ប្រយ័ត្នអត់ស្គាល់! តោះមកដឹងពន្ធទាំង ១៦ ប្រភេទនៅកម្ពុជា ដែលបែងចែកឱ្យអគ្គនាយកដ្ឋានពន្ធដារ
ធី ស្រីល័ក្ខMAY 26 202310 K views

បើនិយាយអំពីពន្ធនៅក្នុងប្រទេសកម្ពុជាគឺមានជាច្រើនប្រភេទ មានទាំងលើផលិតផលទំនិញ អាជីវកម្ម យានយន្ត និងពន្ធទៅលើប្រាក់បៀវត្សផ្សេងៗទៀត ដែលក្នុងនោះមានមនុស្សភាគតិចបានយល់ដឹងថាប្រភេទពន្ធនីមួយៗបែបណាខ្លះ តើពន្ធប្រទេសកម្ពុជាមានប៉ុន្មានជាដើម។ដើម្បីជាចំណេះដឹងបន្ថែម ថ្ងៃនេះ Business Cambodia នឹងធ្វើការលើកយកនូវប្រភេទពន្ធសំខាន់ចំនួន ១៦​ នៅក្នុងប្រទេសកម្ពុជាឱ្យបងប្អូនទាំងអស់គ្នាបាន ដែលពន្ធទាំងនោះរួមមាន ៖

១.ពន្ធលើចំណេញមូលធន ៖ ពន្ធលើប្រាក់ចំណេញមូលធន ត្រូវបានអនុវត្តលើចំណេញមូលធនសម្រេចបានពីការលក់ឬផ្ទេរ ដែលរួមមាន អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្ត៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា រូបិយវត្ថុបរទេស។

២.ពន្ធលើអចលទ្រព្យ ៖ ជាពន្ធអចលនទ្រព្យដែលមានតម្លៃលើសពី ១០០លានរៀលនិងមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្តរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលក្រុងនៃខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។

៣.ពន្ធលើអាករបំភ្លឺសាធារណៈ ៖ អាករសម្រាប់បំភ្លឺសាធារណៈ ត្រូវបានកំណត់តាមអត្រា ៣ភាគរយ លើការផ្គត់ផ្គង់គ្រប់ដំណាក់កាលនូវសុរាមេរ៉ារ័យ និងបារី។អ្នកជាប់ពន្ធដែលធ្វើការផ្គត់ផ្គង់ផលិតផលទាំងនេះត្រូវទទួលខុសត្រូវក្នុងការបង់ប្រាក់អាករនេះ ជូនរដ្ឋបាលសារពើពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី ២០ នៃខែបន្ទាប់ពីខែដែលមានការផ្គត់ផ្គង់។

៤.ពន្ធលើមធ្យោបាយធ្វើដំណើរ និងយានជំនិះគ្រប់ប្រភេទ ៖ ពន្ធលើយានជំនិះគឺជាពន្ធប្រចាំឆ្នាំ ដែលប្រមូលចំពោះមធ្យោបាយដឹកជញ្ជូន និងយាន្តជំនិះគ្រប់ប្រភេទដូចជា រថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកអ្នកដំណើរ រ៉ឺម៉ក សណ្តោង ជលយាន ឬជនយានយន្ត(លើសពី១៥០សេះ) ទាំងផ្លូវគោក និងផ្លូវទឹក។

៥.អាករស្នាក់នៅ ៖ អាករលើការស្នាក់នៅត្រូវបានកំណត់តាមអត្រា២ភាគរយ លើការស្នាក់នៅក្នុងសណ្ឋាគារ ផ្ទះសំណាក់ ក្នុងព្រះរាជាណាចក្រកម្ពុជា។ពន្ធដែលធ្វើការផ្គត់ផ្គង់សេវាស្នាក់នៅត្រូវទទួលខុសត្រូវក្នុងការបង់ប្រាក់អាករនេះជូនរដ្ឋបាលសារពើពន្ធ យ៉ាងយឺតយ៉ាវបំផុតត្រឹមថ្ងៃទី២០នៃខែបន្ទាប់ពីខែដែលមានការផ្គត់ផ្គង់។

៦.ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ៖ ជាពន្ធប្រចាំឆ្នាំ ពន្ធនេះកំណត់លើដីដែលគ្មានសំណង់ និងដីដែលមានសំណង់បោះបង់ស្ថិតក្នុងទីក្រុងនានា និងក្នុងតំបន់ទាំងឡាយដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់។

៧.ពន្ធប្រថាប់ត្រា ៖ ជាប្រភេទពន្ធដែលកំណត់លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចំពោះអចលនទ្រព្យ មធ្យោបាយដឹកជញ្ជូន ឬយានយន្ត ភាគហ៊ុន កិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវា និងលិខិតមានលក្ខណៈគតិយុត្ត។

៨.ពន្ធលើឈ្នួលផ្ទះនិងដី ៖ ពន្ធលើឈ្នួលផ្ទះ និងដីត្រូវកំណត់យកលើប្រាក់ឈ្នួលដែលបានមកពីការជួល៖

