ក្រោយចំណូលនៃការលក់របស់ Starbucks នៅអាមេរិកបានធ្លាក់ចុះចំនួន៣ត្រីមាសជាប់គ្នា នាយកប្រតិបត្តិថ្មីរបស់ឧស្សាហកម្មកាហ្វេលំដាប់ពិភពលោកលោក Brian Niccol បានថ្លែងទៅកាន់វិនិយោគិនថាលោកបានត្រៀមយុទ្ធសាស្រ្តចំនួន៥ដើម្បីដោះស្រាយបញ្ហាការលក់ធ្លាក់ចុះ នៅទូទាំងសហរដ្ឋអាមេរិក ដោយកាត់បន្ថយសង្វាក់ផលិតកម្មឱ្យនៅសល់ពាក់កណ្តាល ពោលត្រឹម៤នាទីនៃកាហ្វេ១កែវ។
តាមការចុះផ្សាយរបស់កាសែត CNBC នាយកប្រតិបត្តិវ័យ៥០ឆ្នាំ ទើបតែឡើងកាន់តំណែងថ្មីៗរូបនេះបានបញ្ជាក់កាលពីថ្ងៃពុធសប្តាហ៍មុនយ៉ាងដូច្នេះថា បច្ចុប្បន្ននេះលោកកំពុងចាត់វិធានការស្តារក្រុមហ៊ុន Starbucks ឱ្យសម្រេចបាននូវគោលដៅតូចជាងនេះ តាមរយៈផែនការយុទ្ធសាស្រ្ត៥នេះ៖
១. បញ្ចប់បញ្ហាលើការបញ្ជាតាមកម្មវិធីទូរស័ព្ទដៃនិងការទូទាត់៖ ការបញ្ជាទិញតាមទូរស័ព្ទមានច្រើនជាង ៣០% នៃប្រតិបត្តិការរបស់ Starbucks នៅអាមេរិក។ លោក Niccol បាននិយាយថា Starbucks កំពុងធ្វើការដើម្បីកែលម្អ ពេលវេលារបស់កម្មវិធី ដូច្នេះអតិថិជននឹងដឹងពីពេលវេលាច្បាស់លាស់ដែលភេសជ្ជៈរបស់ពួកគេរួចរាល់ មិនត្រូវរង់ចាំយូរ។
លើសពីនេះ Starbucks នឹងដាក់មុខងារការពារកុំឱ្យអតិថិជនដូរចិត្តចុះឡើងលើជម្រើសភេសជ្ជៈ ដែលជាបញ្ហាធ្វើឱ្យបុគ្គលិកមិនអាចផ្តោតធ្វើភេសជ្ជៈនីមួយៗបានល្អ។
២. កាត់បន្ថយម៉ឺនុយ ស្មុគស្មាញនិងច្រើនពេក៖ Niccol ថាលោកនឹងធ្វើឱ្យម៉ឺនុយរបស់ Starbucks មានជម្រើសតិចជាងមុនតែគុណភាពខ្លាំងជាងមុន។ ដូច្នេះគាត់នឹងកាត់បន្ថយភេសជ្ជៈខ្លះចោល ដែលវានឹងជួយឱ្យបុគ្គលិក Baristas កាន់តែងាយស្រួល ក្នុងការធ្វើភេសជ្ជៈនីមួយៗបានល្អនិងជាប់លាប់ ហើយអាចបន្ថែមល្បឿននៃសេវាកម្មផងដែរ ព្រោះពួកគេនឹងមានរូបមន្តភេសជ្ជៈដែលត្រូវចងចាំតិចជាងមុន។
៣. យុទ្ធនាការ "Back to Starbucks"៖ Starbucks គឺមានគោលបំណងចង់ក្លាយជាផ្ទះទី៣របស់អតិថិជនរបស់ពួកគេ។ ក្នុងនោះ Niccol បានបញ្ជាក់ថាដោយសារមានសាខាខ្លះ ធ្វើឱ្យបាត់បង់អារម្មណ៍ជាផ្ទះទី៣របស់អតិថិជននេះ ដូច្នេះគាត់ថានឹងណែនាំឡើងវិញឱ្យសាខាទាំងនោះស្វែងរកនូវភាពទាក់ទាញផ្ទាល់ខ្លួនបន្ថែមទៀត ដើម្បីឱ្យអតិថិជនជ្រើសការញុំានៅក្នុងហាង។ ពីព្រោះក្នុងរយៈពេលប៉ុន្មានឆ្នាំមុននិងក្រោយកូវីត១៩នេះ ក្រុមហ៊ុនបានដាក់ឱ្យដំណើរការសាខាច្រើន តែមានកន្លែងអង្គុយតិចតួច ជាពិសេសនៅក្នុងតំបន់ទីក្រុងប្រជុំជន។
