ក្រោយមានគម្រោងបិទសាខា១១៤ កន្លែង ធនាគារធំបំផុតរបស់អង់គ្លេស ត្រៀមកាត់ប្រធានផ្នែករាប់រយនាក់
ធី ស្រីល័ក្ខDECEMBER 5 20221.3 K views

បន្ទាប់ពីមានគម្រោងបិទសាខាចំនួន ១១៤កន្លែងនៅក្នុងឆ្នាំ២០២៣ ពេលនេះ​​ ធនាគារធំបំផុតរបស់អង់គ្លេស HSBC កំពុងត្រៀមកាត់បន្ថយបុគ្គលិកប្រមាណ ១៥ភាគរយបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ កាលពីពេលថ្មីៗនេះ។

បើតាមនាយកប្រតិបត្តិធនាគារ HSBC លោក Noel Quinn បានឱ្យដឹងថា គម្រោងនៅក្នុងការកាត់បន្ថយបុគ្គលិកចំនួន១៥ភាគរយដែលស្មើនឹងបុគ្គលិកជាន់ខ្ពស់ប្រមាណ ២០០នាក់ ខាងលើនេះគឺជាចំណែកនៅក្នុងការកាត់បន្ថយការចំណាយបន្ថែមចំនួន ១,៧ពាន់លានដុល្លារ ដែលនឹងធ្វើនៅឆ្នាំក្រោយ។ 

សូមរំលឹកថា ចំពោះមូលហេតុចម្បងដែលធ្វើឲ្យធនាគារចាស់វស្សារបស់អង់គ្លេសមួយនេះ សម្រេចចិត្តបិទសាខារបស់ខ្លួនរាប់រយបែបនេះគឺដើម្បីឆ្លើយទៅនឹងការផ្លាស់ប្ដូរទម្លាប់នៃការប្រើប្រាស់សេវាធនាគាររបស់អតិថិជន។ ត្រង់នេះដែរ ធនាគារ HSBC បានបញ្ជាក់ប្រជាជនជាច្រើនចាប់ផ្ដើមប្ដូរទម្លាប់នៃការប្រើប្រាស់សេវាធនាគារ ដោយពួកគាត់ប្ដូរពីការប្រើប្រាស់សេវាធនាគារ បែបប្រពៃណីមកការប្រើប្រាស់សេវាធនាគារបែបឌីជីថលវិញម្ដង។ ដូច្នេះហើយធនាគារ HSBC ត្រូវបិទសាខារបស់ខ្លួនជាបន្តបន្ទាប់ខណៈអតិថិជនកាន់តែច្រើនឡើងងាកមកប្រើប្រាស់សេវាធនាគារអនឡាញវិញ។

គួរបញ្ជាក់ផងដែរ HSBC គឺជាធនាគារធំបំផុតរបស់អង់គ្លេស ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៨៦៥ ចំណែកទ្រព្យសកម្មរបស់ធនាគារយក្សមួយនេះមានដល់ទៅជាង២ពាន់ពាន់លានដុល្លារ៕

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia