ចង់ចេញរកស៊ីខ្លួនឯងឱ្យជោគជ័យភ្លាមៗវាមិនមែនជារឿងងាយស្រួលទេ ហើយបើអ្នកទើបតែចាប់ផ្ដើមដំបូងមិនទាន់មានជំនាញ មានបទពិសោធន៍ទៀតវាកាន់តែពិបាកព្រោះមុខរបរខ្លះមើលទៅដូចជាសាមញ្ញ តែបើគ្មានបទពិសោធន៍ គ្មានផែនការច្បាស់លាស់ មិនមានចំណេះដឹងផ្នែកទីផ្សារទេនោះ អាចនាំឱ្យអ្នកខាតទាំងពេលខាតទាំងលុយ។ ហើយនេះគឺជាមុខរបរសាមញ្ញា ៣ ដែលមនុស្សជាច្រើនចេញរកស៊ីហើយតែងតែបរាជ័យ៖
១. របរលក់អាហារ ដោយមិនគណនាតម្លៃដើម និងចំណេញឱ្យច្បាស់៖ របរលក់អាហារ គឺជារបរដែលមនុស្សភាគច្រើនគិតថា វាងាយចាប់ផ្តើម និងមានអតិថិជនជានិច្ច។ ដូចជា លក់កាហ្វេ បាយឆា គុយទាវ សាច់អាំង ឬអាហារតាមដងផ្លូវ។ របរនេះពិតជាមានតម្រូវការខ្ពស់ ប៉ុន្តែអ្នកចាប់ផ្ដើមជាច្រើនតែងតែខាតលុយ ព្រោះមិនបានគណនាច្បាស់ពីតម្លៃថ្លៃដើម និងការចំណេញពិតប្រាកដ។ អ្នកខ្លះគិតថា លក់បានច្រើនគឺចំណេញហើយ តែភ្លេចគិតពីការចំណាយថ្ងៃជួលកន្លែង ថ្ងៃភ្លើង ទឹក ថ្ងៃដឹកជញ្ជូន និងអាហារខូចខាតផ្សេងៗ។ នៅពេលបូកចូលគ្នា ថ្លៃដើមសរុបអាចខ្ពស់ជាងប្រាក់ដែលបានលក់។
បញ្ហាធំបំផុតគឺ ការបើកហាងដោយគ្មានការសិក្សាច្បាស់ពីទីផ្សារ។ អ្នកខ្លះរើសទីតាំងលក់នៅពេលឃើញគេលក់នៅទីនោះមានមនុស្សទិញច្រើន តែមិនគិតដល់ថាបើទីនោះមានអ្នកលក់ច្រើនហើយ តើអតិថិជននឹងមកទិញខ្លួនដែលជាអ្នកថ្មីឬអត់? ដលទ្ធផលគឺ ការប្រកួតប្រជែងខ្លាំង តម្លៃលក់ត្រូវបញ្ចុះ ហើយចំណេញកាន់តែតិច។
២. របរលក់អនឡាញ ដោយគ្មានជំនាញទីផ្សារ និងគ្មានប្រព័ន្ធគ្រប់គ្រង៖ របរលក់អនឡាញ គឺជារបរដែលកំពុងពេញនិយមខ្លាំងនៅពេលបច្ចុប្បន្ន ដោយសារតែការលក់អនឡាញអ្នកអាចធ្វើវានៅផ្ទះក៏បាននិងមិនចំណាយច្រើនលើការជួលកន្លែង។ មានត្រឹមប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook, TikTok និង Telegram ក៏អាចផ្សព្វផ្សាយលក់បានហើយ។
