អគារកម្ពស់ ៥៥៥ ម៉ែត្រ ដែលខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ នឹងត្រូវលេចរូបរាងឡើងនៅតំបន់អភិវឌ្ឍន៍កោះនរានាពេលខាងមុខ។ នេះបើតាមការបញ្ជាក់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នាពេលថ្មីៗកន្លងទៅ។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ” កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតីបានឲ្យដឹងថា គម្រោងអគារមួយនេះគឺជានិមិត្ដរូបនៃកម្ពុជា រួមទាំងសេដ្ឋកិច្ចប្រទេសផងដែរ ខណៈដែលសម្ដេចសង្ឃឹមថា អគារដ៏ខ្ពស់នេះនឹងលេចរូបរាងឡើងនៅកោះនរា។
“តាមខ្ញុំដឹងនៅទីនេះ(កោះនរា) គ្រោងធ្វើអគារមួយដែលខ្ពស់ជាងគេនៅក្នុងតំបន់ ដូចជាអគារ ៥៥៥ ម៉ែត្រ ដែលគ្រោងធ្វើនៅហ្នឹង ។ សង្ឃឹមថានឹងបានចេញជារូបរាងនៅទីនេះ មិនត្រឹមតែខ្ពស់នៅក្នុងកម្ពុជា គឺខ្ពស់នៅក្នុងថែមទៀត អ៊ីចឹងមានន័យថាលេចបានទៅហើយ ឥឡូវជប់ឡើងវិញ ហើយតិចទៀតជានិមិត្ដរូបនៃកម្ពុជាផង និងសេដ្ឋកិច្ចរបស់យើងផង”។ ប្រសាសន៍របស់ស្ដេចធិបតីនាយករដ្ឋមន្ដ្រី។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងដែរថា ការតភ្ជាប់ស្ពានបេតុងខ្សែកាបកោះនរា រួមផ្សំគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតនាពេលអនាគត ហើយសេដ្ឋកិច្ចប៉ែកខាងកើតនៃរាជធានីភ្នំពេញ ពោលគឺនៅផ្លូវជាតិលេខ១ នឹងត្រូវបានជំរុញឱ្យងើបឡើងយ៉ាងឆាប់រហ័ស៕