ជាប់បំណុលច្រើនជាងគេ! កត្តាធំៗធ្វើឲ្យថៃមានប្រជាជនជំពាក់បំណុលគេច្រើនបំផុតនៅអាស៊ាន
Toeuy HongMAY 24 20239.3 K views

ជាយូរមកហើយបំណុលរបស់ប្រជាជនថៃគឺស្ថិតក្នុងអត្រាមួយដ៏ខ្ពស់បើធៀបនឹងប្រទេសក្នុងតំបន់អាស៊ីនិងអាស៊ាន ហើយគិតត្រឹមដំណាច់ឆ្នាំ២០២២កន្លងទៅបំណុលប្រជាជនសរុបបញ្ចូលគ្នាឡើងដល់៤៧០ពាន់លានដុល្លារស្មើនឹង៨៧%នៃផលិតផលក្នុងស្រុកសរុប(GDP)ពោលគឺថៃស្ថិតលើកំពូលតារាងដែលមានប្រជាជនជំពាក់បំណុលគេច្រើនបំផុតនៅអាស៊ាន។

បើយោងតាមការលើកឡើងរបស់លោក Danucha រដ្ឋលេខាធិការក្រុមប្រឹក្សាភិបាលអភិវឌ្ឍនសង្គមនិងសេដ្ឋកិច្ចជាតិថៃបានសង្កត់ធ្ងន់ថាកម្រិតបំណុលពលរដ្ឋថៃអាចនឹងឈានដល់ចំណុលមួយដែលមានការព្រួយបារម្ភខ្លាំងដូច្នេះសម្រាប់រដ្ឋាភិបាលអាណត្តិបន្ទាប់ត្រូវតែត្រួតពិនិត្យឲ្យម៉ត់ចត់ហើយត្រូវដោះស្រាយបញ្ហានេះតាមរយៈការរៀបចំធ្វើឥណទានឡើងវិញនិងជំរុញចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ពលរដ្ឋថៃ។ ខាងក្រោមនេះគឺជាកត្តាធំៗ ដែលធ្វើឲ្យប្រជាជនថៃធ្លាក់ខ្លួនទៅក្នុងបញ្ហាបំណុលកាន់តែច្រើន។

. វិបត្តិកូវីដ១៩

វិបត្តិកូវីដ១៩ដែលកើតឡើងនៅចុងឆ្នាំ២០១៩គឺធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចថៃយ៉ាងធ្ងន់ធ្ងរ ជាពិសេសក្នុងវិស័យទេសចរណ៍និងការនាំចេញដែលវិស័យទាំងនេះគឺជាប្រភពចំណូលធំរបស់ប្រជាជនថៃភាគច្រើន។ ជាលទ្ធផលដោយសារតែវិបត្តិកូវីដធ្វើឲ្យប៉ះពាល់វិស័យទេសចរណ៍និងការនាំចេញបានធ្វើឲ្យប្រជាជនថៃបាត់បង់ការងារ ចំណូលធ្លាក់ចេះដូច្នេះពួកគាត់ក៏ខ្ចីលុយគេបន្ថែមដើម្បីមកផ្គត់ផ្គង់ការរស់នៅដែលធ្វើឲ្យពួកគាត់ជំពាក់បំណុលគេកាន់តែច្រើន។

. ការដំឡើងប្រាក់ឈ្នួលអប្បរិមា

កាលពីឆ្នាំ២០១២រាជរដ្ឋាភិបាលរបស់ថៃបានសម្រេចដំឡើងប្រាក់ឈ្នួលអប្បរិមាចំនួន៤០%ទូទាំងប្រទេស។ ការដំឡើងនេះប្រាក់ឈ្នួលនេះធ្វើឲ្យប្រជាជនថៃដែលមានចំណូលទាបកាន់តែមានលុយចាយច្រើនជាងមុនខណៈប្រាក់ឈ្នួលធ្វើការកើនឡើងជាងមុន។ យ៉ាងណាមិញប្រជាជនមានចំណូលច្រើនជាងមុនហើយបង្កើនការចាយវាយច្រើនជាងមុន ធ្វើឲ្យអតិផរណាកើនឡើងកាន់តែខ្ពស់។ អតិផរណាឡើងខ្ពស់មានន័យទំនិញនិងសេវាកម្មលើទីផ្សារកាន់តែឡើងថ្លៃតែលុយកាន់តែចុះថោក។ បញ្ហាអតិផរណាកើនឡើងធ្វើឲ្យចំណាយក្នុងការរស់នៅរបស់ប្រជាជនថៃក៏កាន់តែកើនឡើងដូចគ្នា ដូច្នេះប្រជាជនថៃត្រូវខ្ចីលុយគេបន្ថែមដើម្បីមកផ្គត់ផ្គង់ការចំណាយក្នុងការរស់នៅខណៈការចំណាយកាន់តែកើនឡើង។

. គម្រោងលើកទឹកចិត្តអ្នកទិញឡានដំបូង

 អំឡុងឆ្នាំ២០១១-២០១២ រាជរដ្ឋាភិបាលរបស់ថៃបានចេញគម្រោងនិងគោលនយោបាយដោយអនុវត្តកាត់បន្ថយពន្ធរថយន្តយ៉ាងច្រើនសម្រាប់អ្នកទិញរថយន្តដំបូងដើម្បីស្ដារការលក់រងថយន្តក្នុងស្រុកខណៈទីផ្សាររថយន្តក្នុងស្រុកត្រូវបានបំផ្លាញយ៉ាងដំណុំពីបញ្ហាទឹកជំនាន់អំឡុងឆ្នាំ២០១១។ ការកាត់បន្ថយពន្ធរថយន្តនេះបានជំរុញឲ្យប្រជាជនថៃនាំគ្នាខ្ចីលុយធនាគារទៅទិញឡានហើយខ្ចីលុយលើសពីលទ្ធភាពសង ហើយអ្នកខ្លះក៏គ្មានលទ្ធភាពសងត្រលប់ ដូច្នេះហើយធ្វើឲ្យពួកគាត់ធ្លាក់ក្នុងបញ្ហាបំណុល។

គួរបញ្ជាក់ផងដែរថាបច្ចុប្បន្នបំណុលរបស់ប្រជាជនថៃកាន់តែកើនឡើងគឺកើតចេញពីការទិញអចលនទ្រព្យជាពិសេសទិញផ្ទះបង់រំលស់។ បើគិតត្រឹមត្រីមាសទី៤ឆ្នាំ២០២២កន្លងទៅបំណុលលើការទិញអចលនទ្រព្យរបស់ប្រជាជនថៃកើនឡើងចំនួន៥.២%៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia