“បើយើងមិនហ៊ានសាកល្បង យើងប្រហែលជាគ្មានថ្ងៃដកខ្លួនចេញពីជីវិតធ្វើការទាំងប្តីប្រពន្ធបានទេ” ។ នេះជាពាក្យមួយឃ្លារបស់អ្នកស្រី ឆៃ សុខលីន ម្ចាស់ហាងលក់ពូក គ្រែ និងសំភារៈគេង Soklin Mattress ដែលហ៊ានសម្រេចចិត្តឈប់ធ្វើការឱ្យគេ ចេញមករកស៊ីជាមួយនឹងស្វាមី រហូតមានអាជីវកម្មម្នាក់មួយ។
នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia អ្នកស្រី ឆៃ សុខលីន បានឱ្យដឹងថា ដើម្បីសម្រេចក្តី បំណងចង់ចេញរកស៊ីទាំង២នាក់ប្តីប្រពន្ធបាន អ្នកស្រីបានផ្តល់ឱកាសឱ្យស្វាមីចេញរកស៊ីមុន រហូតដល់ អាជីវកម្មរបស់ស្វាមីដំណើរការល្អ មានភ្ញៀវច្រើនហើយ ទើបអ្នកស្រីសម្រេចចិត្តលាឈប់ពីការងារ រួចហក់ ចូលក្នុងវិស័យជំនួញជាមួយស្វាមីតាមក្រោយ។ អ្នកស្រីបានពន្យល់ថា ការធ្វើបែបនេះ ទើបមិនសូវមាន ហានិភ័យច្រើន ព្រោះបើមុខជំនួញមិនដំណើរការល្អ យើងនៅមានចំណូល១ផ្នែក ដើម្បីផ្គត់ផ្គង់គ្រួសារ។
នៅមុនពេលសម្រេចចិត្តចេញរកស៊ីដោយខ្លួនឯង អ្នកស្រី ឆៃ សុខលីន បានឱ្យដឹងដែរថា មុនដំបូងបំផុត អ្នកស្រី បានសិក្សាពីផលិតផល បន្ទាប់មកសិក្សាពីទីផ្សារ ព្រមទាំងគុណភាពផលិតផលផ្សេងៗ យូរណាស់ ទម្រាំអ្នកស្រី សម្រេចចិត្តបើកអាជីវកម្មផ្គត់ផ្គង់សម្ភារៈបន្ទប់គេងនេះឡើង។ ហើយមូលហេតុដែលស្រី ចាប់យកអាជីវកម្មលក់ពូក គ្រែ និងសំភារៈគេងនេះ ក៏ដោយសារស្វាមីអ្នកស្រី គឺជាម្ចាស់ក្រុមហ៊ុន ផ្គត់ផ្គង់សម្ភារៈដេគ័រស្រាប់ផងដែរ ដូច្នេះការបើកអាជីវកម្មរបស់អ្នកស្រី គឺមានភាពប្រទាក់ក្រឡាគ្នា។
ថៅកែស្រីវ័យក្មេងខាងលើនេះ បានឱ្យដឹងទៀតថា ចំពោះផលិតផល ពូក គ្រែ និងសំភារៈគេង របស់អ្នកស្រី គឺជាផលិតផលមានគុណភាពខ្ពស់ ផ្តល់ផាសុខភាពល្អ ទៅតាមសុខភាព និងប្រភេទអតិថិជនផ្សេងៗគ្នា។ ជាពិសេសពូករឺស័រខ្ចប់របស់លោកស្រី ជាបច្ចេកវិទ្យាថ្មី ជួយឱ្យអតិថិជនគេងបានស្រួលខ្លួនជាងពូកធម្មតា ថែមទាំងមិនបារម្មណ៏រឿងបញ្ហា លឺសំលេងរឺស័ររំខានទៀតផង។ ចំណែក សំភារៈគ្រែរបស់ហាង Soklin Mattress គឺជាប្រភេទឈើអូក ដែលដាំដុះនៅប្រទេសអាហ្វិក ឈើប្រភេទនេះ មានភាពស្រស់ស្អាតបែបសាមញ្ញ និងពេញនិយមជាខ្លាំងនៅបណ្តាលប្រទេសអឺរុប ប៉ុន្តែ នៅស្រុកខ្មែរយើង មិនទាន់មានអ្នកផ្គត់ផ្គង់ច្រើននៅឡើយទេ។ ដូច្នេះ ទើបអ្នកស្រីហ៊ានសាកល្បង និងជឿ ជាក់ទៅលើមុខជំនួយថ្មីនេះ ហើយជាក់ស្តែង ផលិតផលដែលអ្នកស្រីកំពុងលក់ គឺមានការគាំទ្រខ្លាំង។
អ្នកស្រី ឆៃ សុខលីន បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ ហាងរបស់អ្នកស្រីបានបើកដំណើរការជិតកន្លះឆ្នាំមកហើយ ព្រមទាំងមានការគាំទ្រ និងជឿទុកចិត្តយ៉ាងច្រើនពីអតិថិជន។ លោកស្រីបានពន្យល់ថា នៅក្នុងសម័យកាលកូវីដ១៩នេះ ដើម្បីអាចឱ្យអាជីវកម្មដំណើរការទៅបានល្អ គឺយើងត្រូវផ្តោតលើការធ្វើទីផ្សារខ្លាំង នៅលើអនឡាញ ហើយចំពោះអ្នកស្រី បានច្នៃហាងរបស់ខ្លួន ទៅជាហាងពី ដោយម្ខាងដាក់ជួលឱ្យគេផ្សេង ដើម្បីយកចំណូលបន្ថែម ផ្តត់ផ្គង់ការចំណាយផ្សេងៗ។
សូមបញ្ជាក់ថា សម្រាប់បងប្អូនដែលមានបំណងចង់ទិញសម្ភារៈប្រើប្រាស់នៅក្នុងបន្ទប់គេង ដូចជាពូក គ្រែ កម្រាល និងខ្នើយផ្សេងៗ ដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ យកទៅប្រើប្រាស់ ឬយកទៅលក់បន្ត បងប្អូនអាចធ្វើការទំនងទំនងទៅកាន់អ្នកស្រី ឆៃ សុខលីន តាមរយៈលេខទូរស័ព្ទ 010 808 095 / 085 465 466 ឬតាមរយះហ្វេសប៊ុកផេក របស់ក្រុមហ៊ុនអ្នកស្រី Soklin Mattress ក៏បាន ៕


