Sprite ក្មេងដើរលក់ពោតលីងក្លាយជាកំពូលតារាចម្រៀងRapថៃមានទ្រព្យជិត១០ម៉ឺន$
Toeuy HongAPRIL 26 20224.3 K views

បច្ចុប្បន្ន Sprite គឹជាកំពូលតារាចម្រៀង Rap របស់ថៃ គាត់មានភាពល្បីល្បាញលំដាប់ពិភពលោក។ ថ្មីៗនេះគាត់បានចេញបទថ្មី “Run The Town’’ រួមជាមួយតារាRapផ្សេងទៀតរួមទាំងលោកវណ្ណដា​ តារាចម្រៀង Rap ប្រចាំស្រុកខ្មែរផងដែរ។ គួរបញ្ជាក់ដែរថា Sprite មានឈ្មោះពិតថា Sukkonlawat Pucsombut កើតនៅឆ្នាំ២០០៥ ហើយបច្ចុប្បន្នមានទ្រព្យ ជាង៩ម៉ឺនដុល្លារគិតត្រឹមខែមិនាឆ្នាំ២០២២។

ព្រោះតែ Sprite កើតនៅក្នុងគ្រួសារដែលមានជីវភាពមធ្យម ហេតុនេះពេលទំនេរពីរៀនគាត់ចូលចិត្តជួយការងារអ្នកផ្ទះ ហើយតែងតែជួយលក់ពោតលីងយកលុយឱ្យគ្រួសារ។​ Sprite ត្រូវបានគេស្គាល់នៅពេលដែលគាត់បានបង្ហាញខ្លួនក្នុងកម្មវិធី Super10 រដូវការទី២ របស់ថៃនៅឆ្នាំ២០២០។ គាត់បានបញ្ចេញសមត្ថភាពចៀងចម្រៀងព្រមទាំង Rap បានយ៉ាងល្អ​និងទទួលបានការសរសើរជាច្រើន ប៉ុន្តែគាត់បានបង្ហើបប្រាប់គេថាគាត់មិនធ្លាប់រៀនច្រៀងពីមុនមកទេ។

ក្រោយមក Sprite បានចូលប្រឡងជាមួយកម្មវីធី Show Me The Money Thailand រដូវកាលទី២ ឈ្នះពានរង្វាន់ ជាមួយនឹងអាយុទើបតែ១៥ឆ្នាំប៉ុណ្ណោះ។ បន្ទាប់ពីការឈ្នះពានរង្វាន់នោះ Sprite ទទួលបានការហាត់រៀនបន្ថែមនៅក្នុងក្រុមផលិតកម្ម HYPETRAIN របស់ NINO។

ការងារធំដំបូងរបស់ Sprite គឺគាត់ត្រូវបានជ្រើសរើសដោយ Disney ដើម្បីចូលរួមការងារច្រៀងបទអាស៊ាន មានចំណងជើងថា “Trust Again”។ ដែលជាបទចម្រៀងបំផុសគំនិតដោយខ្សែភាពយន្តគំនូរជីវចលដ៏ធំបំផុតDisney “Raya And The Last Dragon” ដែលជាការសហការរបស់ប្រទេសអាស៊ាន៤គឺ ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ និងម៉ាឡេស៊ី។

លើសពីនេះទៀត ជោគជ័យដ៏ធំដែលធ្វើឱ្យ Sprite ត្រូវបានទទួលស្គាល់លំដាប់ពិភពលោកគឺនៅពេលដែលគាត់បានចេញបទចម្រៀងរួមជាមួយ GUYGEEGEE មានចំណងជើងថា “ทน“TON”នៅក្នុងឆ្នាំ២០២១។ បទចម្រៀងមួយនេះទទួលបានអ្នកទស្សនារហូតដល់ទៅជាង៣៣១លានដងជាហេតុធ្វើឱ្យបទនេះជាប់ចំណាត់ថ្នាក់លេខ៨៩ នៅលើតារាងរបស់ Billboard Global។

ជាមួយនឹងសមត្ថភាពល្អគ្មានដែនកំណត់របស់ក្មេងប្រុសម្នាក់នេះ ធ្វើឱ្យគេមានឱកាសរកចំណូលបានកាន់តែច្រើនសម្រាប់គ្រួសារ ព្រមទាំងបានលើកមុខមាត់ប្រទេសរបស់ខ្លួនផងដែរ។ ថ្មីៗនេះនៅក្នុងខែមេសាឆ្នាំ២០២២ Sprite ក៏ទើបនឹងបានចេញបទចម្រៀង “Run The Town” រួមគ្នាជាមួយនឹងតារាចម្រៀងRapល្បីៗ៣រូបទៀតដូចជា F.HERO, 1MILL និងវណ្ណដា តារាចម្រៀងRap ប្រចាំស្រុកខ្មែរ។

រយៈពេលត្រឹមតែ២ឆ្នាំប៉ុណ្ណោះក្មេងប្រុសម្នាក់នេះបានផ្លាស់ប្ដូរជីវិតខ្លួនឯងនិងក្រុមគ្រួសារទាំងមូលឱ្យមានភាពល្អប្រសើរលើសពីការរំពឹងទុក។ នេះបង្ហាញឱ្យឃើញថាការប្រើប្រាស់សមត្ថភាព បើប្រាស់ជំនាញដែលយើងមានពិតប្រាកដវាពិតជាអាចជួយឱ្យយើងអភិវឌ្ឍខ្លួនបានលឿន។ ពេលអ្នកជោគជ័យអ្នកមិនត្រឹមតែជួយខ្លួនឯងទេ គឺអ្នកបានជួយទាំងគ្រួសាររួមទាំងប្រទេសជាតិរបស់អ្នកផងដែរ។

អត្ថបទដោយ៖​ សូ​ សុខលី

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia