ដួលបន្តគ្នា! ក្រុមហ៊ុនអចលនទ្រព្យចិនធំ១ទៀត ប្រកាសការពារក្ស័យធន ជាមួយបំណុ.លជាង ១៣៧ពា.ន់លា.ន$
SOKLY SOSEPTEMBER 25 2023586 views

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេមួយរបស់ប្រទេសចិន Sunac បានដាក់ពាក្យសុំការពារការក្ស័យធននៅក្នុងសហរដ្ឋអាមេរិក ក្រោយពេលម្ចាស់បំណុលមួយផ្នែកធំរបស់ខ្លួន បានយោគយល់និងអនុគ្រោះឱ្យមានការរៀបចំរចនាសម្ព័ន្ធបំណុលដែលមានតម្លៃជិត ១០ពាន់ដុល្លារឡើងវិញ។

 

ប្រភពពី CNN បានឱ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០២៣ Sunac គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី១០របស់ប្រទេសចិន ប៉ុន្តែកាលពីឆ្នាំ២០២២ ក្រុមហ៊ុនមួយនេះ ជាប់ចំណាត់ថ្នាក់ទី៣ ជាក្រុមហ៊ុនវាតទីលើវិស័យអចលនទ្រព្យធំបំផុតរបស់ចិន។

 

មូលហេតុធំបំផុតនៅពីក្រោយការដាក់ពាក្យសុំសិទ្ធិការពារក្ស័យធនទៅកាន់តុលាការអាមេរិករបស់ Sunac គឺបណ្ដាលមកពី វិបត្តិបំណុល ដែលក្រុមហ៊ុនមួយនេះមិនអាចដោះស្រាយបាន។ របាយការណ៍ចុងក្រោយបានបង្ហាញឱ្យឃើញថា នៅចុងឆ្នាំ២០២២ ក្រុមហ៊ុន Sunac មានបន្ទុកបំណុលសរុបចំនួន ១ពាន់ពាន់លានយន់ (១៣៧.៦ពាន់លានដុល្លារ) ទន្ទឹមនឹងនោះការលក់ក៏បានបន្តធ្លាក់ចុះរហូតដល់ទៅ ៥០% ។

 

ជាក់ស្ដែងវាសនារបស់ Sunac ដូចទៅនឹងអ្នកអភិវឌ្ឍន៍អចលនទ្រព្យរបស់ចិនជាច្រើនទៀតដែរ ខណៈពួកគេកំពុងប្រឈមនឹងវិបត្តិសាច់ប្រាក់កាន់តែធ្ងន់ធ្ងរទៅៗ ជាមួយនឹងការធ្លាក់ចុះនៃការលក់នៅក្នុងទីផ្សារអចលនទ្រព្យ បានធ្វើឱ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនមិនអាចសងបំណុលគេបាន។​

 

យ៉ាងណាមិញឱកាសរស់ក្នុងគ្រោះនៅតែមាន ក្រុមហ៊ុន Sunac បានធូរខ្លួនបន្ទាប់ពីទទួលបានការយល់ព្រមពីម្ចាស់បំណុលជាង ២,០០០ ដើម្បីរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញចំនួន ៩.៩ពាន់លានដុល្លារ និងទូទាត់ការប្រាក់ដែលជំពាក់អ្នកវិនិយោគនៅខាងក្រៅប្រទេសចិន។

 

គួររំលឹកផងដែរ Sunac គឺជាក្រុមហ៊ុនចិនធំទី២ហើយ ដែលរងទុក្ខព្រោះវិបត្តិបំណុល និងដាក់ពាក្យការពារក្ស័យធននៅមួយរយៈពេលចុងក្រោយនេះ ខណៈអ្នកដំបូងគេគឺ ក្រុមហ៊ុន Evergrande ដែលបានដាក់ពាក្យការពារក្ស័យធនកាលពីជាង១ខែមុន ក្រោយរងការខាតបង់ចំនួន ៨១ពាន់លានដុល្លារ៕

 

អត្ថបទដោយ៖ សូ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia