ក្រុមហ៊ុនផលិតរថយន្ត Tesla បានបើកស្ថានីយសាកថ្មល្បឿនលឿន ឬហៅថា Supercharger របស់ខ្លួនជាលើកដំបូងនៅក្នុងប្រទេសថៃហើយ។ ដោយសាកថ្មមិនដល់ ២០នាទី អាចធ្វើដំណើរបានរហូតដល់ទៅជាង៣០០គីឡូម៉ែត្រ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BANGKOK POST កាលពីពេលថ្មីៗនេះ។
ប្រភពខាងលើដដែលបន្តទៀតថា ស្ថានីយ៍សាកថ្មមួយកន្លែងនេះមានឈ្មោះថា First Supercharger Station ដែលមានខ្សែរសាកថ្មរថយន្តចំនួន៩ Superchargers ពោលគឺអាចសាករថយន្តម្តងបានរហូតដល់ទៅ៩គ្រឿងក្នុងពេលតែមួយ។ ជាមួយគ្នានេះដែរ អ្វីដែលកាន់តែពិសេសនោះគឺ ម្ចាស់រថយន្តចាយពេលត្រឹមតែ១៥នាទីប៉ុណ្ណោះ រថយន្តអាចធ្វើដំណើរបានក្នុងចម្ងាយទៅដល់ ៣២២គីឡូម៉ែត្រ។
គួរជម្រាបផងដែរថាស្ថានីយ៍ថ្មីនេះត្រូវបានបង្កើតឡើងនៅឯជាន់ដាក់រថយន្តក្រោមដី នៃអគារពាណិជ្ជកម្ម CentralWorld ដែលស្ថិតនៅកណ្តាលទីក្រុងបាងកកតែម្តង៕