អាគារដែលសាងសង់លើដីដូចជា ៖ ផ្ទះ រោងចក្រ ភណ្ឌាគារ ការិយាល័យ ។ល។ ហត្ថូបករណ៍ដែលជាប់ជាមួយគ្រឹះស្ថានឧស្សាហកម្មឋាបនភ័ណ្ឌពាណិជ្ជកម្ម ឧស្សាហកម្ម ដែលនៅនឹងមួយកន្លែង អគារធំៗដែលទុកដាក់ ធាតុរាវ ឬ ផលិតផលផ្សេងៗដូចជា ប្រេងឥន្ធនៈ កៅស៊ូចាក់ថ្នល់ គ្រាប់ធញ្ញជាតិ ផ្ទះអណ្តែតទឹក កប៉ាល់សម្រាប់ធ្វើជាលំនៅដ្ឋាន ឬ ដើម្បីប្រកបអាជីវកម្មផ្សេងៗដីធ្លីដែលគ្មានសំណង់ ដោយរាប់បញ្ចូលទាំងកន្លែងយកថ្ម យករ៉ែ ធ្យូងថ្ម បឹង​បួរ ស្រែអំបិល។

៩.ពន្ធប៉ាតង់ ៖ ពន្ធប៉ាតង់ជាពន្ធកំណត់លើផលរបរសរុបប្រចាំឆ្នាំដែលត្រូវបង់ក្នុងកំឡុងពេលចាប់ថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ជារៀងរាល់ឆ្នាំ ។

១០.អាករពិសេសលើទំនិញនិងសេវា ៖ អាករពិសេសលើទំនិញ និងសេវាមួយចំនួន ត្រូវបានកំណត់លើទំនិញ និងសេវាមួយចំនួន។ ទំនិញដែលជាប់អាករនេះមាន ភេសជ្ជៈ ស្រា ស្រាបៀរ (២០%) និងបារី(១៥%)។ សេវាមួយចំនួនមានសេវាលំហែកំសាន្ត(១០%) ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស(១០%) និងសេវាទូរស័ព្ទ(៣%)។

១១.អាករលើតម្លៃបន្ថែម ៖ គឺជា​ពន្ធ​លើ​ការ​ចំណាយ​របស់​អ្នកប្រើប្រាស់​ចុងក្រោយ​ (​final​ ​consumer​s)​។​ ​VAT​ ​គឺជា​ពន្ធ​មួយ​ប្រភេទ​ដែល​ត្រូវ​គិត​បន្ថែម​លើ​តម្លៃ​ដើម​នៃ​ផលិតផល​ ​ឬ​សេវាកម្ម​ជាប់​អាករ​ (​ហៅថា​ការ​ផ្គត់ផ្គង់​ជាប់​អាករ​ រឺ ​taxable​ ​supplies​)

១២.ពន្ធលើប្រាក់ចំណូល ៖ ត្រូវបានកំណត់លើអ្នកជាប់ពន្ធនិវាសនជន ចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ចំណូល ប្រភពបរទេស។សម្រាប់អ្នកជាប់ពន្ធអនិវាសជន ពន្ធលើប្រាក់ចំណូលកំណត់តែលើប្រាក់ចំណូលប្រភពកម្ពុជាប៉ុណ្ណោះ។

១៣.ពន្ធកាត់ទុក ៖ អ្នកជាប់ពន្ធនិវាសជនដែលប្រកបអាជីវកម្ម ដែលបានធ្វើការទូទាត់ជាសាច់ប្រាក់ ឬជាវត្ថុ ឱ្យដល់អ្នកជាប់ពន្ធនិវាសជន ត្រូវកាត់ទុកនិងបង់ប្រាក់ពន្ធទៅតាមអត្រាកំណត់។

១៤.ពន្ធអប្បបរមា ៖ ពន្ធអប្បបរមាជាពន្ធមួយដាច់ដោយឡែកនិងផ្សេងៗពីពន្ធលើប្រាក់ចំណេញ។ពន្ធនេះត្រូវបង់តាមរបបស្វ័យប្រកាសលើកលែងតែគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមអត្រា១ភាគរយលើផលរបរ ប្រចាំឆ្នាំរួមបញ្ចូលទាំងពន្ធអាករនានាលើកលែងតែអាករលើតម្លៃបន្ថែម។

១៥.ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ ៖ សហគ្រាសដែលជាប់ពន្ធលើប្រាក់ចំណូលតាមរបបពិតរួមទាំងគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលជាប់ពន្ធលើប្រាក់ចំណូលតាមអត្រា ៩% មានកាតព្វកិច្ចបង់ប្រាក់រំដោះប្រចាំខែសម្រាប់ពន្ធលើប្រាក់ចំណូលតាមអត្រា ១% នៃផលរបរគិតរួមបញ្ចូលទាំងពន្ធអាករទាំងអស់ វៀលែងតែអាករលើតម្លៃបន្ថែមដែលសម្រេចបានក្នុងខែមុន។ ប្រាក់រំដោះនឹងត្រូវបានយកមកកាត់កងពីពន្ធលើប្រាក់ចំណូលនៅពេលធ្វើការទូទាត់ប្រចាំឆ្នាំ។

១៦.ពន្ធប្រាក់បៀវត្ស ៖ ពន្ធលើប្រាក់បៀវត្ស គឺជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្សដែលរូបវន្តបុគ្គលបានទទួលក្នុងក្របខ័ណ្ឌនៃការ បំពេញសកម្មភាពបំរើការងារ៕

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia