Telegram ជាកម្មវិធីផ្ញើសារប្រកួតប្រជែងទីផ្សារជាមួយ Facebook និង Messager ដែលបានបង្កើតឡើងដោយលោក Pavel Durov ជាមហាសេដ្ឋីជនជាតិរុស្ស៊ី។
នៅឆ្នាំ២០១៣ លោក Pavel Durov ដែលកំពុងកាន់តំណែងជា CEO នៅក្រុមហ៊ុន Vkontakte ជាបណ្ដាញសង្គមដ៏ធំបំផុតប្រចាំប្រទេសរុស្ស៊ី បានជួបបញ្ហាប៉ះទង្គិចជាមួយរដ្ឋាភិបាល ក្រោយលោកបដិសេធមិនព្រមប្រគល់ទិន្នន័យសម្ងាត់របស់អ្នកប្រើប្រាស់កម្មវិធី Vkontakte នៅអ៊ុយក្រែន ឱ្យទៅភ្នាក់ងាររុស្ស៊ី។
ក្រោយរងសម្ពោធពីរដ្ឋាភិបាល ក្នុងឆ្នាំ២០១៣នោះដដែល លោកបានចាប់ផ្ដើមបង្កើតកម្មវិធី Telegram នេះឡើងដែលផ្ដោតលើភាពលឿនរហ័ស សុវត្ថិភាព និងមានភាពសប្បាយរីករាយ ប្រើប្រាស់ដោយឥតគិតថ្លៃរហូតអាចទាញអ្នកប្រើប្រាស់យ៉ាងទូលំទូលាយ។
ជាការពិតណាស់បងប្អូនខ្មែរយើងដែលប្រើប្រាស់កម្មវិធី Telegram រាល់ថ្ងៃប្រហែលជាភាគច្រើនមិនដែលអស់ថ្លៃក្នុងការបង់សេវាប្រើប្រាស់ឱ្យកម្មវិធីមួយនេះទេ អស់តែថ្លៃបញ្ចូលកាតទូរស័ព្ទប៉ុណ្ណោះ ចុះមានដឹងទេថាកម្មវិធីនេះរកចំណូលពីណាបើមិនឃើញលក់ពាណិជ្ជកម្ម មិនគិតលុយពីអ្នកប្រើប្រាស់ផងនោះ?
Telegram មានមុខងារ១ដើម្បីរកប្រាក់ចំណេញដែលហៅថា Premium ដែលលក់នូវមុខងារខុសពីអ្នកប្រើប្រាស់ធម្មតាឱ្យទៅអ្នកដែលបានបង់ប្រាក់ ដែលមានដូចជា៖
១. អាចផ្ទុកឯកសាររហូតដល់ 4GB ខណៈពេលដែលអ្នកប្រើប្រាស់ធម្មតាអាចផ្ទុកបានត្រឹមតែ 2GB ប៉ុណ្ណោះ
២. ល្បឿនទាញយកលឿនជាងមុន ដោយសារអ្នកបង់ប្រាក់នឹងមានអាទិភាពខ្ពស់ក្នុងការទាញយកឯកសារក្រៅពី Telegram
៣. មុខងារ Convert Voice Messages អាចបម្លែងពីសារជាសំឡេងទៅជាតួអក្សរ
៤. មិនមានផ្ទាំងផ្សាយពាណិជ្ជកម្ម ពេលប្រើកម្មវិធី
៥. Unique reactions ក្រៅពី emoji reaction ចំនួន១៦ ដែល Telegram ផ្ដល់ឱ្យប្រើប្រាស់ផ្ទាល់ខ្លួនបាន
៦. ស្ទីគ័រពិសេស ដែលនឹងទទួលបានការអាប់ដេតថ្មីៗរៀងរាល់ខែ ដែលអ្នកមិនបង់ថ្លៃមិនអាចប្រើស្ទីគ័រនោះបានទេ។
យ៉ាងណាមិញអំឡុងឆ្នាំ២០២០ ប្រភពមួយបានរាយការណ៍ថាក្រុមហ៊ុននេះមិនបានរកប្រាក់ចំណេញទាល់តែសោះពីសេវាកម្ម App របស់ខ្លួន ព្រោះស្ថាបនិករបស់ពួកគេជឿជាក់លើការផ្តល់ឱ្យកម្មវិធីមានការផ្ញើសាររហ័សនិងងាយស្រួលជាង ការរកប្រាក់ចំណេញ ខណៈគិតត្រឹមខែមករាឆ្នាំ២០២៣ ក្រុមហ៊ុនអាចរកចំណូលបាន១.២លានដុល្លារ។ ក្រុមហ៊ុន Telegram នេះមានតម្លៃ៣០ពាន់លានដុល្លារ ដែលមានអ្នកប្រើប្រាស់ជាង ៧០០លាននាក់ ក្នុង១៥៥ប្រទេសនៅជុំវិញពិភពលោក។
គួរជម្រាបផងដែរថាក្រោយពីការភៀសខ្លួនពីប្រទេសរុស្សុីហើយនាពេលបច្ចុប្បន្ននេះស្ថាបនិកវ័យ៣៩ ដែលបានបង្កើតកម្មវិធីនេះឡើងកំពុងសម្ងំរស់នៅប្រទេសអារ៉ាប់រួម ជាក្លាយជាសេដ្ឋីដែលមានទ្រព្យ១១.៥ពាន់លានដុល្លារនិងមានជំនួញជាច្រើនទៀត ក្រៅពីការកាន់កាប់ក្រុមហ៊ុន Telegram ៕
អត្ថបទដោយ៖ ពីង ជូអេង