ប៉ុន្តែជាក់ស្ដែងនោះវាមិនដូចអ្វីដែលគិតទេ។ បើអ្នកទើបចាប់ផ្ដើមដំបូងៗហើយមិនចេះពីរបៀបលក់ និងការធ្វើទីផ្សារទេអ្នកអាចនឹងឡុងចុងខាតដើមមិនខានដូចជាការទិញទំនិញច្រើនមកស្តុកទុកដោយមិនដឹងថាទីផ្សារត្រូវការឬអត់។ អ្នកខ្លះឃើញគេលក់បានក៏ទៅទិញមកលក់តាមគេ ដោយមិនពិនិត្យថាផលិតផលនោះសមស្របនឹងអតិថិជនរបស់ខ្លួនឬអត់។ លទ្ធផលគឺ ទំនិញជាប់ស្តុក លក់មិនចេញ ចំណូលត្រូវជាប់គាំងខាតថ្លៃដើម។ របរលក់អនឡាញមិនមែនគ្រាន់តែលក់ទំនិញទេ ប៉ុន្តែត្រូវមានជំនាញទីផ្សារ និងប្រព័ន្ធគ្រប់គ្រងការបញ្ជាទិញ និងសេវាកម្មអតិថិជនផងដែរ។
៣. របរវិនិយោគតាមគេ គ្មានចំណេះដឹង និងគ្មានការគ្រប់គ្រងហានិភ័យ៖ របរវិនិយោគ គឺជារបរដែលមនុស្សជាច្រើនចាប់អារម្មណ៍ ព្រោះស្តាប់ទៅដូចជារកលុយបានលឿន។ ប៉ុន្តែបញ្ហាធំគឺ មនុស្សជាច្រើនវិនិយោគតាមគេ ដោយគ្មានការសិក្សា និងមិនយល់ពីហានិភ័យ។ មានមនុស្សមួយចំនួនឃើញមិត្តភក្តិ ឬអ្នកលើបណ្តាញសង្គមបង្ហាញថា រកលុយបានច្រើន ក៏យកប្រាក់សន្សំទាំងអស់ទៅវិនិយោគតាម ដោយគិតថា អាចចំណេញដូចគេ។
តែពេលទីផ្សារប្រែប្រួល ឬគម្រោងបរាជ័យ ប្រាក់ទាំងនោះអាចបាត់បង់ភ្លាមៗ។ ករណីខ្លះជួបការលួចលាក់ ឬគម្រោងបោកប្រាស់ ដែលធ្វើឱ្យខាតលុយមិនអាចយកវិញបាន។ បញ្ហាសំខាន់មួយទៀត គឺអ្នកគ្មានផែនការគ្រប់គ្រងហានិភ័យ។ មនុស្សជាច្រើនយកប្រាក់ដែលគួរតែប្រើសម្រាប់ជីវភាពប្រចាំថ្ងៃ ឬប្រាក់កម្ចីទៅវិនិយោគ។ ពេលខាតលុយ វាមិនត្រឹមតែបាត់ប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែបង្កើតបំណុល និងសម្ពាធផ្លូវចិត្តថែមទៀង។
ដូច្នេះការចេញរកស៊ីខ្លួនឯងមិនមែនជារឿងអាក្រក់ទេ ហើយវាពិតជាគួរឱ្យសរសើរណាស់បើអ្នកធ្វើវាជោគជ័យ តែបើចង់ជោគជ័យអ្នកត្រូវរកស៊ីដោយមានចំណេះដឹង មានផែនការច្បាស់លាស់ ហើយត្រូវចេះវាយតម្លៃពីហានិភ័យដែលអាចកើតឡើង និងត្រូវចេះធ្វើទីផ្សារឱ្យច្បាស់សិនមុននឹងចាប់ផ្ដើម។ សម្រាប់អ្នកចាប់ផ្ដើមដំបូងៗគួរចាប់ផ្ដើមពីអាជីវកម្មតូចៗសិន ដើម្បីសាកល្បងវានឹងជួយកាត់បន្ថយហានិភ័យ និងបង្កើនឱកាសជោគជ័យក្នុងអាជីវកម្មរបស់អ្នក៕


