សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនដល់ ឧកញ៉ា ធា គ្រេកអេង ដែលជាអគ្គនាយិកាក្រុមហ៊ុន តាយ ធា កសិកម្ម ឯ.ក (Tay Thea Kasekam Co., Ltd) ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។
ការផ្ដល់គោរមងារ «អ្នកឧកញ៉ា» ជូនដល់អគ្គនាយិកាក្រុមហ៊ុន តាយ ធា កសិកម្ម ឯ.ក (Tay Thea Kasekam Co.,Ltd) នេះធ្វើឡើងតាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រៅពីកាន់តួនាទីជាអគ្គនាយិកាក្រុមហ៊ុន Tay Thea Kasekam Co., Ltd អ្នកឧកញ៉ា ធា គ្រេកអេង បច្ចុប្បន្នក៏ជាសមាជិកនៃសមាគមឧកញ៉ាកម្ពុជា និងជាសមាជិកសភាពាណិជ្ជកម្មកម្ពុជាផងដែរ។ ជានិច្ចកាល លោកជំទាវឧកញ៉ា តែងចូលរួមបរិច្ចាគនូវថវិកា និងធនធានផ្ទាល់ខ្លួន ជួយគាំទ្រដល់សកម្មភាពរាជរដ្ឋាភិបាល និងការងារសប្បុរសធម៌ផ្សេងៗ។
សូមជម្រាបផងដែរថា ក្រុមហ៊ុន តាយ ធា កសិកម្ម ឯ.ក (Tay Thea Kasekam Co., Ltd) របស់អ្នកឧកញ៉ា ធា គ្រេកអេង គឺជាប្រភេទអាជីវកម្មនាំចេញ-នាំចូលផលិតផលកសិកម្ម មានអាសយដ្ឋាននៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕



