Thai Life ក្រុមហ៊ុនធានារ៉ាប់រងធំបំផុតរបស់ថៃឡើងផ្សារហ៊ុន ប្រមូលទុនច្រើនបំផុតនៅអាស៊ាន
Toeuy HongJUNE 28 2022335 views

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Thai Life Insurance Plc បានផ្សព្វផ្សាយដំណឹងថាខ្លួនកំពុងតែចង់ប្រមូលទុនប្រមាណ ៣៧ពាន់លានបាត (ជាង១ពាន់លានដុល្លារ) តាមរយៈការឡើងផ្សារមូលបត្រជាលើកដំបូង និងបោះផ្សាយលក់ហ៊ុនក្នុងតម្លៃត្រឹមតែ ១៦បាត(០.៤៥ដុល្លារ) ប៉ុណ្ណោះក្នុងមួយហ៊ុន។ នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន Bangkok Post។

ខាងក្រុមហ៊ុនបានបញ្ជាក់ថា ជំហានដំបូងគឺគេកៀគរទុនចំនួន ៣៤.៤ពាន់លានបាតសិន ហើយបន្ទាប់មកអាចនឹងប្រមូលបន្ថែមឱ្យគ្រប់ ៣៧ពាន់លានបាត ជាមួយនឹងការដាក់លក់ភាគហ៊ុនប្រមាណ ២.១ពាន់លានហ៊ុនប្រហែល១៨.៨%នៃភាគហ៊ុនសរុបទាំងអស់។

សូមជម្រាបថាចំនួនលុយខ្ទង់ ១ពាន់លានដុល្លារដែលក្រុមហ៊ុនធានារ៉ាប់រងរបស់ថៃ បានប្រកាសថាចង់កៀគរតាមរយៈការលក់ហ៊ុននៅលើទីផ្សារមូលបត្រជាលើកដំបូងនេះ ជាចំនួនដែលច្រើនជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០២២។ ជាមួយនឹងគ្នានេះដែរគោលបំណងដែលក្រុមហ៊ុនខំប្រមូលលុយជាច្រើនគឺ ដើម្បីយកមកធ្វើជាដើមទុនក្នុងការកែប្រែប្រព័ន្ធឌីជីថល រួមទាំងពង្រឹងបណ្ដាញចែកចាយជាមួយដៃគូ។

បើក្រឡេកមើលទៅកាន់ទីផ្សារហ៊ុនពិភពលោកវិញ បានបង្ហាញថាបរិមាណនៃការលក់ភាគហ៊ុន ត្រូវបានថយចុះ ៦៥.៤% នៅក្នុងឆមាសទីមួយ ខណៈវិនិយោគិនជាច្រើននៅតែប្រុងប្រយ័ត្នក្នុងការចូលទិញហ៊ុនថ្មីៗ​ ដោយសារតែមានការប្រែប្រួលទីផ្សារហិរញ្ញវត្ថុដែលជាផលប៉ះពាល់មកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងបញ្ហាអតិផរណាផ្សេងទៀត។

គួរបញ្ជាក់ផងដែរថា Thai Life Insurance Plc គឺជាក្រុមហ៊ុនធានារ៉ាប់រងដំបូងគេបង្អស់នៅប្រទេសថៃ ដែលបង្កើតតាំងពីឆ្នាំ១៩៤២ និងមានទីស្នាក់ការនៅទីក្រុងបាងកក។ បច្ចុប្បន្ននេះវាជាក្រុមហ៊ុនធានារ៉ាប់រងដែលធំបំផុតមួយនៅក្នុងប្រទេសថៃ។

អត្ថបទដោយ៖ សូ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia