ជាការពិណាស់ការរកស៊ី មានខាត មានចំណេញវាជារឿងធម្មតា គ្រាន់តែថាបានចំណេញច្រើនវាអាស្រ័យទៅប្រភេទនៃអាជីវកម្មដែរ។ ចំពោះការរកស៊ីចូលហ៊ុនគ្នា និងការរកស៊ីម្នាក់ឯង ផលចំណេញដែលទទួលបានមានក្ខណៈខុសគ្នា ហើយការខាតបង់ក៏ខុសគ្នា។ ប៉ុន្តែក្រៅពីរឿងខាត និងចំណេញហើយ តើមានមេរៀនអ្វីទៀតដែលយើងគួរដឹងពីការរកស៊ីទាំងពីរបែប?
ថ្លៃក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារចាបក្រហម កាលពីថ្មីកន្លងទៅនេះ កញ្ញា ថោង គ្រីសស្តារីយ៉ា ជាម្ចាស់ភោជនីយដ្ឋាន ព្រឹក្សា បានឲ្យដឹងថា “ មិនថាការរកស៊ីចូលហ៊ុនគ្នា ឬ រកស៊ីុម្នាក់ឯងនោះទេ វាសុទ្ធតែមានរឿងល្អ និង រឿងអាក្រក់របស់វា ឧទាហរណ៍រកស៊ីម្នាក់ឯង បើរបរនោះត្រូវការដើមទុនច្រើន យើងម្នាក់ឯងប្រកាដជារត់មិនរួចទេ តែបើមានគ្នាអាចចូលគ្នាបានទៅតាមលទ្ធភាពជាក់ស្ដែងបាន”។
ដូច្នេះដើម្បីស្រាយចម្លង់ក្នុងនោះដែរ កញ្ញា គ្រីសស្តារីយ៉ា បានពន្យល់ពិចំណុចខ្លះៗ ដែលលោកអ្នកគួរពិចារណា រវាងការរកស៊ីម្នាក់ឯង និង ការរកស៊ីចូលហ៊ុនគ្នា នៅក្នុងនោះរួមមាន៖
ចំពោះការរកស៊ីចូលហ៊ុន
១. ត្រូវច្បាស់លាស់រឿងបែងចែកប្រាក់ចំណេញ
ចំពោះការរកស៊ីចូលហ៊ុនមានដៃគូ ទំនួលខុសត្រូវមានការបែងចែក ផលចំណេញដែលទទួលបានក៏ត្រូវបែងចែកទៅតាមកិច្ចព្រមព្រៀងបានចែងទុក។ មានដៃគូសហការក្នុងអាជីវកម្មជាច្រើនដែលមានបញ្ហាទាក់ទងនឹងចំណូលរកបានដោយហេតុផលចែកមិនស្មើគ្នា។ ដូច្នេះ កិច្ចសន្យាដែលបានព្រមព្រៀងជាមួយគ្នាត្រូវពិនិត្យឲ្យបានច្បាស់លាស់ ហើយសមស្របទៅតាមភាគីសងខាងចង់បានដែរឬទេ។
២. កំណត់គោលបំណង និងចក្ខុវិស័យរួម
អ្នកប្រកបអាជីវកម្មលើសពីម្នាក់អាចគំនិតផ្ទុយគ្នា តែគប្បីមានចំណុចកណ្ដាល កំណត់គោលបំណង ឬទិសដៅរួមថា ចង់ដំណើរការអាជីវកម្ម ធ្វើយ៉ាងណាទទួលបានជោគជ័យ។ ការកំណត់គោលបំណង និងចក្ខុវិស័យរួមនេះជាការចាប់ផ្តើមសំខាន់ ព្រោះអាចចៀសវាងមានជម្លោះក្នុងកំឡុងពេលអាជីវកម្មកំពុងដំណើរការថ្ងៃក្រោយ។
៣. ត្រូវប្រកាន់ភ្ជាប់សុចរិតភាព
ភាពស្មោះត្រង់ជាលក្ខណៈសំខាន់ប្រៀបដូចជាទំនុកចិត្ត ជួយអាជីវកម្មទទួលបានជោគជ័យ និងមាននិរន្តភាពយូរអង្វែងបាន។ សុចរិតភាពមិនមែនមានតែចំពោះដៃគូសហការរកស៊ីទេ ចំពោះអតិថិជនក៏ដូចគ្នា មិនគួរកេងចំណេញលើអតិថិជន ចង់បានចំណេញច្រើនក្នុងរយៈពេលខ្លីណាមួយ ចុងក្រោយនឹងបាត់បង់អតិថិជន លែងមានអ្នកគាំទ្រតទៅទៀត។
រីឯការរកស៊ីម្នាក់ឯងវិញអ្វីដែលត្រូវជួបគឺ៖
១. អាចបានប្រាក់ចំណេញតែម្នាក់ឯង តែបើខាតក៏ម្នាក់ឯង
ចំពោះចំណុចនេះកញ្ញា បានឲ្យដឹងថា ការបើកអាជីវកម្មរកស៊ីម្នាក់ឯង រឿងលុយកាក់ មិនថាដើមទុន ឬប្រាក់ចំណេញត្រូវរៀបចំ និងគ្រប់គ្រងគឺជាបន្ទុករបស់យើងតែម្នាក់ឯង។ យើងត្រូវរ៉ាប់រងផ្គត់ផ្គង់ដើមទុនការរកស៊ីតែម្នាក់ឯង ហើយបើអាជីវកម្មមិនរលូនដូចការំពឹងទុក យើងអាចប្រឈមនឹងការខាតបង់ខ្លាំង តែបើដំណើរការល្អ ប្រាក់ចំណេញដែលទទួលមិនមានការបែងចែកជា២ ឬ៣ចំណែកឡើយ។
២. មានទំនួលខុសត្រូវច្រើន
ចេញរកស៊ីម្នាក់ឯងត្រូវរ៉ាប់រងច្រើន រាប់តាំងពីចាប់ដំណើរការអាជីវកម្ម រៀបចំផែនការហិរញ្ញវត្ថុ គ្រប់គ្រងទំនិញ គ្រប់គ្រងបុគ្គលិក ត្រួតពិនិត្យផលិតផលឬសេវាកម្ម និងចាត់ចែងការងារជាច្រើនទៀត។ ទោះជាមានបុគ្គលក្រោមឪវាទក៏យើងត្រូវត្រួតពិនិត្យពីលើ ដើម្បីធានាថាការងារទាំងអស់ប្រព្រឹត្តទៅតាមផែនការដែលបានព្រៀងទុក។
៣. ឯករាជ្យ ម៉ឹងម៉ាត់ ច្បាស់លាស់
ទំនួលខុសត្រូវច្រើន ការសម្រេចចិត្តក៏ច្រើន ហើយត្រូវម៉ឺងម៉ាត់ច្បាស់លាស់ និងមានឯករាជ្យភាពទៀត។ មុនសម្រេចលើរឿងអ្វីមួយត្រូវមានការពិចារណា ត្រួតពិនិត្យឲ្យបានល្អិតល្អន់ ព្រោះបើមិនបានប្រមើលមើល ឬសិក្សាឲ្យបានច្បាស់នោះការសម្រេចចិត្តអាចជះផលប៉ះពាល់ដល់អាជីវកម្ម។ ម្យ៉ាង ភាពម៉ឺងម៉ាត់ច្បាស់ការ នឹងជួយឲ្យយើងដឹងពីគោលបំណងដែលខ្លួនចង់បានដើម្បីឲ្យការរកស៊ីដំណើរការកាន់តែរលូន៕