គិតត្រឹមឆ្នាំ២០២៣នេះ ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ដែលត្រូវប្រជាជនកម្ពុជាភាគច្រើនស្គាល់ថាជា ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងបញ្ញើអីវ៉ាន់ឈានមុខគេមួយនៅកម្ពុជាបានពង្រីកខ្លួនបាន ៨៥១សាខានៅទូទាំងប្រទេសខ្មែរ ថៃ និងវៀតណាម។
បើតាមអ្វីដែល លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស លោកធ្លាប់បានថ្លែងប្រាប់ក្រុមការងារ Business Cambodia អំពីគោលការណ៍រកស៊ីរឹងមាំចំនួន៥ ដែលធ្វើឱ្យលោកអាចដឹកនាំអាជីវកម្មឱ្យរីកចម្រើនពីតូចរហូតរីកចម្រើនដល់ចំណុចបច្ចុប្បន្នរួមមាន៖
១. ការតាំងចិត្តធ្វើជាអ្នកជំនួញពិតប្រាកដ
ឆន្ទៈនៃអ្នកជំនួញដែលជោគជ័យគឺគាត់មានការតាំងចិត្ត មានភាពក្លាហានមោះមុតលើអ្វីដែលខ្លួនកំពុងធ្វើបំផុត។ ប្រសិនបើមានក្ដីស្រមៃចង់ក្លាយជាអ្នកជំនួញម្នាក់ពិតប្រាកដហើយ អ្នកត្រូវមុជឱ្យជ្រៅ ទៅឱ្យឆ្ងាយ លូកឱ្យកប់ លើអ្វីដែលខ្លួនកំពុងធ្វើ។
ការតាំងចិត្តចង់ក្លាយជាអ្នកជំនួញពិតប្រាកដម្នាក់ វានឹងធ្វើឱ្យអ្នកមានភាពអត់ធ្មត់ តស៊ូ និងហ៊ានក្រាញននៀលជាមួយបញ្ហារាប់រយជំពូកបានយូរបំផុត រហូតដល់ដែលអ្នកអាចឆ្លងផុតស្រមោលខ្មៅ សម្រេចរាល់គោលដៅដែលអ្នកប៉ង។
២. ស្គាល់ច្បាស់ពីអាជីវកម្មខ្លួនឯងកំពុងធ្វើ
គេថា “ស្គាល់ខ្លួនឯងច្បាស់ស្គាល់ពីសត្រូវច្បាស់ ចេញច្បាំង១ពាន់ដង ឈ្នះទាំង១ពាន់ដង”។ ទន្ទឹមនឹងនេះដែរ ក្នុងការរកស៊ីអ្នកក៏ត្រូវដឹងច្បាស់ដូចថ្ងៃ ពីអាជីវកម្មដែលអ្នកកំពុងធ្វើផងដែរ ទើបអត្រាភាគរយជោគជ័យមានច្រើន ជំនឿជាក់ខ្លួនឯងកាន់តែកើន ថាមពលផ្លូវចិត្តកាន់តែធ្ងន់ យីអ៊ុនរកស៊ីក៏ឡើងកាន់តែខ្ពស់។ ការស្គាល់ច្បាស់ពីគោលដៅអាជីវកម្ម គោលបំណងនៃជំនួញ ឱកាស ការគម្រាមកំហែង និងបញ្ហាប្រឈមនានាច្បាស់លាស់ នោះវានឹងធ្វើឱ្យអាជីវកម្ម បោះជំហានឈានឆ្ពោះទៅរកភាពរីកចម្រើនកាន់តែលឿនរហ័ស។
៣. ការតាំងចិត្ត និងការលះបង់ខ្ពស់
បើតាមប្រសាសន៍របស់លោកឧកញ៉ា “ការរកស៊ីជោគជ័យគឺទាមទារការតាំងចិត្ត និងការលះបង់ខ្ពស់ណាស់ ជាពិសេសគឺការចាប់ផ្ដើមអាជីវកម្មនៅគ្រាដំបូង។ ពេលខ្លះត្រូវចំណាយពេលវេលាស្ទើរតែទាំងស្រុងជាមួយមុខជំនួញ មិនសូវមានពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនឯង ឬសម្រាប់គ្រួសារផងក៏មាន ប៉ុន្តែបញ្ហាគ្មានពេលវេលានេះ ត្រឹមជាបញ្ហាបណ្ដោះអាសន្ននោះទេ”។
៤. ការជំរុញ និងលើកទឹកចិត្ត
