Tangsitpakdee បានលើកឡើងថា ការកើនឡើងនៃតម្លៃមាសបានផ្លាស់ប្តូរទស្សនៈរបស់ប្រជាជនថៃចំពោះមាស។ មាសដែលធ្លាប់ជារបស់ប្រើប្រាស់ប្រចាំថ្ងៃ និងជាផ្នែកមួយនៃវប្បធម៌សង្គម ឥឡូវក្លាយជាទ្រព្យសម្រាប់អ្នកមាន និងអ្នកវិនិយោគប៉ុណ្ណោះ។ ការផ្លាស់ប្តូរនេះកំពុងធ្វើឱ្យអាជីវកម្មហាងមាសបែបប្រពៃណី និងការងាររបស់កម្មករជាច្រើនប្រឈមហានិភ័យធ្ងន់ធ្ងរ។ នេះជាកត្តាសំខាន់ដែលជំរុញឱ្យអាជីវកម្មហាងមាសនៅថៃប្រឈមនឹងការបិទទ្វា៖ 

 

 ១. តម្លៃមាសក្នុងស្រុកឡើងខ្ពស់ និងប្រែប្រួលខ្លាំង៖ ក្នុងរយៈពេលចុងក្រោយនេះ តម្លៃមាសនៅថៃបានឡើងដល់កម្រិតកំណត់ត្រាថ្មី ដោយការលក់មាសដុំ និងគ្រឿងអលង្ការមាសបានឡើងដល់កម្រិត 70,000 បាត (2245.75 ដុល្លារ) ក្នុងមួយបាតទម្ងន់ (ប្រហែល 15.244 ក្រាម)។ តម្លៃនេះមិនត្រឹមតែខ្ពស់ទេ ថែមទាំងប្រែប្រួលរហ័សទៀតផងក្នុងមួយថ្ងៃៗ។ សមាគមពាណិជ្ជករមាសបានរាយការណ៍ថា ក្នុងថ្ងៃខ្លះ តម្លៃអាចឡើងឬធ្លាក់ពី 500 ទៅ 1,000 បាតក្នុងរយៈពេលខ្លី។ 

 

ការប្រែប្រួលនេះអាស្រ័យខ្លាំងលើតម្លៃមាសពិភពលោក និងការផ្លាស់ប្តូរនៃអត្រាប្តូរប្រាក់បាតជាមួយប្រាក់ដុល្លារអាមេរិក។ គ្រឿងអលង្ការមាសមានតម្លៃថ្លៃជាងមាសដុំ ពីព្រោះបូកបញ្ចូលថ្លៃកាត់ធ្វើ និងថ្លៃជាងមាស។ ដូច្នេះ នៅពេលតម្លៃមាសឡើងខ្ពស់ អតិថិជនធម្មតាមិនអាចទិញគ្រឿងអលង្ការបានដូចមុនទៀតឡើយ។

 

២. ការលក់គ្រឿងអលង្ការមាសធ្លាក់ចុះខ្លាំង៖ មាសគឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ថៃ ដូចជា ការប្រើប្រាស់ក្នុងពិធីមង្គលការ ពិធីបុណ្យប្រពៃណី និងជាអំណោយសម្រាប់កូនចៅ ឬសមាជិកគ្រួសារ។ ទោះជាយ៉ាងណា ការកើនឡើងនៃតម្លៃមាសបានធ្វើឱ្យប្រជាជនជាច្រើនសម្រេចចិត្តពន្យារពេល ឬបោះបង់ការទិញគ្រឿងអលង្ការមាស។ 

 

របាយការណ៍មួយចំនួនបង្ហាញថា ក្នុងអំឡុងពេលខ្លះ ការលក់គ្រឿងអលង្ការមាសបានធ្លាក់ចុះជាង 50% បើប្រៀបធៀបនឹងឆ្នាំមុនៗ។ អតិថិជនភាគច្រើនបែរទៅរកការទិញមាសដុំសម្រាប់វិនិយោគ ជំនួសការទិញមាសសម្រាប់ពាក់ជាគ្រឿងលំអរខ្លួន។ ការផ្លាស់ប្តូរនេះធ្វើឱ្យហាងលក់មាសប្រពៃណីជាច្រើន ដែលពឹងផ្អែកលើការលក់គ្រឿងអលង្ការ មានចំណូលធ្លាក់ចុះយ៉ាងខ្លាំង និងមានបញ្ហាក្នុងការរក្សាបុគ្គលិក និងការបន្តអាជីវកម្ម។

 

ផលប៉ះពាល់ដល់សេដ្ឋកិច្ច និងវប្បធម៌ថៃ៖ ការឡើងថ្លៃរបស់មាសមិនត្រឹមតែប៉ះពាល់ដល់អាជីវកម្មហាងមាសទេ តែក៏ប៉ះពាល់ដល់វប្បធម៌ និងរបៀបរស់នៅរបស់ប្រជាជនថៃផងដែរ។ មាសដែលធ្លាប់ជារបស់សម្រាប់ពិធីមង្គលការ និងជាអំណោយគ្រួសារ កំពុងក្លាយជារបស់ថ្លៃដែលមនុស្សធម្មតាមិនអាចទិញបាន។ នេះធ្វើឱ្យប្រពៃណីខ្លះៗអាចនឹងថយចុះ ឬផ្លាស់ប្តូរទម្រង់ទៅជាវត្ថុផ្សេងជំនួសមាស។ លើផ្នែកសេដ្ឋកិច្ច ជាងមាស និងកម្មករនៅក្នុងវិស័យគ្រឿងអលង្ការ កំពុងប្រឈមនឹងការបាត់បង់ការងារ។ ហាងមាសខ្លះបានបិទទ្វារតាំងពីឆ្នាំ 2025 ហើយប្រសិនបើស្ថានការណ៍មិនប្រសើរឡើង នៅឆ្នាំ 2026 អាចមានហាងជាច្រើនទៀតត្រូវបិទទ្វាបន្ថែម៕

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia