ជិតមករៀននៅភ្នំពេញ កុំភ័យ! ៣ វិធីនេះ សម្របខ្លួនតាមវប្បធម៌ទីក្រុង រកលុយផង រៀនផង ដោយមិនប៉ះពាល់ការសិក្សា
Bunthoeun KoemAUGUST 4 202621 views

នៅសល់ប៉ុន្មានថ្ងៃទៀត ដល់ពេលត្រូវប្រលងបាក់ឌុបហើយ។ ហើយក៏អបអរសាទរទុកជាមុនសម្រាប់ប្អូនៗដែលទទួលបានលទ្ធផលល្អ ហើយបន្តជំហានចូលផ្លូវជីវិតថ្មី ដោយការឡើងមកភ្នំពេញបន្តការសិក្សា។ ក្នុងនាមជានិស្សិតផង និងអាចធ្វើការក្រៅម៉ោងរកចំណូលបន្ថែមផង គឺជាបទពិសោធន៍ដ៏អស្ចារ្យមួយដែលនឹង លត់ដំស្មារតីដូចជាដែក ដើម្បីឲ្យក្លាយជាមនុស្សរឹងមាំ និងមានសមត្ថភាពខ្ពស់។

 

ដូច្នេះ ដើម្បីសម្របខ្លួនបានឆាប់ និងអាចរៀនផង ធ្វើការផងដោយជោគជ័យ ចូរអនុវត្តតាមវិធីសាស្ត្រខាងក្រោមនេះ៖

 

១. ការសម្របខ្លួនតាមវប្បធម៌ទីក្រុង

 

បើកចិត្តរៀនសូត្រ ប៉ុន្តែកុំបាត់បង់អត្តសញ្ញាណខ្លួនឯង ព្រោះទីក្រុងមានមនុស្សចម្រុះ និងរបៀបរស់នៅជឿនលឿន។ ចូររៀនសូត្ររឿងល្អៗពីគេ (ដូចជាភាពទាន់សម័យ ការប្រើប្រាស់បច្ចេកវិទ្យា) ប៉ុន្តែកុំព្យាយាមផ្លាស់ប្តូរខ្លួនឯងរហូតដល់ភ្លេចប្រភពដើម ឬចាយវាយហួសសមត្ថភាពដើម្បីតែតម្រូវចិត្តអ្នកដទៃ។

 

ប្រការប្រុងប្រយ័ត្ន និងសុវត្ថិភាពផ្ទាល់ខ្លួន៖ ពេលធ្វើដំណើរ ត្រូវប្រយ័ត្នប្រយែងកាបូប និងទូរស័ព្ទ (ជាពិសេសពេលជិះកង់បី ឬដើរតាមផ្លូវ)។ ជ្រើសរើសមិត្តភក្តិដែលបបួលគ្នារៀន និងកសាងអនាគត ចៀសវាងការសេពគប់មិត្តភក្តិដែលបបួលតែដើរលេងយប់ព្រលប់ វាមិនសូវល្អប៉ុន្មានទេ នាំតែចំណាយលុយអស់ច្រើន ប៉ះពាល់សុខភាពផងដែរ។

 

បង្កើតទំនាក់ទំនងល្អ៖ ចូលរួមសកម្មភាពសង្គម ឬក្លឹបសិក្សានៅសាកលវិទ្យាល័យ ដើម្បីស្គាល់រៀមច្បង និងមិត្តភក្តិថ្មីៗ។ ពួកគាត់អាចជាអ្នកជួយណែនាំការងារ ឬឱកាសល្អៗដល់អ្នកនៅថ្ងៃមុខ។

 

២. ការរ៉ាប់រង រៀនផង ធ្វើការរកលុយផង

 

ដើម្បីកុំឲ្យការធ្វើការងារប៉ះពាល់ដល់លទ្ធផលសិក្សា អ្នកត្រូវមានយុទ្ធសាស្ត្រច្បាស់លាស់៖

 

ជ្រើសរើសប្រភេទការងារឲ្យត្រូវ៖ ការងារក្រៅម៉ោង ដូចជាធ្វើការនៅបណ្ណាគារ ហាងលក់អីវ៉ាន់ (Mart) ហាងកាហ្វេ ជំនួយការការិយាល័យ ឬការងារ Freelance សរសេរអត្ថបទ ឬរចនារូបភាព (Graphic Design) ដែលអាចធ្វើតាមកុំព្យូទ័របាន។ ប្រសិនបើអ្នកពូកែមុខវិជ្ជាណាមួយ (ដូចជា៖ គណិតវិទ្យា អង់គ្លេស ឬរូបវិទ្យា) ការទទួលបង្រៀនសិស្សតូចៗនៅពេលល្ងាច ឬចុងសប្តាហ៍តាមផ្ទះ ទទួលបានប្រាក់កម្រៃល្អ និងមិនសូវចំណាយពេលច្រើន។ មួយវិញទៀត សាលាមួយចំនួន ក៏មានការងារ ដូចជាជំនួយការបណ្ណាល័យ ឬជំនួយការរដ្ឋបាលសម្រាប់និស្សិតជាដើម។ វាជួយសន្សំសំចៃថ្លៃធ្វើដំណើរ និងត្រូវតាមម៉ោងសិក្សាស្រាប់។

 

៣. រូបមន្តគ្រប់គ្រងពេលវេលា កុំឲ្យបាក់កម្លាំង ឬធ្លាក់ការរៀន

 

អាទិភាពទី ១ គឺការសិក្សា។ ត្រូវចាំថា អ្នកឡើងមកភ្នំពេញដើម្បីរៀន ដូច្នេះនៅពេលជ្រើសរើសការងារត្រូវអ្វីដែលអ្នកចូលចិត្ត អ្នកគួរមានការព្រមព្រៀងជាមួយថៅកែ ឬអ្នកគ្រប់គ្រងក្រុមហ៊ុន រួចបែងចែកអំពីម៉ោងសិក្សារបស់អ្នកឲ្យបានច្បាស់លាស់។

 

ធ្វើកាលវិភាគប្រចាំសប្តាហ៍៖ បែងចែកម៉ោងឲ្យច្បាស់ រវាង ម៉ោងរៀន ម៉ោងធ្វើការ ម៉ោងធ្វើកិច្ចការផ្ទះ ឬស្រាវជ្រាវ និងម៉ោងគេង។ កុំទុកកិច្ចការសាលា (Assignment) រហូតដល់ថ្ងៃផុតកំណត់ (Deadline) ទើបធ្វើ ព្រោះវាធ្វើឲ្យអ្នកស្ត្រេសខ្លាំង ព្រោះត្រូវធ្វើការងារក្រៅម៉ោងផង។ ចេះបដិសេធការណាត់ជួប ឬការដើរលេងណាដែលមិនចាំបាច់ ប្រសិនបើអ្នកមានកិច្ចការសាលាត្រូវប្រគល់ឲ្យគ្រូ ឬត្រូវប្រលង។ ចេះថែរក្សាសុខភាព ព្រោះការរៀនផង ធ្វើការផង ត្រូវការកម្លាំងចិត្ត និងកម្លាំងកាយខ្លាំង។ ត្រូវគេងឲ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់ ៦ ទៅ ៧ ម៉ោង និងហូបបាយឲ្យទៀងពេល ព្រោះបើអ្នកឈឺ នោះទាំងការរៀន និងការងារនឹងត្រូវខកខានទាំងអស់។

 

គួរបញ្ជាក់ថា វ័យនៅក្មេងបែបនេះ ដំបូងៗវាអាចនឹងហត់ និងមានអារម្មណ៍ថាប្លែកបន្តិច ប៉ុន្តែនៅពេលអ្នកសម្របខ្លួនបាន ៣ ទៅ ៦ ខែ អ្នកនឹងមានមោទនភាពចំពោះខ្លួនឯង ដែលអាចឈរជើងដោយឯករាជ្យបាននៅទីក្រុង អាចរកការងារដែលល្អធ្វើដោយខ្លួនឯង ដោយបង្ហាញឲ្យឪពុកម្ដាយនៅស្រុកបានឃើញថា ពេលនេះអ្នកធំពេញវ័យហើយ និងចេះគិតគូរពីអនាគតដោយខ្លួនឯងហើយ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia