សញ្ញាណល្អ! សហរដ្ឋអាមេរិកនឹងជំរុញឲ្យក្រុមហ៊ុនធំៗចំនួន ៦ នេះមកវិនិយោគនៅកម្ពុជា
Bunthoeun KoemFEBRUARY 28 20231.6 K views

ជាសញ្ញាណល្អសម្រាប់កម្ពុជា ខណៈថ្មីៗនេះសហរដ្ឋអាមេរិកបានសន្សាថា នឹងជំរុញឲ្យក្រុមហ៊ុន និងអ្នកវិនិយោគិនរបស់ខ្លួនមកវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើនថែមទៀត។ នេះបើយោងតាមការចុះផ្សាយពីក្រសួងសាធារណការ និងដឹកជញ្ចូន ។

ជាក់ស្ដែងនៅកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិច-អាស៊ាន (US-ASEAN Business Council – US-ABC) ដឹកនាំដោយ ឯកឧត្តម ឯកអគ្គរដ្ឋទូត Michael Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ និងសមាជិក US-ABC  រួមមាន ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន Ford ក្រុម RMA Group ក្រុមហ៊ុន Pfizer ក្រុមហ៊ុន Visa ក្រុមហ៊ុន Vriens & Partners បានជួបពិភាក្សាការងារជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន។

នៅក្នុងជួបនោះឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម នៅតែជាយុទ្ធសាស្រ្តចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ជាខ្លាំង។ ជាក់ស្តែងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលកំពុងបើកដំណើរការគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលបានបញ្ចប់ការសិក្សា ហើយគ្រោងនឹងបើកការដ្ឋាននៅពាក់កណ្តាលឆ្នាំ២០២៣ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ដែលនឹងរៀបចំធ្វើការសិក្សា ព្រមទាំងគម្រោងលើកកម្រិតផ្លូវរថភ្លើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលរាជរដ្ឋាភិបាលជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្លឿន និងស្វែងរកដៃគូវិនិយោគលើកិច្ចការងារនេះ។

ឆ្លងតបទៅនឹងការលើកឡើងពីឯកឧត្តមទេសរដ្ឋមន្ត្រី សមាជិកសមាជិកា នៃគណៈប្រតិភូ US-ABC តំណាងក្រុមហ៊ុនធំៗចំនួន ០៦ ក្រុមហ៊ុន ដែលមានវត្តមាននាឱកាសនេះ បានសម្តែងនូវការគាំទ្ររបស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានសន្យាជំរុញឱ្យក្រុមហ៊ុន ក៏ដូចជាវិនិយោគិនរបស់អាមេរិក មកដាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានច្រើនថែមទៀត ដើម្បីផ្ទេរក៏ដូចជាចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត៕

Photo 2023 02 28 15 16 13

អត្ថបទដោយ៖ ឌឿក ស្រី នុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia