គម្រោងធំ១តម្លៃ ២៤ លានដុល្លារនៅខេត្ដបន្ទាយមានជ័យ សម្រេចការសាងសង់បាន ៨០ ភាគរយហើយ
Bunthoeun KoemFEBRUARY 19 2023512 views

គម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដែលមានតម្លៃប្រមាណ ២៤ លានដុល្លារ សម្រេចបាន ៨០ភាគរយហើយ។ នេះយោងតាមការបញ្ជាក់ពីឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យនៅក្នុងទំព័រហ្វេសប៊ុកកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្ដមអភិបាលខេត្ដបានលើកឡើងថា គម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ខាងលើនេះមានដូចជា៖ អគារច្រកទ្វារអន្តរជាតិ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ អគារអន្តេវាសិកដ្ឋាន ចំណតផ្ទេរផ្ទុកទំនិញ ឃ្លាំង និងទីលានកុងតឺន័រផងដែរ។

329341370 1304585330102542 929156885881540288 N

ឯកឧត្ដមបន្ដថា កាលពីពេលថ្មីៗនេះ លោក យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ទឹងបត់ ដែលដឹកនាំកិច្ចប្រជុំពិភាក្សាជា ជាមួយគណៈប្រតិភូមកពីធនាគារពិភពលោក បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុនទីប្រឹក្សាគម្រោងធ្វើបទបង្ហាញជូនអង្គប្រជុំឱ្យបានជ្រាបពីព័ត៌មានសំខាន់ៗរួមមានដូចជា៖ ១-ប្លង់ទិដ្ឋភាពរួមនៃគម្រោងទាំងមូល, ២-វិសាលភាពនៃផ្ទៃដីទីតាំងគម្រោង, ៣-ទំហំការងារ, ៤-លំហូរនៃការពិនិត្យយានយន្តឆ្លងដែន, ៥-បែបបទសម្រាប់យានយន្តចូល និង ៦-បែបបទសម្រាប់យានយន្តចេញ។

បន្ទាប់ពីបានពិនិត្យលើបទបង្ហាញ និងវឌ្ឍនភាពការងារនានាទាក់ទងនឹងគម្រោងខាងលើ ធនាគារពិភពលោកបានលើកឡើងពីនីតិវិធី និងការសម្របសម្រួលការដឹកជញ្ជូនទំនិញ និងអ្នកដំណើរឆ្លងកាត់តាមព្រំដែន តាមរយៈការអនុវត្តអនុស្សរណៈ និងកិច្ចព្រមព្រៀងផ្សេងៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការដឹកជញ្ជូននៅក្នុងប្រទេស និងតំបន់។

329885749 449952727266497 7542410625105872688 N

បន្ថែមពីលើនេះ លោក យិត បុណ្ណា បានពន្យល់បន្ថែមអំពីចក្ខុវិស័យនៃគម្រោងដែលក្រសួងរំពឹងថា បន្ទាប់ពីគម្រោងនេះដាក់ឱ្យដំណើរការ តំបន់ប៉ោយប៉ែតនឹងប្រែក្លាយជាតំបន់អភិវឌ្ឍន៍មួយយ៉ាងខ្លាំង ជាមជ្ឈមណ្ឌលស្តុក និងចែកចាយទំនិញ និងជាតំបន់សេដ្ឋកិច្ចពិសេស ដែលបង្កើតជាសក្តានុពលរូបវ័ន្តដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់គម្រោងវិនិយោគនានាក្នុងស្រុក និងក្នុងប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ។គូសបញ្ជាក់ថា ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូអញ្ជើញមកពីធនាគារពិភពលោក (World Bank) លើកម្មវិធីគាំទ្រសម្របសម្រួលពាណិជ្ជកម្មកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីប្រព័ន្ធលំហូរឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ តាមរបត់ SSI (Sensitive Security Information)។

គួរម្លឹកថាគម្រោងខាងលើនេះ កំពុងសាងសង់ដោយក្រុមហ៊ុន CM Grand Development Co.,Ltd & Tan Kim Eng Co.,Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Team Consulting Engineering and Management PLC ដោយចំណាយថវិកាប្រមាណ ២៤លានដុល្លារ (ឬ ៨៣៥ ២៥០ ១៦៨បាត) ក្រោមឥណទានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង (NEDA)។

ក្រោយបើកឱ្យដំណើរការ ច្រកព្រំដែនថ្មីនេះ នឹងបើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្ម ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរណ៍រវាងប្រទេសទាំងពីរ៕

អត្ថបទ៖ កឹម ប៊ុនធឿន

331308288 699557298616566 8864623545617981116 N

331305752 1344001023117415 8782224528846009326 N

331261850 876687450252949 6729068691171817019 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia