លោក Steve Davis គឺជាស្ថាបនិកនៃ Total Wealth Academy និងជាសេដ្ឋីម្នាក់ដែលបានកសាងទ្រព្យសម្បត្តិប្រាក់លានដុល្លារចេញពីបាតដៃទាំងពីររបស់ខ្លួនឯង។ ឆ្លងកាត់បទពិសោធន៍ជីវិតជាង ៣០ឆ្នាំ ខាងក្រោមនេះគឺជាការសម្រេចចិត្តលើរឿងធំៗទាំង៥ ដែលជួយឲ្យរូបលោកក្លាយជាសេដ្ឋីទាំងវ័យក្មេង៖
១/. កុំផ្តោតលើប្រាក់ខែ
លោក Davis ធ្លាប់ជឿថា វិធីដែលអាចក្លាយជាអ្នកមានគឺត្រូវដាក់ពាក្យសុំធ្វើការងារនៅក្នុងក្រុមហ៊ុនណាមួយ ហើយរំពឹងនឹងទទួលបានប្រាក់ខែខ្ពស់។ លុះត្រូវគេកាត់ប្រាក់ខែ លោកក៏ទទួលបានអារម្មណ៍ថាខ្លួនគ្មានសមត្ថភាព ហើយមិនអាចរកការងារផ្សេងធ្វើទៀតទេ។ ប៉ុន្តែឥឡូវនេះ លោក Davis បានលើកឡើងថា៖ «កុំផ្តោតលើប្រាក់ខែតែមួយមុខ ត្រូវផ្តោតលើការពង្រឹងអាជីពដែលអាចកសាងទ្រព្យសម្បត្តិឲ្យអ្នកឥតដែនកំណត់។ ចូរកុំអង្គុយរង់ចាំមនុស្សចូលនិវត្តន៍ ឈប់ពីការងារ ឬត្រូវគេបណ្ដេញចេញ ទើបអ្នកអាចឡើងកាន់តំណែងនោះជំនួសពួកគេអី នេះពុំមែនជាផ្លូវល្អទេ»។
២/. មានផ្នត់គំនិតទទួលខុសត្រូវខ្ពស់
រឿងធំទីពីរ មិនពាក់ព័ន្ធនឹងលុយនោះទេ តែវាគឺជាទំនួលខុសត្រូវលើជីវិតខ្លួនឯងទាំងស្រុង។ លោក Davis បាននិយាយយ៉ាងដូច្នេះថា៖ «ទំនួលខុសត្រូវផ្ទាល់ខ្លួន គឺជាគន្លឹះនៃភាពជោគជ័យរបស់ខ្ញុំ។ វាពុំមែនជាបន្ទុកការងាររបស់រដ្ឋាភិបាល ឬសាជីវកម្ម ឬក៏តួនាទីរបស់ឪពុកម្តាយ ដើម្បីធ្វើឲ្យក្លាយជាអ្នកមាននោះទេ។ គ្មាននរណាជួយអ្នកឲ្យក្លាយជាអ្នកមាន ក្រៅពីខ្លួនអ្នកឡើយ»។ លោកតែងប្រកាន់ខ្ជាប់អាកប្បកិរិយាមួយថា “អ្វីក៏ដោយដែលនៅក្នុងជីវិតរបស់ខ្ញុំ គឺជាកំហុសរបស់ខ្ញុំ ល្អ ឬអាក្រក់។ ប្រសិនបើវាអាក្រក់ ខ្ញុំត្រូវតែកែប្រែវា”។
៣/. ទិញរបស់របរ ដែលអាចបង្កើតប្រាក់ចំណូល
នៅពេលដែល Davis មានលុយដើម្បីវិនិយោគពិតប្រាកដ ការសម្រេចចិត្តចំពោះលុយដ៏ល្អបំផុតមួយរបស់លោកគឺចាប់ផ្តើមទិញរបស់របរ (ទ្រព្យសម្បត្តិ) ដែលអាចបង្កើតប្រាក់ចំណូលបាន។ «ជំនួសឲ្យការវិនិយោគលើផ្សារភាគហ៊ុនដែលពុំមានភាពនឹងនរ ខ្ញុំបានសម្រេចចិត្តទិញអចលនទ្រព្យ បន្ទាប់មកក៏ផ្លាស់ប្តូរពីការរស់នៅជុំគ្នាក្នុងគ្រួសារតែមួយទៅអាផាតមិនវិញ ពេលខ្ញុំមានលុយគ្រប់គ្រាន់ដើម្បីទិញអាផាតមិន» លោក Davis និយាយ។