ក្នុងការធ្វើជំនួញ គឺប្រឈមនឹងបញ្ហាច្រើនខ្លាំងណាស់ ព្រោះក្នុងនាមជាសហគ្រិនដែលចេញមកប្រឡូក ក្នុងការធ្វើអាជីវកម្ម គឺដើម្បីជួយដោះស្រាយបញ្ហារបស់មនុស្សឱ្យបានកាន់តែធំបំផុត មិនមែនគិតរឿងលុយជាអាទិភាពដំបូងបង្អស់នោះទេ។ ក្រោយពេលដោះស្រាយបានល្អហើយ ទើបរង្វាន់នឹងមកតាមក្រោយ ក្រោមរូបភាពជាចំណូលដ៏ច្រើនសន្ធឹកសន្ធាប់ត្រឡប់មកវិញ ក្រោយពេលសហគ្រិនរូបនោះ អាចដោះស្រាយបញ្ហាមនុស្សមានកាន់តែច្រើន កាន់តែធំ។
អាស្រ័យហេតុនេះ បើតាំងចិត្តចេញរកស៊ីអ្នកត្រូវរកឱ្យឃើញកត្តាជំរុញលើកទឹកចិត្ត ដែលអ្នកអាចរកបុគ្គលគំរូ ដែលអ្នកចង់ធ្វើតាមគាត់ ត្រូវរកមនុស្សដែលជួយលើកទឹកចិត្តអាចជាគ្រួសារ ប៉ុន្តែត្រូវចាំថាទោះបីជាគ្មានអ្នកណា ជួយជំរុញលើកទឹកចិត្តអ្នកក៏ដោយ អ្នកត្រូវតែចេះលើកទឹកចិត្តខ្លួនឯង រាល់ពេលជួបបញ្ហា ជួបស្ថានការណ៍អាក្រក់ៗផងដែរ។
៥. ការធ្វើផែនការអាជីវកម្មច្បាស់លាស់
ការរកស៊ីត្រូវមានការរៀបចំផែនការឱ្យបានច្បាស់លាស់ ហើយកុំចេញរកស៊ីតាមអារម្មណ៍មួយឆាវៗឱ្យសោះ។ ការធ្វើអាជីវកម្ម ដំបូងត្រូវគិតពីធាតុផ្សំសំខាន់ៗនៃអាជីវកម្មថាមានអ្វីខ្លះ បន្ទាប់មកត្រូវបំបែកវាមកជាតូចៗ និងមានភាពបត់បែនទៅតាមស្ថានភាពជាក់ស្ដែង។ ចំណុចសំខាន់ៗដែលអ្នកគួររំលេចក្នុងផែនការអាជីវកម្មរួមមានដូចជា៖ ធនធានមនុស្ស ការលក់ ការធ្វើទីផ្សារ ហិរញ្ញវត្ថុ ការកំណត់ថ្លៃផលិតផលឬសេវាកម្ម ដៃគូប្រកួតប្រជែង បរិយាកាសអាជីវកម្ម…។
នៅក្នុងការចេញរកស៊ី បើត្រៀមផែនការត្រូវ ផ្លូវឆ្ពោះទៅសម្រេចគោលដៅនឹងជិត ប៉ុន្តែបើត្រៀមមិនបានលម្អិតនោះអត្រាបរាជ័យនឹងមានកាន់តែខ្ពស់។ បើទោះបីជាការធ្វើផែនការអាជីវកម្មមានសារៈសំខាន់ ប៉ុន្តែត្រូវចាំថា ការអនុវត្តផែនការជាក់ស្ដែងអាចនឹងមានភាពបត់បែនតាមស្ថានភាព ពោលគឺមិនអាចដើរតាមផែនការ១០០% គ្រប់ចំណុចនោះទេ ព្រោះផែនការអាជីវកម្ម ក៏ទាមទារនូវការធ្វើបច្ចុប្បន្នភាពញឹកញាប់ខ្លះដែរ។
ជាចុងក្រោយលោកឧកញ៉ាបានសង្កត់នូវធនធានសំខាន់បំផុតចំនួន ៣ ដែលសហគ្រិនគួរចេះប្រើប្រាស់ឱ្យបានប្រុងប្រយ័ត្ន ហ្មត់ចត់ និងប្រកបដោយប្រសិទ្ធភាពបំផុត រួមមាន៖ “ធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងធនធានពេលវេលា”។ ធនធានទាំង៣នេះ មេដឹកនាំគប្បីត្រូវចេះប្រើវាដោយសន្សំសំចៃខ្ពស់ ប្រើឱ្យចំគោលដៅបំផុត។ មួយវិញទៀត ក្នុងការចាប់ផ្ដើមអាជីវកម្មដំបូង បើសិនជាអាចមេដឹកនាំគប្បីត្រូវចេះជំនាញច្រើន និងអាចធ្វើរឿងច្រើនយ៉ាងបានល្អបំផុត ទើបជារឿងប្រសើរ៕
អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)
តេឡេក្រាម៖ 096 351 7713