លោកបណ្ឌិត តាន់ មុនីវណ្ណ បច្ចុប្បន្នជាអគ្គនាយករងនៃក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាដ៏មានប្រជាប្រិយភាពម្នាក់។ ជានិច្ចកាលលោកតែងលេចវត្តមានចែករំលែកចំណេះដឹងផ្សេងៗតាមរយៈសិក្ខាសាលា ឬឃ្លីបវីឌីអូជាដើម។
ក្នុងនាមជាសហគ្រិនកម្ពុជាប្រកបដោយភាពជោគជ័យមួយរូប និងឆ្លងកាត់ការធ្វើតេស្តសាកល្បងបុគ្គលិក ឬជ្រើសរើសបុគ្គលិកអស់ជាច្រើននាក់កន្លងមកនេះ លោកបានចែករំលែកលក្ខណសម្បត្តិមួយចំនួនរបស់បេក្ខជន ប្រសិនបើពួកគេមាន លោកមិនយកធ្វើជាបុគ្គលិកជាដាច់ខាត៖
លោកបណ្ឌិត តាន់ មុនីវណ្ណ បានលើកឡើងយ៉ាងដូច្នេះថា មានមនុស្សជាច្រើនដែលដាក់ពាក្យមកសុំចូលធ្វើការនៅក្នុងក្រុមហ៊ុនរបស់លោក ក៏ប៉ុន្តែមុននឹងលោកជ្រើសរើសយក ឬទទួលបុគ្គលនោះឲ្យចូលធ្វើការគឺលោកត្រូវពិនិត្យមើលពីលក្ខណសម្បត្តិ និងតម្រូវការរបស់បុគ្គលម្នាក់នោះជាមុនសិន។ ប្រសិនបើជីវភាពរបស់គាត់ខ្ពស់ពេក ឬក៏តម្រូវការរបស់គាត់ខ្ពស់ពេក ប៉ុន្តែមុខតំណែងដែលគាត់ចង់ចូលធ្វើការនោះទទួលបានប្រាក់ខែទាបក៏លោកមិនទទួលយកបុគ្គលនោះជាបុគ្គលោកដែរ មូលហេតុដោយសារប្រសិនបើតម្រូវការរបស់មនុស្សខ្ពស់ពេក ហើយចំណូលរបស់គាត់ទាប នោះមិនយូរមិនឆាប់ឡើយគឺគាត់ប្រាកដជាចាកចេញ។
វីធីសាស្ត្រមួយនេះល្អម្យ៉ាងដែរ ពីព្រោះគ្រប់អាជីវកម្ម ក្រុមហ៊ុន ក៏ដូចជាគ្រប់ស្ថាប័នានានា គឺតែងចង់ឲ្យបុគ្គលិករបស់ខ្លួនធ្វើការបានយូរអង្វែង មិនមែនទទួលជាបុគ្គលិកហើយបានតែ ២-៣ខែ បុគ្គលិកចេញចូលៗ ប្តូរផ្លាស់រហូតនោះអាជីវកម្ម ឬក្រុមហ៊ុនប្រាកដជាជួបហានិភ័យជាក់ជាមិនខាន ។
ជាមួយគ្នានេះដែរ លោកបណ្ឌិត តាន់ មុនីវណ្ណ បានចែករំលែក ៣ចំណុចសំខាន់ៗ ដែលសិស្សនិស្សិតគួរយកចិត្តទុកដាក់ និងត្រៀមខ្លួនទុកជាមុន ដើម្បីទទួលបានការងារល្អពេលរៀនចប់៖
១/. រៀនផងធ្វើការផង
មានសិស្សនិស្សិតមួយចំនួនតែងមើលរំលងពីចំណុចនេះ ដោយប្រើពាក្យទន្ទេញជាប់មាត់ថា ចាំរៀនចប់សិនទើបរកការងារធ្វើក៏មិនទាន់ហួសពេលដែរ។ តែដោយឡែកបើអ្នកមិនធ្វើការខ្លះទេ តើមានបទពិសោធន៍ឯណាទៅរកការងារដែលអ្នកស្រមៃចង់បាននោះ។ ក្នុងចំណុចនេះលោកបណ្ឌិត តាន់ មុនីវណ្ណបានលើកឡើងយ៉ាងដូច្នេហថា ពេលរៀនចប់បរិញ្ញាបត្រអត់បទពិសោធន៍មានន័យថា បុគ្គលនោះពិបាករកការងារធ្វើបាត់ទៅហើយ។ ការងារខ្លះមិនចាំបាច់ទាល់តែត្រូវជំនាញទើបទៅធ្វើកើតទេ គួរគិតថាធ្វើការដើម្បីយកបទពិសោធន៍ពីការលំបាកនៅកន្លែងធ្វើការ ដើម្បីថ្ងៃក្រោយក្លាយជាបុគ្គលដែលយើងមានបទពិសោធន៍ស្រាប់។ ហេតុនេះចូរអ្នកចាប់ការងារណាគិតថា អ្នកអាចធ្វើបាននឹងផ្តល់ជាប្រយោជន៍ល្អសម្រាប់ថ្ងៃខាងមុខ ដូចជាការងារស្ម័គ្រចិត្ត ការងារក្រៅម៉ោងជាដើម។
មិនតែប៉ុណ្ណោះកាលណាអ្នកប្រឡូកក្នុងវិស័យការងារនេះហើយ វាក៏អាចជាឱកាសឱ្យអ្នកសម្លឹងឃើញពីជ្រុងណាមួយនៃអាជីវកម្មក្នុងស្រុកប្រែខ្លួនក្លាយទៅជាសហគ្រិន ធ្វើការឱ្យខ្លួនឯងក៏ថាបាន។ ហេតុនេះហើយនិស្សិតគួរណាស់តែចាប់ផ្តើមរកការងារធ្វើចាប់ពីឆ្នាំទី២ឡើងទៅ កុំខ្វល់ថាការងារនោះត្រូវជាក់លាក់ជាមួយជំនាញដែលរៀនឬមិនត្រូវ តែប្រសិនបើមានការងារដែលត្រូវជាមួយជំនាញទៀតនោះកាន់តែប្រសើរ។
២/. ចេះរៀបចំCV
ការរៀបចំCV មានបុគ្គលមួយចំនួន មានសមត្ថភាពពូកែតែមិនសូវជាចេះរៀបចំCV ហើយអ្នកខ្លះគាត់មិនសូវជាមានជំនាញខ្លាំងក្លាប៉ុន្មានទេ តែបែរជារៀបចំCV បានយ៉ាងល្អ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត តាន់ មុនីវណ្ណ។ មូលហេតុនេះហើយ អ្នកក៏ត្រូវចេះរៀបចំCV តាមលក្ខណៈបែបផ្លូវការមួយដែលមានភាពទាក់ទាញផងដែរ ហើយដើម្បីងាយស្រួលសម្រាប់អ្នកដែលទើបតែរៀនធ្វើCV ដំបូងគួរតែសួរនាំពីអ្នកមានបទពិសោធន៍ដាក់ការងារ ឬស្រាវជ្រាវបន្ថែមតាមរយៈប្រព័ន្ធអ៊ីនធឺណេតដើម្បីយកគំរូទាំងនោះមកកែច្នៃជាក្លាយCV ដែលមានលក្ខណៈពេញលេញសម្រាប់អ្នក។
៣/. ត្រៀមខ្លួនជាមុន
ចំណុចសំខាន់ចុងក្រោយដែលអគ្គនាយករងក្រុមហ៊ុនម៉ុងឬទ្ធីគ្រុបរូបនេះបានលើកឡើងនោះគឺ ខណៈពេលដែលសិស្សនិស្សិតដាក់ពាក្យសម្ភាសន៍ការងារដំបូងៗតែងគិតថា មិនដឹងជាប់ឬធ្លាក់ ខ្លាចប៉ះចំអ្នកសម្ភាសន៍កាច ខ្លាចគេសួរសំណួរដែលពិបាកឆ្លើយជាដើម ។ តែអ្វីដែលអ្នកគួរធ្វើនោះគឺត្រូវមានភាពជឿជាក់លើខ្លួនឯងជាមុនសិន កុំភ័យ ប្រើទំនុកចិត្តបង្ហាញពីសមត្ថភាពផ្ទាល់ខ្លួនអ្នក។ ម្យ៉ាងវិញទៀតមុនថ្ងៃទៅសម្ភាសន៍ត្រូវគិតទុកមុនថា សំណួរអី្វខ្លះដែលគេនឹងត្រូវសួរអ្នក ហើយត្រូវឆ្លើយបែបណាឱ្យសមស្របទៅតាមគោលការណ៍ក្រុមហ៊ុនគេចង់បាន។
លើសពីនេះទៀត អ្នកត្រូវយល់ដឹងពីរបៀបស្លៀកពាក់ឱ្យបានសមរម្យ ការប្រើសម្តីពាក្យពេចន៍(របៀបនៃការនិយាយ) ជៀសវាងការយល់ច្រឡំពីភាពខ្វះចន្លោះណាមួយដែលកើតចេញមកពីការធ្វេសប្រហែសដោយមិនដឹងខ្លួន។ បន្ថែមជាមួយគ្នាដែរ កំឡុងពេលសម្ភាសន៍ត្រូវស្ដាប់សំណួរដែលគេសួរឱ្យបានច្បាស់ ទើបឆ្លើយតាមក្រោយ ហើយប្រសិនជា អ្នកសម្ភាសន៍ណាម្នាក់សួរត្រូវឆ្លើយដោយមានទំនុកចិត្តជាមួយកែវភ្នែកមើលទៅកាន់បុគ្គលនោះ។ តែសុំកុំនិយាយអ្វីឱ្យលើសពីសមត្ថភាពរបស់ខ្លួនហួសហេតុពេក ព្រោះអ្នកសម្ភាសន៍គេឆ្លងកាត់រឿងច្រើនជាងអ្នក ដូចនេះរបៀបរបបនៃការនិយាយស្តីមួយចំនួនគេអាចដឹងថាអ្នកនិយាយការពិត ឬកុហក៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366