ក្រុមហ៊ុន Thai President Foods ដែលជាក្រុមហ៊ុនផលិតមីកញ្ចប់ MAMA របស់ប្រទេសថៃ បានបង្ហើបពីគោលបំណងនៃការបោះទុនវិនិយោគពង្រីកការសាងសង់រោងចក្រនៅក្នុងប្រទេសកម្ពុជា រួមជាមួយប្រទេសហុងគ្រី ដើម្បីពង្រីកសមត្ថភាពនៃការផលិតផលិតផលរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Bangkok post កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។
លោក Pun Paniangvait អ្នកគ្រប់គ្រងការិយាល័យប្រធានក្រុមហ៊ុន Thai President Foods បានឲ្យដឹងថា មូលហេតុដែលក្រុមហ៊ុនគ្រោងពង្រីករោងចក្ររបស់ខ្លួននៅប្រទេសហុងគ្រី និងប្រទេសកម្ពុជានេះ ដោយសារមី MAMA បន្ដទទួលបានប្រជាប្រិយភាពនៅក្នុងទីផ្សារអឺរ៉ុប ដូច្នេះទើបក្រុមហ៊ុនចង់ពង្រីកសមត្ថភាពផលិតបន្ថែម។
មួយវិញទៀតសម្រាប់ទីផ្សារមីក្នុងប្រទេសថៃ នៅឆមាសទី១ ឆ្នាំ២០២៤ នេះក៏បានកើនឡើងចន្លោះ ៨ ទៅ ៩ ភាគរយ ហើយរំពឹងថា នឹងកើនឡើងពេញមួយឆ្នាំនេះតែម្ដង។ យ៉ាងណាអ្នកគ្រប់គ្រងការិយាល័យប្រធានក្រុមហ៊ុន Thai President Foods រូបនេះ ពុំបានបង្ហាញពីទំហំទុននៃការវិនិយោគ ឬពេលវេលាសម្រាប់ការពង្រីកនេះនោះទេ៕