ហេតុនេះ Starbucks នឹងផ្តោតក្នុងហាងឡើងវិញ ដូចជាការបម្រើកាហ្វេក្នុងកែវថ្មសេរ៉ាមិច ជៀសវាងផ្លាសិ្ទចច្រើន ប្រើគ្រឿងសង្ហារឹមផាកសុខភាព មានកន្លែងអង្គុយច្រើន ត្រួតពិនិត្យសីតុណ្ណភាពម៉ាស៊ីនត្រជាក់ តុដែលអាចចាក់ទឹកញុំាដោយខ្លួនឯងបាន ដោយអតិថិជនមិនចាំបាច់ត្រូវសុំ Baristas ផ្ទាល់នោះឡើយ។
៤. ពង្រឹងបុគ្គលិក Baristas៖ ជំនួសឱ្យការកាត់បុគ្គលិក បន្ថែមការងារឬម៉ោងធ្វើការ Starbucks និងកំណត់កាលវិភាគយ៉ាងទៀងទាត់សម្រាប់បុគ្គលិក Baristas កន្លងមក លោក Niccol ចង់កំណត់ពេលវេលាឱ្យបុគ្គលិកធ្វើការស៊ីសង្វាក់គ្នាវិញត្រូវជួយគ្នាទៅវិញទៅមកជាក្រុម មិនដើរតាមកាលវិភាគពេក ជាពិសេសនៅម៉ោងរវល់ ចាប់ពីពេលព្រឹកដ៏មមាញឹកដល់ម៉ោងស្បើយមនុស្ស ដើម្បីបម្រើឱ្យទាន់សង្វាក់សេវាកម្ម កាហ្វេ១កែវត្រឹម៤នាទី។
៥. ផ្លាស់ប្តូរយុទ្ធសាស្រ្តលើតម្លៃកាហ្វេ៖ លោក Niccol នឹងកំណត់គោលដៅអតិថិជនឱ្យទូលាយជាងមុនពោលគឺមិនមែនពិសេសសម្រាប់តែសមាជិក Starbucks Rewards ឡើយ។ ក្នុងនោះយុទ្ធានាការជំរុញការលក់ ដោយការបញ្ចុះតម្លៃក៏គ្មានច្រើនទៀតដែរនៅយីហោ Starbucks តែជំនួសមកវិញដោយការថែមទឹកដោះគោដោយឥតគិតថ្លៃវិញ ដើម្បីជួយអតិថិជនសន្សំបាន១០% នៃថ្លៃភេសជ្ជៈរាល់ការបញ្ជាទិញ។
ព្រោះនេះគឺជាទីផ្សារចេតនាដើម្បីបង្ហាញពីគុណភាព ភាពសម្រិតសម្រាំងរបស់គ្រាប់កាហ្វេមួយគ្រាប់ៗ និងទឹកដៃរបស់អ្នកឆុងកាហ្វេនៅ Starbucks មួយកែវៗ។
គួររំលឹកថាលោក Brian Niccol បានឡើងកាន់តំណែងជា CEO Starbucks កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២៤ លោកក៏ជាអតីតនាយកប្រតិបត្តិសាជីវកម្មម្នាក់របស់ Chipotle ដែលបានបង្កើតកំណត់ត្រានៃភាពជោគជ័យក្នុងការស្តារក្រុមហ៊ុនដែលបានជួបបញ្ហាធ្លាក់ចុះការលក់ ក្នុងវិស័យចំណីអាហារយីហោ Chipotle ដែលរាយប៉ាយសាខាជាង៣៥០០ នៅអាមេរិកឱ្យចំណេញឡើងវិញជិតទ្វេដងចាប់តាំងពីការកាន់តំណែងរបស់ Niccol នៅឆ្នាំ២០១៨ដល់ពាក់កណ្តាលឆ្នាំ ២០២៤៕
អត្ថបទដោយ៖ ពីង ជូអេង