ឆ្លងកាត់បទពិសោធជាង១៥ឆ្នាំលើវិស័យអប់រំ លោក កែវ សុភក្តិ បានកែប្រែវាសនាពីគ្រូបង្រៀនភាសាអង់គ្លេសធម្មតាម្នាក់ ក្លាយជាអ្នកគ្រប់គ្រង រួចលោកបានដើរតាមក្តីស្រមៃរបស់ខ្លួន ដោយងាកចេញមកធ្វើជំនួញខ្លួនឯង រហូតក្លាយជាអ្នកដឹកនាំម្នាក់ក្នុងវិស័យអប់រំ។
អគ្គនាយកនៃមជ្ឈមណ្ឌលអប់រំ ស្រ្ពីង (Spring Education Center) រូបនេះបានបង្ហើបក្បួនពិសេស៣ ដែលធ្វើឱ្យសាលារៀនភាសាមួយនេះអាចទាញសិស្សបានជាង៣០០០នាក់ ដោយប្រើត្រឹមរយៈពេល៦ខែប៉ុណ្ណោះ ចាប់តាំងពីថ្ងៃបើកទ្វារ។
បើកដំណើរការកាលពីថ្ងៃទី ២ ខែមករា ដើមឆ្នាំ២០២៣ អគ្គនាយកវ័យ៤៣ឆ្នាំរូបនេះបានឱ្យដឹងថា ភាពរីកចម្រើនលឿនរហ័សរបស់អាជីវកម្មគឺបណ្តាលមកពីកត្តាធំៗ២៖ ទី១គឺលក្ខណៈពិសេសនៃអាជីវកម្ម និងទី២គឺយុទ្ធសាស្រ្តបែបថ្មីជានិច្ច។ យ៉ាងណាមិញ យុទ្ធសាស្ត្រទាំង២នេះអាចច្របាច់បញ្ចូលគ្នាពូនជាលទ្ធផលបានគឺបណ្តាលមកពីកត្តា ៣ ធំៗគឺ៖
ទី១៖ លក្ខណៈពិសេស
អ្នកដឹកនាំរូបនេះបានលើកឡើងថា Spring បានបង្កើតកម្មវិធីសិក្សាដែលមានលក្ខណៈពិសេសប្លែកពីគេ និងជាតម្រូវការជាក់ស្តែងរបស់សិស្សនិស្សិត ប៉ុន្តែក៏ធានាបាននូវគុណភាព និងប្រសិទ្ធភាពអប់រំខ្ពស់ផងដែរ ពោលគឺយុទ្ធសាស្រ្តឈ្នះៗទាំងសងខាង។
មូលហេតុដែលធ្វើឱ្យយុទ្ធសាស្រ្តចំណេញទាំងអស់គ្នា ដើរទៅមុខយ៉ាងរលូន គឺនៅពេលដែលយើងដឹងថាអតិថិជនភាគច្រើនរបស់យើងត្រូវការអ្វីបំផុត តើអ្វីដែលយើងធ្វើបានល្អបំផុត ហើយអ្វីដែលទីផ្សារសព្វថ្ងៃកំពុងខ្វះខាត។
លក្ខណៈពិសេសដែល មជ្ឈមណ្ឌលអប់រំ ស្រ្ពីង មានប្លែកខុសពីសាលាដទៃនោះគឺ ឱកាសហាត់ការដើម្បីទទួលបានបទពិសោធការងារជាក់ស្តែង ក្លឹបពាណិជ្ជកម្ម ឱកាសភ្ជាប់បណ្តាញជាមួយម្ចាស់អាជីវកម្ម ការប្រឹក្សាអាជីព និងឱកាសការងារ។
ទី២៖ ការងារជាក្រុម
បន្តប្រាប់ចាបក្រហម លោកបានសង្កត់ធ្ងន់ថាមជ្ឈមណ្ឌលអប់រំមួយនេះមិនមែនលោកបង្កើតឡើងតែម្នាក់ឯងនោះទេ គឺមានដៃគូសហការ ដៃគូវិនិយោគ និងបុគ្គលិក ទើបអាចដំណើរការទៅមុខបាន។
ដូច្នេះហើយដើម្បីឱ្យការងារជាក្រុមមានប្រសិទ្ធិភាព និងមានភាពរីកចម្រើនជាលំដាប់ អ្នកដឹកនាំត្រូវលម្អិតលើចំណុច៥ធំៗ ដែលទីមួយគឺដាក់មនុស្សឱ្យត្រូវកន្លែង ត្រូវទេពកោសល្យ និងបន្តឱ្យមានការលើកទឹកចិត្ត ទី២ការប្រជុំ និងលំហូរនៃការបញ្ជូនសាររវាងថ្នាក់លើនិងថ្នាក់ក្រោម ទី៣មានផែនការ និងរបាយការណ៍ច្បាស់លាស់ ។
