ក្រោយសាងសង់អស់រយៈពេលជាច្រើនឆ្នាំ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ព្រលានយន្ដហោះអន្ដរជាតិតេជោ នឹងបើកដាក់ឲ្យប្រើប្រាស់ជាងផ្លូវការហើយ ខណៈបច្ចុប្បន្នព្រលានយន្ដហោះលំដាប់ 4F និងធំជាងគេនៅកម្ពុជានេះ ត្រូវបានបញ្ចប់ការសាងសង់រួចរាល់ ១០០ ភាគរយ។
អ្វីដែលចាប់អារម្មណ៍នៅពេលព្រលានយន្ដហោះថ្មីនេះបើកដំណើរការ វាមិនត្រឹមតែអាចទទួលការចុះចតនូវប្រភេទយន្ដហោះខ្នាតតូច និងមធ្យមនោះទេ ប៉ុន្ដែក៏អាចទទួលការចុះចតនូវប្រភេទយន្ដហោះខ្នាតធំបំផុតរបស់ពិភពលោកបានផងដែរ ដូចជា ប្រភេទយន្ដហោះ Airbus A380-800 និង យន្តហោះ Boeing747-800 ជាដើម។ ខណៈដែលយន្តហោះខ្នាតយក្សរបស់អាមេរិក និងរបស់អឺរ៉ុបទាំងពីរប្រភេទនេះ អាចផ្ទុកអ្នកដំណើរបានច្រើនជាង ៥០០នាក់ឯងណោះ។
សូមជម្រាបថា ព្រលានយន្ដហោះអន្ដរជាតិតេជោ ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន Cambodia Airport investment Co.,Ltd (CAIC) ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Overseas Cambodia Investment Corp Ltd (OCIC) និង រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលមានទុនវិនិយោគសរុប ១ ៥០០ លានដុល្លារ (ដំណាក់កាលទី១)។ ហើយព្រលានយន្ដហោះនេះ ត្រូវបានសាងសង់នៅលើផ្ទៃដី ២៦០០ ហិកតា មានទីតាំងស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល និងមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ៕