ច្បាស់ការ! រដ្ឋបញ្ជាក់ច្បាស់ៗពីពេលវេលាបញ្ចប់ និងបើកដំណើរការព្រលានយន្ដហោះអន្ដរជាតិតេជោ
Bunthoeun KoemFEBRUARY 14 20241.6 K views

គម្រោងព្រលានយន្ដហោះអន្ដរជាតិតេជោ (ព្រលានយន្ដហោះភ្នំពេញថ្មី) គ្រោងនឹងបញ្ចប់ការសាងសង់នៅបំណាត់ឆ្នាំ២០២៤ និងដំណើរការនៅដើមឆ្នាំ២០២៥ ខាងមុខនេះហើយ ខណៈបច្ចុប្បន្នការសាងសង់សម្រេចបានជាង៦០ភាគរយហើយ។ នេះតាមការបញ្ជាក់ពីឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

 

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត បានដឹកនាំគណៈប្រតិភូ ជាថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់4F ដំណាក់កាលទីមួយ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី និងគណៈប្រតិភូក្រុមការងារបច្ចេកទេស បានចុះត្រួតពិនិត្យស្ថានភាពទូទៅ នៃវឌ្ឍនភាពការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោនេះផងដែរ។។

 

422654524 360651683556493 3611450232748890730 N

 

ឯកឧត្តរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ពីវឌ្ឍភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ និងបានបញ្ជាក់ថា ការសាងសង់នេះមានការវិវត្តទៅមុខជាលំដាប់ និងបានវាយតម្លៃលើដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺគិតត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្រេចបានលទ្ធផល ៦៤,១% ហើយគម្រោងទាំងមូលគ្រោងនឹងបញ្ចប់ការសាងសង់នៅបំណាច់ឆ្នាំ២០២៤ នាពេលខាងមុខ​ ហើយអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់4F ដំណាក់កាលទីមួយ គ្រោងនឹងបើកដំណើរការនៅឆមាសទី១ នៃឆ្នាំ២០២៥ ខាងមុខនេះ។

 

ជាមួយគ្នានោះផងដែរក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនទទួលការវិនិយោគ និងសាងសង់គម្រោងព្រលានខាងលើ ក៏បានប្រគល់អគារបញ្ជាចរាចរណ៍ដែនអាកាស (Aerodrome Control Tower Building ) មករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រួចហើយ តាមរយៈលិខិតលេខ ០០៤/២៤ CAIC ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤។

 

សូមជម្រាបថា ព្រលានយន្ដហោះអន្តរជាតិតេជោនេះ មានទីតាំងស្ថិតនៅខេត្តកណ្តាល មានចម្ងាយប្រមាណ២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានផ្ទៃដីសរុបចំនួន២៦០០ហិចតាចំណាយទុនវិនិយោគចំនួន ១ ៥០០ លានដុល្លារ។ សម្រាប់នៅក្នុងដំណាក់កាលទី១ ព្រលានយន្ដហោះនេះអាចទទួលអ្នកដំណើរបានប្រមាណ១៣លាននាក់ក្នុងមួយឆ្នាំ ដំណាក់កាលទី២ ដែលគ្រោងបញ្ចប់នៅឆ្នាំ២០៣០ ដែលអាចទទួលបានអ្នកដំណើរប្រមាណជា៣០លាននាក់ក្នុង១ឆ្នាំ  និងដំណាក់កាលចុងក្រោយដែលគម្រោងបញ្ចប់នៅឆ្នាំ២០៥០  អាចនឹងទទួលបានអ្នកដំណើររហូតដល់៥០លាននាក់ក្នុងមួយឆ្នាំ៕

 

427660323 360652396889755 4953698903674994755 N

427886802 360652346889760 7043054886190192557 N

Fn 2020 06 22 13 30 24 0

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia