ក្រុមហ៊ុន Sun Fair Garment Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Marvel Garment Co., Ltd បានកំពុងសាងសង់អគាររោងចក្ររបស់ខ្លួននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ និងគ្រោងជ្រើសរើសកម្មករនិយោជិតប្រមាណ ៨ ពាន់នាក់ចូលបម្រើការនាពេលខាងមុខ។
យោងតាមការបញ្ជាក់ពីឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានអញ្ជើញបំពេញទស្សនកិច្ចបណ្តាក្រុមហ៊ុនមួយចំនួនក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា ក្រុមហ៊ុន Sun Fair Garment Co., Ltd. នេះកំពុងសាងសង់អាគាររោងចក្រ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗលើទំហំផ្ទៃដីជាង ៤០ហិកតា និងគ្រោងជ្រើសរើសកម្មករនិយោជិតប្រមាណ ៨ ពាន់នាក់ ចូលមកបម្រើការងារនៅក្នុងក្រុមហ៊ុនខ្លួន។
ឯកឧត្ដមបញ្ជាក់បន្ដថា Sun Fair Garment Co., Ltd. ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Marvel Garment Co., Ltd. ដែលបានវិនិយោគលើការកាត់ដេរសម្លៀកបំពាក់ល្បីៗដូចជាម៉ាក ណៃគី(Nike) ប៉ូឡូ(Polo) ពូម៉ា(Puma) និងលូលូឡេម៉ុន(Lululemon) ជាដើម។ ដោយក្រុមហ៊ុននេះបានចាប់ដំណើរការវិនិយោគ ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងទុនវិនិយោគប្រមាណ ២៥០លានដុល្លារអាមេរិក លើផ្ទៃដីទំហំ ៤៥ហិកតា និងបានបង្កើតការងារបានចំនួន ១៣.៣០០កន្លែង។
សូមជម្រាបផងដែរថា គិតមកដល់ពេលបច្ចុប្បន្ននេះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ មានគម្រោងវិនិយោគសរុបចំនួន ១៣៩គម្រោង ដែលមានមុខសញ្ញាវិនិយោគសំខាន់ៗដូចជា៖ ការផលិតសម្ភារៈបរិក្ខារអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត ខ្សែអគ្គិសនី បន្ទះសូឡា បរិក្ខារពេទ្យ កែច្នៃពេជ្រ បរិក្ខារសាងសង់ គ្រឿងសំអាង ចំណីអាហារនិងភេសជ្ជៈ ចំណីសត្វ ផលិតផលស្បែក សម្លៀកបំពាក់ និងស្បែកជើងជាដើម។ បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានផ្តល់ការងារជូនដល់កម្មករនិយោជិតចំនួនប្រមាណ ៣៨.៥០០កន្លែង៕