លោកបានរកឃើញថា អចលនទ្រព្យពាណិជ្ជកម្មមានអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើនជាងលំនៅដ្ឋាន។ Davis បានពន្យល់ថា ជាមួយនឹងពាណិជ្ជកម្ម លោកអាចទិញអចលនទ្រព្យតម្លៃ ៥លានដុល្លារ គ្រប់គ្រងវាបានត្រឹមត្រូវ ហើយប្រែក្លាយវាទៅជា ១០លានដុល្លារ ដោយគ្រប់គ្រងវាឱ្យកាន់តែមានប្រសិទ្ធភាព បង្កើនការជួល និងបន្ថែមម៉ាស៊ីនបោកគក់ រួមទាំងគ្រឿងបរិក្ខារផ្សេងៗទៀតដើម្បីបង្កើនតម្លៃ។
៤/. ហ៊ានសុំជំនួយ
ដំណាក់កាលដ៏សំខាន់មួយទៀតលើផ្លូវរបស់ Davis ឆ្ពោះទៅរកភាពជោគជ័យផ្នែកហិរញ្ញវត្ថុ គឺការទទួលស្គាល់នូវអ្វីដែលខ្លួនមិនដឹង។ បុរសវ័យកណ្តាលរូបនេះបានថ្លែងថា៖ «ខ្ញុំជាក្មេងក្រអឺតក្រទមម្នាក់ ហើយតែងបន្ទោសខ្លួនឯងពេលធ្វើអ្វីមួយមិនបានសម្រេច ប៉ុន្តែឥឡូវខ្ញុំបើកចិត្តហ៊ានសុំជំនួយ ហើយជាលទ្ធផលខ្ញុំមិនតានតឹងខ្លាំងទៀតនោះទេ និងមានផ្លូវជាច្រើនសម្រាប់ខ្ញុំ»។ យ៉ាងណា ដោយសារ Davis មិនសូវស្គាល់មនុស្សច្រើននាក់ពាក់ព័ន្ធនឹងអ្វីដែលលោកកំពុងធ្វើ លោកបានទិញសៀវភៅ និងខ្សែអាត់សំឡេង ហើយចូលរៀនវគ្គសិក្សាលើការវិនិយោគលើអចលនទ្រព្យជាដើម។
៥/. មិនខ្វល់អំពីអ្វីដែលអ្នកដទៃគិត
Davis ដឹងថាការឈប់ពីការងារដើម្បីចាប់ផ្តើមអាជីវកម្មដែលខ្លួនពុំមានបទពិសោធន៍ គឺត្រូវប្រឈមជាមួយគំនិតអវិជ្ជមាន និងការវិនិច្ឆ័យមិនល្អរបស់មិត្តភក្តិ និងក្រុមគ្រួសារ។ លោកលើកឡើងថា៖ «ខ្ញុំចាំថ្ងៃដែលខ្ញុំឈប់និយាយពាក្យឆ្កួតៗ បំបាក់ទឹកចិត្តដល់ខ្លួនឯង ព្រោះតែអ្វីដែលអ្នកដទៃគិត នោះគឺជាពេលវេលាផ្លាស់ប្តូរជីវិត។ ខ្ញុំឈប់ខ្វល់អ្វីទាំងអស់ ហើយខ្ញុំតាំងចិត្តនឹងធ្វើរឿងដែលអ្នកដទៃគិតថាឆ្កួតឡប់នោះឲ្យបាន»។
យ៉ាងណាមិញ ផ្លូវទៅកាន់ភាពជោគជ័យ ឬទ្រព្យសម្បត្តិពុំមែនជារឿងងាយស្រួលនោះទេ តែក៏មិនពិបាកដល់ថ្នាក់យើងធ្វើមិនបាននោះដែរ។ ដូច្នេះចូរពង្រឹង និងពង្រីកខ្លួនឯងជាប្រចាំ ហើយកសាងអនាគតមួយដែលអ្នកចង់បានណា៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
កក់តាម https://t.me/hangchhengH24