ការសិក្សានៅទីក្រុងចាំបាច់ត្រូវចំណាយច្រើន ជាពិសេសយុវសិស្សដែលមកពីជនបទដូចជា ថ្លៃសាលារៀន ថ្លៃស្នាក់នៅ ការហូបចុក មធ្យោបាយធ្វើដំណើរ និងថ្នាំសង្កូវជាដើម ដែលជាហេតុបង្កការលំបាកខ្លាំងដល់សិស្សមានជីវភាពខ្សត់ខ្សោយ។ ជុំវិញបញ្ហានេះ Business Cambodia សូមលើកបង្ហាញរឿងធំៗ ៣ ដែលសិស្ស-និស្សិត គួរធ្វើពេលមករៀននៅភ្នំពេញដោយមិនខ្ចីសុំលុយអ្នកផ្ទះសូម្បីតែមួយរៀល និងកសាងខ្លួនក្លាយជាមនុស្សរឹងមាំទៀតផង៖
១/. អាហារូបករណ៍៖ អាហារូបករណ៍ពិតជាមានសារសំខាន់ណាស់ វាអាចជួយសម្រួលលើថ្លៃការសិក្សារបានមួយផ្នែកធំដោយប្អូនៗមិនចាំបាច់មានការព្រួយបារម្ភខ្លាំងចំពោះថ្លៃសិក្សានោះទេ ខណៈវាបានកាត់បន្ថយកញ្ចប់ចំណាយមួយផ្នែកធំ។
ហេតុដូចនេះចូលកុំបង្អែបង្អង់យូរ ប្អូនៗគប្បីស្វះស្វែងរកឱកាសទទួលបានអាហារូបករណ៍ឥឡូវនេះទៅលើជំនាញដែលខ្លួនមានបំណងចង់សិក្សារៀនសូត្របន្តនៅថ្នាក់ឧត្តមសិក្សា។ ប៉ុន្តែមុននឹងសម្រេចចិត្តជ្រើសរើសអាហារូបករណ៍ណាមួយ ប្អូនៗត្រូវធ្វើកាសិក្សាព័ត៌មានឲ្យបានល្អិតល្អន់ និងព្យាយាមស្វែងរកអាហារូករណ៍ឲ្យបានច្រើនប្រភពរួចធ្វើការប្រៀបធៀបគ្នាក្នុងគោលបំណងងាយស្រួលធ្វើការវាយតម្លៃថាតើមួយណាដែលមានភាពស័ក្តិសមសម្រាប់ខ្លួនជាងគេ។ ខាងក្រោមគឺជាទំព័រហ្វេសបុក និងវេបសាយ ដែលអាចស្វែងរកអាហារូបករណ៍៖
២/. រកការងារក្រៅម៉ោង ឬ ពេញម៉ោង៖ យើងមិនអាចផ្គត់ផ្គង់ការចំណាយបានទេប្រសិនណាយើងពុំមានប្រភពចំណូល។ បើទោះបីជាការចំណាយត្រូវបានកាត់បន្ថយមួយផ្នែកធំតាមរយៈការទទួលបានអាហារូបករណ៍ដោយមិនចាំបាច់បង់ថ្លៃសិក្សាក៏ពិតមែន ប៉ុន្តែសកម្មភាពរស់នៅប្រចាំថ្ងៃនៅតែតម្រូវឲ្យធ្វើការចំណាយដដែល។
ដើម្បីគ្រប់គ្រងស្ថានភាពនេះដោយខ្លួនឯងពុំចាំបាច់សុំជំនួយពីអ្នកផ្ទះ នៅពេលប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិភ្លាម ប្អូនៗត្រូវសំម្លឹងមើលឱកាសការងារក្រៅម៉ោង ឬពេញម៉ោងដែលមិនប៉ះពាល់ដល់ការសិក្សា។ វាអាចនឹងពិបាកឬជារឿងថ្មីសម្រាប់ប្អូនៗ ប៉ុន្តែវាគឺជាផ្លូវមួយដែលនឹងដឹកនាំយើងទៅកាន់ភាពល្អប្រសើរ ព្រោះប្អូនៗមានឱកាសទទួលបានប្រាក់ខែដែលអាចជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃបាន ហើយថែមទាំងអាចក្រេបជញ្ជក់នូវបទពិសោធន៍ជាក់ស្តែងថែមទៀតផង។ ខាងក្រោមគឺជាទំព័រហ្វេសបុក និងវេបសាយ ដែលអាចស្វែងរកការងារ៖
៣/. រៀបចំកញ្ចប់ថវិកា៖ បន្ទាប់ពីទទួលបានការងារដែលជាប្រភពចំណូលមួយហើយ ប្អូនៗត្រូវរៀបចំកញ្ចប់ថវិកាដោយបែងចែកលុយដែលរកបាននោះជាផ្នែកៗដូចជាសម្រាប់ កញ្ចប់ចំណីអាហារ កញ្ចប់ស្នាក់នៅ កញ្ចប់ថ្នាំសង្កូវ និងកញ្ចប់កម្សាន្តជាដើម និងធ្វើការសិក្សាពីការចំណាយឲ្យបានច្បាស់លាស់ថាតើជាមធ្យមប្អូនៗចាយវាយអស់ប៉ុន្មានក្នុងរយៈពេលមួយខែ។ ព្យាយាមធ្វើយ៉ាងណាឲ្យចំណូល និងការចំណាយមានតុល្យភាព ប្រសិនបើអាចគួរកាត់បន្ថយការចំណាយណាដែលមិនមានភាពចាំបាច់ចោលខ្លះ។ សម្រាប់ប្អូនៗដែលមិនទទួលបានឱកាសអាហារូបករណ៍ក៏អាចអនុវត្តបានដូចគ្នា ប៉ុន្តែអាចនឹងលំបាកបន្តិចព្រោះខ្ទង់នៃការចំណាយអាចខ្ពស់ជាងប្អូនៗដែលទទួលបានអាហារូបករណ៍។
ជាមួយគ្នានេះដែរ ពេលវេលានៃការចាប់ផ្តើមបើកទំព័រថ្មីនៃវិថីជីវិតនៅថ្នាក់ឧត្តមសិក្សាមិនមានភាពងាយស្រួលប៉ុន្មានទេ វាអាចនឹងជួបបញ្ហាជាច្រើន ឬរឿងរ៉ាវដែលប្អូនៗមិនធ្លាប់បានជួបកន្លងមក។ ប៉ុន្តែប្អូនៗត្រូវចងចាំក្នុងចិត្តថាឧបសគ្គ និងសមិទ្ធផលដែលប្អូនៗបានកសាងនៅពេលនេះគឺជាមូលដ្ឋានគ្រឹះនៃជីវិតរឹងមាំ ហើយវានឹងធ្វើឲ្យប្អូនៗមានមោទកភាពនៅពេលដែលប្អូនៗក្រឡេកមកមើលអ្វីដែលប្អូនៗបានឆ្លងកាត់នាពេលកន្លងមក៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook