បច្ចុប្បន្នយើងឃើញថា កម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកវិនិយោគគម្រោងរោងចក្រ ដោយគម្រោងទាំងនោះបានសម្រុកទៅតាមខេត្ត-ក្រុងនានា ក្នុងប្រទេសកម្ពុជា។ ហើយក្នុងនោះខេត្តតាកែវ ក៏ជាខេត្តលំដាប់ទី៤ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាលផងដែរ។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ការលើកឡើងរបស់ឯកឧត្តមធ្វើឡើងក្នុងជំនួបសំណេះសំណាលជាមួយកម្មករនិយោជិតនៅក្នុងស្រុកបាទី ខេត្តតាកែវ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋាមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញនេះ។
ឯកឧត្តមបានបន្តថា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ បានឱ្យដឹងថា រោងចក្រ សហគ្រាសត្រូវបានពង្រាយទៅតាមបណ្ដាខេត្តផ្សេងទៀតស្ទើរទូទាំងប្រទេស ដែលគិតត្រឹមខែមិថុនា ឆ្នាំ២០២៣នេះ រោងចក្រ សហគ្រាសបានកើនឡើងដល់ ១៧,២៥១ និងមានកម្មករនិយោជិតចំនួន ១.៥លាននាក់។
ក្នុងនោះ រោងចក្រ សហគ្រាសក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតធ្វើដំណើរនិងកាបូបមានចំនួន ១,៣៣២ និងមានកម្មករនិយោជិតសរុបប្រមាណ៨៤ម៉ឺននាក់ ដោយផ្ដល់ចំណូលប្រចាំឆ្នាំប្រមាណជិត ៣ពាន់លានដុល្លារអាមេរិក។
ជាក់ស្តែង នៅខេត្តតាកែវ មានរោងចក្រ-សហគ្រាសសរុបចំនួន ២៣៣ និងមានកម្មករនិយោជិតសរុបប្រមាណ៧ម៉ឺននាក់ ដែលផ្តល់ប្រាក់ឈ្នួលសរុបប្រមាណ ២០៩លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។ ក្នុងនោះគ្រាន់តែវិស័យកាត់ដេរមួយមុខ មានរោងចក្រ សហគ្រាសចំនួន ៦៦ និងប្រើកម្លាំងកម្មករនិយោជិតសរុបប្រមាណ៦ម៉ឺននាក់ និងបានផ្តល់ប្រាក់ឈ្នួលសរុបជាង ១៨២លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