សព្វថ្ងៃនេះ គឺជាសម័យបច្ចេកវិទ្យាដូច្នេះបងប្អូនត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះនាពេលនេះមានជនខិលខូចច្រើនណាស់ដែលបានបោកប្រាស់តាមវិធីសាស្រ្តផ្សេងៗតាមរយៈ Telegram និង SMS ជាដើម។ ខាងក្រិមនេះ គឺជាក្បួនបោកទាំង៦ ដែលជនខិលខូចតែងនិយមប្រើដើម្បីបោកបងប្អូន៖
១.ក្បួនឆបោកបន្លំ Phishing
នាពេលថ្មីៗ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឱ្យដឹងថា ពេលនេះមានការឆបោកបន្លំ Phishing នៅក្នុង Telegram ពាក់ព័ន្ធនឹងអ្នកវាយប្រហារក្លែងបន្លំជាគណនីពិតរបស់ Telegram ផ្លូវការ ដោយប្រើផ្លាកសញ្ញាដែលបានផ្ទៀងផ្ទាត់ (Verified Badge) ដើម្បីធ្វើឱ្យគណនីរបស់ពួកគេមើលទៅគួរឱ្យទុកចិត្ត រួចផ្ញើខ្លឹមសារបំភិតបំភ័យ ជាមួយតំណភ្ចាប់ក្លែងក្លាយ ដើម្បីទាញយកព័ត៌មានសម្ងាត់របស់ដើម្បីលួចគណនីយកទៅប្រព្រឹត្តិបទល្មើស។
២. បោកប្រាស់តាមរយៈការប្រើប្រាស់និមិ្មត្តសញ្ញា
មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា មានជនខិលខូចមួយចំនួនបានបន្លំប្រើប្រាស់រូបសញ្ញាផ្សេងៗនៅក្នុងតេឡេក្រាមរួចក៏ឆាតមកតេឡេក្រាមយើងដើម្បីឱ្យយើងវិនិយោគនេះ វិនិយោគនោះដោយបានលុយរាប់ពាន់ផងដែរ។
ជាក់ស្តែង ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញគណនីបណ្តាញសង្គមមួយចំនួនបានប្រើប្រាស់និមិ្មត្តសញ្ញា និងឈ្មោះធនាគារជាតិនៃកម្ពុជា ដោយមិនមានការអនុញ្ញាតក្នុងចេតនាទុច្ចរិតបង្កើតរូបភាពបំភាន់ភ្នែក ដើម្បីផ្សព្វផ្សាយពីគម្រោងវិនិយោគ ឬប្រតិបត្តិការជួញដូរផលិតផលហិរញ្ញវត្ថុក្រៅផ្លូវការ។
សូមបញ្ជាក់ផងដែរថា ធនាគារជាតិនៃកម្ពុជា ពុំមានក្រុម ឆាណែល ឬគណនី Telegram ឬបណ្តាញទំនាក់ទំនងសង្គមផ្សេងៗទៀត សម្រាប់ផ្សព្វផ្សាយឱ្យសាធារណជនចូលរួមវិនិយោគលើទីផ្សារហិរញ្ញវត្ថុ ដូចជា ហាងឆេងមាស អត្រាប្តូរប្រាក់ ឬទ្រព្យឌីជីថលឡើយ។
៣. ប្រើលីងបញ្ឆោត
កន្លងទៅ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការជូនដំណឹងទៅដល់អ្នកប្រើប្រាស់ Telegram ទាំងអស់សូមមេត្តាប្រុងប្រយ័ត្ន ចំពោះការបោកបញ្ឆោតថ្មីដល់អ្នកប្រើប្រាស់កម្មវិធី Telegram តាមរយៈការផ្ញើដំណរភ្ជាប់បោកបញ្ឆោត (Link ក្លែងក្លាយ ដូចភ្ជាប់ក្នុងរូបភាពខាងក្រោម) ទៅកាន់សារទូរស័ព្ទ SMS ដើម្បីអោយអ្នកប្រើប្រាស់កម្មវិធី Telegram បំពេញព័ត៌មាន និងឈានទៅដល់ការយកគណនីអ្នកប្រើប្រាស់មកគ្រប់គ្រងពីជនអានាមិក។
- ការបោកតាមរយៈ SMS
១. វីធីសាស្រ្តបន្លំខ្លួន៖ ឧក្រិដ្ឋជនប្រើឧបាយកលបន្លំខ្លួនជាស្ថាប័នរដ្ឋ ឬឯកជន ភ្ញាក់ងារផ្តល់សេវាកម្មនានាដែលអាចទុកចិត្តបាន ដោយប្រើបច្ចេកទេសវិស្វកម្មសង្គមតាមរយៈការផ្ញើ Email សារជាអក្សរ SMS ឬការហៅតាមទូរសព្ទដោយផ្ទាល់ជាដើម។
២. ផ្ញើលីងតាម SMS ឱ្យបំពេញព័ត៌មាន៖ កាលពីកន្លងទៅ នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា ធ្លាប់បានប្រកាសថា បើមាន SMS ណាស្នើសុំជាបន្ទាន់នូវព័ត៌មានផ្ទាល់ខ្លួន ដើម្បីចូលទៅកាន់គណនីធនាគារ ការស្នើសុំលេខអត្តសញ្ញាណ ឬក៏ដើម្បីបញ្ជាក់នូវព័ត៌មានគណនីធនាគាររបស់លោកអ្នក សូមកុំចុចទៅលើតំណភ្ជាប់ (Link) ដែលទទួលបាននោះ ឬកុំឆ្លើយតប និងផ្ដល់នូវព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានគណនី ជាដាច់ខាត។
ក្នុងករណី បើមានការមន្ទិលសង្ស័យសូមទំនាក់ទំនងទៅកាន់គ្រឹះស្ថានធនាគាររបស់ខ្លួនដើម្បីបញ្ជាក់អោយបានច្បាស់លាស់មុននិងចុចទៅលើតំណភ្ជាប់ (Link)។
៣. SMS Phishing៖ កាលពីកន្លងទៅ មានការកើនឡើងនូវសារក្លែងបន្លំ តាមប្រព័ន្ធទូរសព្ទ (SMS Phishing) ជាមួយនឹងតំណភ្ជាប់បោកបញ្ឆោត (Fraudulent Link) ដើម្បីទទួលបាន ព័ត៌មានសម្ងាត់របស់លោកអ្នក។
ប្រសិនបើលោកអ្នកទទួលបានតំណភ្ជាប់ដែលមានការសង្ស័យ សូមកុំចុចបើក ឬបំពេញព័ត៌មានរបស់លោកអ្នក រួមមាន៖ លេខទូរសព្ទ, លេខគណនី, លេខ PIN, លេខកូដសម្ងាត់ ទិន្នន័យផ្ទាល់ ខ្លួន។ ជនបន្លំបោកប្រាស់អាចចូលទៅបញ្ហាក្នុងកម្មវិធីទូរសព្ទដៃ ឬ ប្រតិបត្តិការធនាគារតាមអ៊ីនធើណិត (Internet Banking) របស់លោកអ្នកបាន ប្រសិនបើលោកអ្នកមិនបាន ការពារលេខ PIN ឬលេខកូដសម្ងាត់របស់លោកអ្នកឱ្យបានល្អទេនោះ ទោះបីជាលោកអ្នកមានវិធានសន្តិសុខរឹងមាំក្នុងការការពារយ៉ាងណាក៏ដោយ៕