ស្របពេលដែលមនុស្សជាច្រើនរអ៊ូថាប្រាក់ខែបើកមកចាយមិនដែលគ្រាន់ យុវតីមួយរូបបែរជាអាចឆ្លៀតដកលុយ ចេញពីប្រាក់ខែដែលមានត្រឹមតែប្រមាណ ៣០០ដុល្លារ យកមកធ្វើជាដើមទុនរកស៊ី រហូតលុយនោះអាចទាញជាចំណូលក្បែរពាន់ដុល្លារឱ្យគាត់ជារៀងរាល់ខែ។
ម្ចាស់ផេក Nichhy Skin លក់ផលិតផលថែរក្សាសម្រស់ កញ្ញា ស៊ុន ស្រីនិច បានលើកឡើងថា “ខ្ញុំចាប់ផ្ដើមចេញរកស៊ីជាអ្នកលក់អនឡាញដំបូងដោយប្រើដើមទុន ១០០ដុល្លារ ជាលុយដែលដកចេញពីប្រាក់ខែរបស់ខ្ញុំផ្ទាល់តែម្ដង”។ កញ្ញាបង្ហើបទៀតថា មុនដំបូងគាត់យកផលិតផលមកលក់តែមួយមុខប៉ុណ្ណោះ ដែលត្រូវចំណាយលុយប្រមាណជាង៥០ដុល្លារប្ដូរបានម៉ាស់បិទមុខ ៣កំប៉ុងមកទុកលក់។ ចំណែកលុយដែលនៅសល់គាត់ទុកទិញសម្ភារមួយចំនួនសម្រាប់ប្រើប្រាស់ក្នុងការលក់អនឡាញ ដូចជាថង់ ឬឧបករណ៍វេចខ្ចប់ជាដើម។
ចាប់ផ្ដើមដំបូងជាមួយនឹងម៉ាស់បិទមុខ៣កំប៉ុង អ្នកលក់វ័យក្មេងរូបនេះ តាំងចិត្តចំពោះខ្លួនឯងថា “ដាច់ខាតត្រូវលក់ឱ្យអស់សិន ទើបកាត់ស្ដុកថ្មីម្ដងទៀត”។ ពេលលក់ថ្មីថ្មោងមិនមែនងាយលក់ចេញដូចការគិតឡើយ ម៉ាស់ត្រឹមតែ៣កំប៉ុងទេតែកញ្ញាត្រូវចំណាយពេលផុសលក់ដល់ទៅជាង២ខែ ទើបអស់ ខណៈភ្ញៀវដំបូងទាំងនោះសុទ្ធតែជា “មិត្តភក្តិបងប្អូនឯងទាំងអស់”។
បន្ទាប់ពីលក់អស់ស្ដុកទីមួយ ទើបកញ្ញាកាត់ស្ដុកថ្មីម្ដងទៀត ដោយប្រកាន់ភ្ជាប់គោលការណ៍មួយដដែលគឺ “ដាច់ខាតត្រូវលក់ឱ្យអស់សិន ទើបកាត់ស្ដុកថ្មីម្ដងទៀត”។ នៅក្នុងការកាត់ស្ដុកថ្មីនោះទៀតសោតអ្នកលក់រូបនេះបានបញ្ចាក់ថា “មិនគួរលោភលន់បន្ថែមលុយពីក្រៅមកកាត់ស្ដុកច្រើនៗនោះទេ ដាច់ខាតត្រូវកំណត់ឱ្យខ្លួនឯងយកត្រឹមតែលុយដែលលក់បានពីមុនមកចំណាយបានហើយ”។ ត្រង់ចំណុចនេះមានន័យថា ត្រូវបែងចែកឱ្យដាច់ពីគ្នារវាងលុយរកស៊ី និងលុយផ្ទាល់ខ្លួន ដើម្បីបង្កាបញ្ហាលក់ដូរបាត់ចុងបាត់ដើម សល់តែអីវ៉ាន់តែលុយគ្មាននៅក្នុងដៃ។
ក្រោយពេលដែលការលក់រៀងកើនឡើង តម្រូវឱ្យបន្ថែមស្ដុកច្រើនជាងមុន កញ្ញាស្រីនិច បានដាក់លុយផ្ទាល់ខ្លួនត្រឹមតែ ២០០ដុលា្លរ ចូលក្នុងអាជីវកម្មបន្ថែមទៀត រួចបន្តគ្រប់គ្រងការលក់ចេញទិញចូល ដោយមានទុនសរុបទាំងអស់តែ៣០០ដុល្លារគត់។ រហូតមកដល់ពេលនេះ ការលក់ដូររបស់កញ្ញារលូនទៅមុខរហូតដល់តបឆាតភ្ញៀវលែងឈ្នះ និងរកចំណូលបានជាច្រើន បំបែកស្ដុកអីវ៉ាន់ពេញផ្ទះ ដោយមិនបន្ថែមទុនពីក្រៅផ្សេងទៀតឡើយ។
អ្នកលក់អនឡាញរូបនេះបានគូសបញ្ជាក់ផងដែរថា “មនុស្សគ្រប់រូបគួរតែយកចិត្តទុកដាក់លើការចាត់ចែងលុយកាក់ឱ្យបានត្រឹមត្រូវ ជាពិសេសពេលមានមុខរបររកស៊ី ត្រូវបំបែកលុយរកស៊ី និងលុយផ្ទាល់ខ្លួន ចេញពីគ្នាឱ្យដាច់ស្រឡះ ទើបមិនវង្វេងចាយចូលដើម ហើយលក់មិនបាត់ដើមបាត់ចុង”៕
អត្ថបទដោយ៖ សូ សុខលី
អត្ថបទជាប់ពាក់ព័ន្ធ៖ https://business-cambodia.com/finance/article/how-to-sell-online-by-do-not-boost-post