តំបន់សេដ្ឋកិច្ចពិសេស និងសួនកសិ-ឧស្សាហកម្មថ្មីដែលមានផ្ទៃដីសរុបជាង ៧០០ ហិកតានឹងរះឡើងនៅខេត្ដ២នេះ
Bunthoeun KoemJANUARY 9 20267.3 K views

នៅក្នុងពេលឆាប់ៗខាងមុខនេះ គម្រោងតំបន់សេដ្ឋកិច្ចពិសេស និងសួនកសិ-ឧស្សាហកម្មថ្មីដែលមានផ្ទៃដីសរុបជាង ៧០០ ហិកតានឹងរះឡើងនៅក្នុងខេត្ដកំពង់ស្ពឺ និងខេត្ដកំពង់ធំ ខណៈគម្រោងទាំងពីរនេះនឹងជួយជម្រុញសេដ្ឋកិច្ចនៅក្នុងខេត្ដ និងអាចបង្កើតឱការងារជាជូនពលរដ្ឋផងដែរ។ ដោយគម្រោងទាំងពីរខាងលើនេះរួមមាន៖ 

 

១. តំបន់សេដ្ឋកិច្ចពិសេសសៀងហៃ ខេត្ដកំពង់ស្ពឺ

 

យោងតាមការចេញផ្សាយពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា ក្រុមហ៊ុន Cambodia Shanghai Special Economic Zone Co., Ltd. ដែលជាក្រុមហ៊ុនវិនិយោគមានប្រភពមកពី ទីក្រុងសៀងហៃ ប្រទេសចិន បានស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួនថ្មី១ដែលមានឈ្មោះ តំបន់សេដ្ឋកិច្ចពិសេសសៀងហៃ (SHANGHAI SPECIAL ECONOMIC ZONE) មានទីតាំងស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ អភិវឌ្ឍន៍លើផ្ទៃដីទំហំប្រមាណ ៤៥៥ហិកតា។

យ៉ាងណាបច្ចុប្បន្ន គម្រោងខាងលើនេះត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ ពិនិត្យមើលផងដែរ។

 

611816192 1348468293978100 412544569897420776 N

 

២. សួនកសិ-ឧស្សាហកម្ម ខេត្ដកំពង់ធំ

 

កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ធំ និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបភ្នំពេញ អេសអ៉ីហ្សិត ម.ក. (Royal Group Phnom Penh SEZ Plc.) បានចុះអនុស្សរណៈនៃការយោគយល់ ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពក្នុងការបង្កើតសួនកសិ-ឧស្សាហកម្មក្នុងខេត្តជាប់បឹងទន្លេសាបមួយនេះ សម្រាប់ការកែឆ្នៃកសិផលនានា នៅលើផ្ទៃដីប្រមាណ ៣០០ហិកតា។

 

611615038 1184730013836233 7653936843094655390 N

 

តាមការបញ្ជាក់ពីឯកឧត្តម នួន ផារ័ត្ន ការចុះអនុស្សរណៈនេះ គឺសម្រាប់ការកែច្នៃកសិផលនានា ដែលមិនផ្តោតលើការកែច្នៃគ្រាប់ស្វាយចន្ទីនោះទេ។ គម្រោងសួនកសិ-ឧស្សាហកម្មខេត្តកំពង់ធំ ដែលបានចាប់ផ្តើមសិក្សានាពេលនេះ ជាគម្រោងអមនឹងគម្រោងធំសួនឧស្សាហកម្មកែឆ្នៃគ្រាប់ស្វាយចន្ទី ដែលគម្រោងទាំងពីរនេះកំពុងត្រូវបានផ្តួចផ្តើម ជំរុញ និងគាំទ្រ ប្រកបដោយការយកចិត្តខ្ពស់ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

 

លោក UEMATSU Hiroshi នាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបភ្នំពេញ អេសអ៉ីហ្សិត ម.ក. (Royal Group Phnom Penh SEZ Plc.) បានថ្លែងកោតសរសើរដល់ការអភិវឌ្ឍរបស់ខេត្តកំពង់ធំ និងបានថ្លែងពីបំណងរបស់ក្រុមហ៊ុន ក្នុងការចូលរួមជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចខេត្ត លើកកម្ពស់សេដ្ឋកិច្ចខេត្ត និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ។ លោកបានបន្ថែមថា ដោយសង្កេតឃើញពីសក្តានុពលរបស់ខេត្តកំពង់ធំ លោកមានសុទិដ្ឋិនិយមខ្ពស់លើភាពជោគជ័យនៃគម្រោងនេះ។

 

612021808 1184729890502912 2655097526423874244 N

 

ជាមួយគ្នានោះដែរ ឯកឧត្តម ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ថ្លែងថា ការបង្កើតជាសួនកសិឧស្សាហកម្ម គឺជាការបង្កើតជម្រើសមួយក្នុងការកសាងសេដ្ឋកិច្ចខេត្តកំពង់ធំ មានសេដ្ឋកិច្ចរឹងមាំ យូរអង្វែង។ លើសពីនេះទៀត ការបង្កើតសួនកសិ-ឧស្សាហកម្ម សម្រាប់កែច្នៃកសិផលនានានៅក្នុងខេត្តកំពង់ធំ មុននឹងនាំចេញផលិតផលទាំងនោះទៅកាន់ទីផ្សារ នឹងជួយបង្កើនតម្លៃកសិផល ហើយផលិតផលទាំងនោះ នឹងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីទីផ្សារ ថែមទាំងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងខេត្តផងដែរ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia