ដើម្បីជួយសម្រួលការកកស្ទះរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ច្បារអំពៅ រដ្ឋបាលរាជធានីភ្នំពេញគ្រោងដំឡើងស្ពានដែក ឆ្លងទន្លេបាសាក់តភ្ជាប់ពីតំបន់ព្រែកប្រាឆ្លងមកចាក់អង្រែ ដើម្បីសម្រួលការធ្វើចរាចរណ៍ចេញ-ចូលរាជធានីភ្នំពេញ មុនពេលស្ពានថ្មថ្មីលេចរូបរាងនាពេលខាងមុខ។
ជាក់ស្ដែងយោងតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ស្ថិតក្នុងរាជធានីភ្នំពេញនាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជាក់ថា “ នៅមានស្ពានមួយទៀតដែលយើងត្រូវការសម្រាប់តាមទន្លេបាសាករបស់យើងគឺនៅម្ដុំ ចាក់អង្រែ ឯកឧត្តម ឃួង ស្រេង ចង់យកស្ពានដែក(ស្ពានបាឡេចាស់ឫស្សីកែវ) នេះទៅដាក់សិន”។
សូមជម្រាបផងដែរថា សម្រាប់គម្រោងស្ពានថ្មថ្មីដែលគ្រោងនឹងសាងសង់ឆ្លងកាត់ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ពីចាក់អង្រែទៅព្រែកប្រានេះ ត្រូវបានសិក្សារួចរាល់ហើយ ដោយស្ពាន១ខ្សែនេះគឺមានប្រវែង ៨៤៥ម៉ែត្រ បែងចែកដល់ទៅ៤គន្លង (២ទៅ-២មក) ដើម្បីកុំឱ្យស្ទះចរាចរណ៍លើស្ពាន។ ហើយគម្រោងស្ពានឆ្លងទន្លេបាសាក់នេះ គ្រោងនឹងចំណាយថវិកាប្រមាណ៦០លានដុល្លារអាមេរិក៕
អត្ថបទដោយ៖ ឌឿក ស្រី នុត