ជិតដាច់ឆ្នាំ២០២៣ ដូច្នេះអ្នកគួររៀបចំខ្លួនជាពិសេសគឺផ្លាស់ប្ដូរទម្លាប់និងធ្វើសកម្មភាពដែលអាចធ្វើឲ្យជីវិតអ្នកផ្លាស់ប្ដូរកាន់តែប្រសើរឡើង។ ទាក់ទងនឹងការផ្លាស់ប្ដូរនេះដែរ ថ្ងៃនេះ Business Cambodia សូមចែករំលែកនូវរឿងចំនួនដែលអ្នកគួរធ្វើជាពិសេសអ្នកដែលមានវ័យខ្ទង់៣២០ទៅ៣០ឆ្នាំដើម្បីចាប់ផ្ដើមកសាងទ្រព្យក្នុងជីវិត។
គេថាបើចង់មានទាំងវ័យក្មេងត្រូវធ្វើខ្លួនឯងឲ្យសាមញ្ញបំផុត។ ការឡូយឆាយហ៊ឺហាគ្រាន់តែដើម្បីតែឲ្យគេមើលមកឡូយនិងដើម្បីបង្អូតអ្នកដទៃមិនអាចឲ្យអ្នកកសាងភាពមានបានបានឡើយព្រោះអ្នកចំណាយលុយទិញរបស់ថ្លៃៗដើម្បីបង្អួតអ្នកដទៃមិនមែនទិញមកដើម្បីប្រើប្រាស់បង្កើតនិងបង្កើនប្រាក់ចំណូលឡើយ។ ដូច្នេះបើចង់សល់លុយទាំងវ័យក្មេងគួរចៀសវាងភាពហ៊ឺហារខ្លាំងពេក។
២. គ្រប់គ្រងលុយកាក់ឲ្យបានល្អ
មនុស្សជាច្រើនតែងតែមើលរំលេងការចាត់ចែងលុយគ្រប់គ្រងលុយកាក់ដែលជាហេតុធ្វើឲ្យពួកគាត់មិនសល់លុយជាដុំកំភួនទាល់តែសោះទោះជាពួកគាត់មានប្រាក់ចំណូលច្រើនឬធ្វើការយូរឆ្នាំក៏ដោយ។ ដើម្បីកសាងភាពមានបានក្នុងជីវិត ចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺពិតជាសំខាន់។ ដូច្នេះអ្នកគួររៀនចាត់ចែងលុយដែលខ្លួនរកបានឲ្យបានល្អដើម្បីអាចសល់លុយសម្រាប់សម្រេចគោលដៅផ្សេងៗក្នុងជីវិតនិងធ្វើឲ្យជីវិតកាន់តែប្រសើរ។
ដើម្បីចេះចាត់ចែងលុយកាក់ អ្នកត្រូវអានឲ្យច្រើន ស្ដាប់ឲ្យច្រើននិងសួរយោបល់អ្នកមានបទពិសោធន៍ទាក់ទងនឹងការគ្រប់គ្រងលុយកាក់ហើយចាប់ផ្ដើមអនុវត្តនោះ អ្នកនឹងអាចសល់លុយសម្រាប់កសាងទ្រព្យនាពេលអនាគត។
៣. ចាប់ផ្ដើមវិនិយោគ
វ័យខ្ទង់២០ទៅ៣០ឆ្នាំគឺជាវ័យពេញកម្លាំងហើយជាវ័យដែលអ្នកត្រូវប្រឹងប្រែងខ្លាំងបំផុតដើម្បីកសាងសមត្ថភាពនិងបង្កើនប្រាក់ចំណូល។ ដូច្នេះអ្នកគួរចាយពេលវេលានិងលុយកក់វិនិយោគឲ្យបានច្រើន។ វិនិយោគត្រង់នេះអាចបែងចែកជា២គឺទីមួយវិនិយោគលើខ្លួនឯងដែលសំដៅដល់ការវិនិយោគលើចំណេះដឹង ជំនាញដើម្បីបង្កើនឥទ្ធិពលរកចំណូលឲ្យបានកាន់តែច្រើននាពេលខាងមុខ។ ឧទាហរណ៍បើភាសាអង់គ្លេសអ្នកមានកម្រិត អ្នកអាចចាយពេលទៅរៀនអង់គ្លេសបន្ថែមដើម្បីអាចប្រើប្រាស់ភាសាអង់គ្លេសរកចំណូលបាន។
ចំណែកវិនិយោគមួយទៀតគឺវិនិយោគលើវិស័យផ្សេងៗដូចជាវិនិយោគអចលនទ្រព្យ វិនិយោគលើផ្សារហ៊ុន វិនិយោគលើមាស វិនិយោគក្នុងអាជីវកម្ម និងការវិនិយោគផ្សេងៗ។ យ៉ាងណាមិញមុននឹងវិនិយោគលើអ្វីមួយអ្នកត្រូវធ្វើការសិក្សាស្រាវជ្រាវនិងស្វែងយល់ឲ្យបានយល់ពីអ្វីដែលអ្នកបម្រុងនឹងវិនិយោគដើម្បីកាត់បន្ថយហានិភ័យក្នុងការវិវិនិយោគហើយបានមកវិញនូវផលចំណេញ។
៤. ចៀសពីបំណុលអាក្រក់
បំណុលអាក្រក់គឺសំដៅដល់របស់ដែលធ្វើឲ្យអ្នកកាន់តែអស់លុយថែម។ ដូច្នេះគួរចៀសវាងបំណុលអាក្រក់។ ឧទាហរណ៍ឡានគឺជារបស់ចាំបាច់ពេលអ្នកមានគ្រួសារប៉ុន្ដែបើអ្នកត្រូវការឡានអាចទិញតម្លៃធូថ្លៃល្មមចៀសវាងទិញឡានថ្លៃពេកព្រោះឡានគឺតម្លៃវាធ្លាក់ថ្លៃយ៉ាងឆាប់រហ័សហើយជាទូទៅមនុស្សប្រើប្រាស់ឡានមិនបានបង្កើតចំណូលឡើយ។
៥. កសាងទម្លាប់សុខភាពល្អ
គេថាសុខភាពគឺជាទ្រព្យដ៏មានតម្លៃបំផុតរបស់មនុស្ស ដូច្នេះបើចង់មានពេលក្នុងការកសាងទ្រព្យជាលំដាប់អ្នកគួរកសាងទម្លាប់ដើម្បីមានសុខភាពល្អ។ ដើម្បីមានសុខភាពល្អអ្នកគួរចាយពេលវេលាហាត់ប្រាណជាប្រចាំ រស់នៅស្អាត ជ្រើសរើសរបរអាហារឲ្យបានត្រឹមត្រូវនិងគេងឲ្យបានគ្រប់គ្រាន់។ ពេលអ្នកមានសុខភាពល្អអ្នកនឹងមានពេលនិងកម្លាំងក្នុងការកសាងទ្រព្យបានកាន់តែច្រើន៕