ចំណែកទី៤ ប្រមូលទិន្នន័យគ្រប់គ្រាន់ ទើបធ្វើការវាយតម្លៃ និងសម្រេចចិត្តបានត្រឹមត្រូវ និងទី៥ ត្រួតពិនិត្យនិងវាយតម្លៃជាប្រចាំសម្រាប់បុគ្គលិកនិងស្ថាប័ន ដោយឆ្លុះបញ្ចាំងពីចំណុចខ្វះខាត និងចំណុចដែលធ្វើបានល្អហើយ ដើម្បីក្រុមការងារអាចរីកចម្រើនជាប្រចាំ និងអាចបន្តដំណើររួមគ្នាបាន។
ទី៣៖ ការលក់ និងរបៀបធ្វើទីផ្សារ
ជំនាញលក់ជាជំនាញចំណូលខ្ពស់ ដែលអាជីវកម្មគ្រប់ប្រភេទត្រូវការជាចាំបាច់ ហើយដើម្បីឱ្យការលក់ល្អប្រសើរឡើងជាប្រចាំ គឺត្រូវការបង្កើតចំណុចពិសេសឱ្យផលិតផល សេវាកម្ម និងយុទ្ធសាស្រ្តទីផ្សារ។
ជាក់ស្តែងអគ្គនាយកមជ្ឈមណ្ឌលអប់រំ ស្រ្ពីង រូបនេះបានបន្តឱ្យដឹងថា របៀបធ្វើទីផ្សាររបស់លោក គឺតាមរយៈយុទ្ធសាស្រ្តអតិថិជនណែនាំបន្តគ្នាទៅឱ្យអតិថិជនថ្មី ព្រោះបើតាមការសិក្សាស្រាវជ្រាវបានបង្ហាញឱ្យឃើញថាយុទ្ធសាស្ត្រនេះ គឺមានអត្រាជោគជ័យខ្ពស់រហូតដល់ទៅ ៩២% ឯណោះ។
យ៉ាងណាមិញខាងលើនេះគឺជាយុទ្ធសាស្រ្តត្រួសៗប៉ុណ្ណោះរបស់មជ្ឍមណ្ឌលសិក្សាភាសា Spring ដែលអាចដឹកនាំសាលារៀនមួយនេះឱ្យវិវត្តន៍ខ្លួនបានយ៉ាងឆាប់រហ័ស ទោះបីជាបច្ចុប្បន្ននេះលោកអគ្គនាយកបានបញ្ជាក់ថាបញ្ហាលំបាកនៅតែមានព្រោះការប្រកួតប្រជែងជាមួយយីហាធំៗឈរជើងយូរឆ្នាំ ប៉ុន្តែបើលោកក៏បានថ្លែងផ្តាំពាក្យ១ឃ្លាថា “បើគ្មានការប្រកួតប្រជែង គឺគ្មានភាពរីកចម្រើននោះទេ ជាពិសេសគឺការប្រកួតប្រជែងនឹងខ្លួនឯង"។
គួរជម្រាបផងដែរថា Spring Education Center គឺជាសាលាភាសា និងជំនាញដែលបណ្តុះបណ្តាលភាសាចិនទូទៅ ភាសាអង់គ្លេសទូទៅ ភាសាអង់គ្លេសសម្រាប់ពាណិជ្ជកម្ម និងជំនាញផ្សេងៗ ដែលជាអគារកម្ពស់៨ជាន់ មានទីតាំងនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ខាងលិចផ្សារដើមគរ ចម្ងាយប្រហែល ១គីឡូម៉ែត្រ។
នាពេលបច្ចុប្បន្ននេះ មានសិស្សប្រមាណជាង៣០០០នាក់កំពុងតែសិក្សា និងបុគ្គលិក រួមទាំងលោកគ្រូអ្នកគ្រូជាង៦០នាក់ ដែលមានវេនសិក្សាដ៏សម្បូរបែបតាំងពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៨:៣០យប់ ព្រមទាំងមានថ្នាក់ពេញម៉ោង ក្រៅម៉ោង និងថ្នាក់ចុងសប្តាហ៍ ដែលផ្តល់ជាពិសេសសម្រាប់សិស្សវិទ្យាល័យ និស្សិតមហាវិទ្យាល័យ បុគ្គលិកក្រុមហ៊ុន ក៏ដូចជាអ្នកជំនួញដែលចង់បំប៉នចំណេះដឹងបន្ថែមផងដែរ៕
សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 087 383 833 ឬ Facebook Page Spring Education Center ដើម្បីស្វែងរកព័ត៌មានអំពីការសិក្សា អាហារូបករណ៍ និងឱកាសជានិស្សិតហាត់ការផងដែរ៕
ទស្សនាវីដេអូរបស់ Spring Education Center
អត្ថបទដោយ៖ ពីង ជូអេង


