បន្តិចទៀតអ្នកនិយមលេងតេឡេក្រាមនឹងអាច Add Story របស់ខ្លួនបានដូច Instagram, WhatsApp, Facebook, Snapchat ខណៈថ្មីៗនេះខាង Telegram បាននឹងកំពុងត្រៀមបញ្ចេញនូវមុខងារថ្មីរបស់ខ្លួន ដែលអាចឱ្យអ្នកលេងអាចផុសរូប Storyបាន។
ជាក់ស្តែង យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្រៅសុកមួយឈ្មោះ Business Today បានឱ្យដឹងថា កាលពីពេលកន្លងទៅ Telegram បានប្រកាសពីគម្រោងរបស់ខ្លួនក្នុងការបើកដំណើរការមុខងារ Stories ដែលស្រដៀងនឹងមុខងារដែលមានឈ្មោះដូចគ្នានៅលើ Instagram និង Status នៅលើ WhatsApp ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់បន្ថែម។
ជាមួយគ្នានេះ បើតាមការលើកឡើងរបស់លោក Pavel Durov ជាអ្នកបង្កើត Telegram បានឱ្យដឹងថា “មុខងារ Stories របស់ Telegram នឹងផ្តល់អាទិភាពជាឯកជនភាព ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់កំណត់ថាអ្នកណាអាចមើលរឿងរបស់ពួកគេបានហើយអ្នកណាមិនអាចមើលបានដូចទៅនឹងហ្វេសប៊ុកដែរ”។ ចំពោះរយៈពេលនៃការបង្ហាញ Story នេះ Telegram បានផ្តល់ជម្រើសពេលវេលាបួនផ្សេងៗគ្នា ពី ៦, ១២, ២៤, ឬ ៤៨ ម៉ោង សម្រាប់ការបង្ហាញ។
គូសបញ្ជាក់ផងដែរថា មុខងារ Story នេះនឹងត្រូវបានដាក់ឱ្យដំណើរនៅអំឡុងខែ កក្កដានេះ ដោយឡែកសម្រាប់មុខងារបន្ថែមទៀតក្រុមហ៊ុន Telegram នឹងបញ្ចេញនៅពេលក្រោយជាបន្តបន្ទាប់ទៀត ដើម្បីធ្វើយ៉ាងណាឱ្យអ្នកប្រើប្រាស់ទទួលបានអ្វីថ្មីៗ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង