ស្រ្តីខ្លួនមួយ ប្រាប់គន្លឹះធំ៦ ជួយឱ្យគាត់ដោះបំណុលអស់៨ម៉ឺន$ ត្រឹមពេល៤ឆ្នាំ និងកសាងជីវភាពធូរធារ
SOKLY SOJULY 14 20231.1 K views

ព្រោះតែតម្រូវការរៀនសូត្រ និងការធ្វើដំណើរ បានធ្វើឱ្យអ្នកនាង Tasha Danielle ត្រូវជាប់បំណុលសិស្ស ព្រមទាំងកម្ចីទិញឡាន ដល់ទៅជាង ៨ម៉ឺនដុល្លារ ជាហេតុធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់គាត់ជាខ្លាំង។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយ Northwestern Mutual អ្នកនាង Tasha បានលើកឡើងថា «វាពិបាកណាស់នៅពេលដែលមានប្រភពចំណូលតែមួយច្រកសម្រាប់ចិញ្ចឹមខ្លួនឯង ព្រមទាំងត្រូវខំប្រឹងដោះបំណុលថែមទៀត»។ ប៉ុន្តែទោះជាយ៉ាងណាអ្នកនាងនៅតែមិនបោះបង់ រហូតអាចរួចផុតពីបំណុលទាំងស្រុង ត្រឹមរយៈពេល៤ឆ្នាំ ដោយសារតែគន្លឹះធំៗទាំង៦នេះ៖

១. ស្វែងយល់ពីមូលហេតុរបស់អ្នក៖ ដើម្បីសម្រេចរឿងអ្វីមួយបាន អ្នកត្រូវតែមានហេតុផលសម្រាប់ទីបញ្ចប់របស់វា។ ឧទាហរណ៍ដូចជា ដើម្បីឆាប់អស់បំណុល និងសល់លុយច្រើនបាន គឺយើងត្រូវលះបង់រឿងជាច្រើនដែលយើងចូលចិត្ត ដូចជាការចាយវាយតាមអារម្មណ៍ជាដើម។ ទន្ទឹមនឹងនោះដើម្បីឱ្យលះបង់បាន គឺតម្រូវឱ្យយើងឆ្លុះបញ្ចាំងពីហេតុផលក៏ដូចជាលទ្ធផលប្រសិនបើយើងធ្វើបានសម្រេច ដូចជា ស៊ូរហូតដល់អស់បំណុល យើងនឹងលែងដាច់លុយរាល់ខែទៀត។

ចំណុចនេះអ្នកនាងបញ្ជាក់ថា យើងគួរតែសរសេរលទ្ធផលទុកកន្លែងណាមួយដែលយើងអាចមើលឃើញញឹកញាប់ ដើម្បីបានរំលឹកឱ្យយើងមានកម្លាំងខំប្រឹងមិនងាយភ្លេចខ្លួន។

២. ដឹងច្បាស់ថាកំពុងជំពាក់អ្វី៖ ស្របពេលដែលមានបំណុល យើងក៏ត្រូវតែដឹងឱ្យច្បាស់ផងដែរថា យើងជំពាក់បំណុលប្រភេទអ្វីខ្លះ ជំពាក់អ្នកណាខ្លះ ជំពាក់ចំនួនប៉ុន្មាន ការប្រាក់ប៉ុន្មាន រយៈពេលកំណត់ប៉ុន្មានឆ្នាំ? Tasha លើកទឹកចិត្តឱ្យកត់ត្រាគ្រប់ចំណុចដែលបានរៀបរាប់មុននេះចូលក្នុងសៀវភៅមួយ ហើយតាមដានវាជាប្រចាំ អាចមួយសប្ដាហ៍ម្ដង ឬមួយខែម្ដង។

៣. ទុកលុយសម្រាប់ខ្លួនឯង៖ ទោះបីជាខំរកលុយដោះបំណុលឱ្យឆាប់អស់ប៉ុនណាក៏ដោយ ក៏ Tasha មិនដែលភ្លេចមើលថែខ្លួនឯងឡើយ។ បន្ទាប់ពីទូទាត់បំណុល និងការចំណាយប្រចាំខែ គាត់តែងតែដកប្រាក់មួយចំណែកតូចសម្រាប់ការចំណាយលើភាពរីករាយផ្ទាល់ខ្លួន។

Tasha បញ្ជាក់ថា ផ្លូវចិត្តរបស់យើងពិតជាសំខាន់ណាស់ យើងមិនអាចមានកម្លាំងធ្វើការថែមម៉ោងបានទេ បើយើងមិនដែលឆ្លៀតពេលធ្វើអ្វីដែលយើងចូលចិត្ត។ សម្រាប់គាត់ផ្ទាល់ គាត់តែងតែដកប្រាក់សម្រាប់ជួបជុំមិត្តភក្ដិម្ដងទៅ២ដងក្នុងមួយខែ ដើម្បីឱ្យខ្លួនឯងសប្បាយចិត្ត និងមានកម្លាំងខំប្រឹងធ្វើការរកលុយដោះបំណុលឱ្យឆាប់អស់។

៤. ជ្រើសរើសវិធីសាស្រ្តដែលសមនឹងអ្នក៖ ក្បួនដោះបំណុលគឺមានច្រើនណាស់ ហើយក៏មានអ្នកណែនាំច្រើនផងដែរ។ យើងអាចដោះបំណុលពីធំទៅតូច ពីការប្រាក់ខ្ពស់មកទាប ឬក្បួនបែបណាផ្សេងទៀតក៏បានដែរ អ្វីដែលសំខាន់គឺត្រូវជ្រើសយកមួយណាដែលសមនឹងស្ថានភាពហិរញ្ញវត្ថុរបស់យើង។ មិនប្រាកដទេថាអ្នកដទៃប្រើក្បួនមួយត្រូវ យើងក៏អាចប្រើបានផលដូចគេនោះទេ ព្រោះស្ថានភាពជីវិតខុសគ្នា ការលំបាក និងវិធីសាស្រ្តក៏ខុសគ្នាដែរ។

៥. ចេះប្រើប្រាស់ជំនួយ៖ កុំគិតឈ្ងោកមុខខំដោះបំណុលតែម្នាក់ឯង យើងគួរតែខំរិះរកជំនួយ ដើម្បីបន្ថយបន្ទុកខ្លួនឯងផងដែរ។ យើងអាចចាប់ផ្ដើមពីការចរចាជាមួយនឹងម្ចាស់បំណុល សុំបន្ធូរបន្ថយការប្រាក់ ឬបង្កើនរយៈពេលកំណត់ ដើម្បីបន្ថយសម្ពាធ។ ទន្ទឹមនឹងនោះក៏អាចស្វែងរកជំនួយពីអ្នកជំនាញដើម្បីរកបានវិធីសាស្រ្តល្អ ឬជំនួយពីបងប្អូនមិនភក្តិជាដើម។

៦. ផ្ដល់រង្វាន់ឱ្យខ្លួនឯងបន្ទាប់ពីអស់បំណុល៖ Tasha បានគូសបញ្ជាក់ថា ដើម្បីឱ្យការតាំងចិត្តកាន់តែឆាប់បានផល អ្វីដែលយើងគួរធ្វើខានមិនបាននោះគឺ ត្រៀមរង្វាន់សម្រាប់ខ្លួនឯងក្រោយពេលអស់បំណុល។ ជាក់ស្ដែងគាត់សន្យាជាមួយខ្លួនឯងថា នឹងទៅដើរលេងនៅអាហ្វ្រិកខាងត្បូង ក្រោយពេលអាចរកលុយដោះបំណុលអស់។ រឿងនេះជាកម្លាំងចិត្តធំណាស់ វានាំឱ្យគាត់ខំប្រឹងរកលុយ និងរក្សាទម្លាប់ចំណាយបានយ៉ាងល្អ រហូតអាចដោះបំណុល ថែមទាំងសល់លុយច្រើន ផ្លាស់ប្ដូរជីវភាពខ្លួនឯងឱ្យកាន់តែប្រសើរជាលំដាប់ និងមានស្ថេរភាពហិរញ្ញវត្ថុថែមទៀតផង៕​

អត្ថបទដោយ៖ សូ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia