គម្រោងវិនិយោគថ្មីតម្លៃសរុបជាង ១០០ លានដុល្លារ បានបោះទីតាំងវិនិយោគនៅខេត្ដ៥នេះ
Bunthoeun KoemNOVEMBER 24 20251.9 K views

គម្រោងវិនិយោគថ្មីៗចំនួន ១០ គម្រោងបានបោះទីតាំងនៅចំនួន ៥ រួមមាន៖ ខេត្តតាកែវ កំពង់ស្ពឺ ព្រៃវែង កំពត និងព្រះសីហនុ ដែលមានទុនវិនិយោគសរុបជាង ១១១ លានដុល្លារ និងអាចបង្កើតឱការងារប្រមាណ ៦ ពាន់កន្លែងជូនពលរដ្ឋនៅក្នុងតំបន់ផងដែរ។

 

តាមការចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគទាំងនេះមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន៩គម្រោង (ផលិតប្រេងកៅស៊ូ, ផលិតចំណីសត្វ, ផលិតខ្សែអំពូលភ្លើងលម្អគ្រប់ប្រភេទ, ផលិតដើមណូអែល គ្រឿងលម្អ និងគ្រឿងបន្លាស់ដើមណូអែលគ្រប់ប្រភេទ, តុក្កតាណូអែល និងគ្រឿងតុបតែងលម្អសម្រាប់ពិធីបុណ្យណូអែល, ផលិតផលិតផលធ្វើពីប្លាស្ទិក (បន្ទះរក្សាកម្តៅ បន្ទះការពារសំទ្បេង កម្រាលការពារជង្គង់ និងកម្រាលហាត់យូហ្គា), ផលិតសម្ភារៈសត្វចិញ្ចឹម និងសម្ភារៈបន្ទាប់បន្សំ, និងផលិតទូកខ្យល់ ទូកកៃយ៉ាក់ តង់ កៅអី សាទ្បុង និងសម្ភារៈបោះជំរំបន្ទាប់បន្សំពីប្លាស្ទិក, និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន១គម្រោង (បង្កើតផែស្ងួត)។

 

585904594 1310737864417810 9130209298552883041 N

 

ប្រភពដដែលបានបញ្ជាក់ថា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគខាងលើនេះផងដែរ។ ដោយកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។

 

សូមជម្រាបថា ក្នុងរយៈពេល១០ខែនៃ ឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៧៥ គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៩,២ ពាន់លានដុល្លារ។ ក្នុងនោះគម្រោងវិនិយោគមានការកើនឡើងចំនួន ២២៩គម្រោង ស្មើនឹងប្រមាណ ៦៦% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត ៣,៧ ពាន់លានដុល្លារ ស្មើនឹងប្រមាណ ៦៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានគម្រោងវិនិយោគត្រឹមតែ ៣៤៦គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៥ ពាន់លានដុល្លារ៕

 

581930967 1303091531849110 227439231930323828 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia