ផ្សារទំនើបសុវណ្ណា នៅពេលនេះត្រូវបានរៀបចំក្លាយជាទីតាំងបង្រៀនសិស្ស និស្សិត របស់សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន បន្ទាប់ពីផ្សារទំនើបដ៏ល្បីឈ្មោះមួយនេះត្រូវបានផ្អាកដំណើរការកាលពីចុងឆ្នាំ២០១៩ កន្លងទៅ។
យោងតាមការបញ្ជាក់ពីសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន នៅលើបណ្ដាញសង្គមហ្វេសប៊ុក បានឲ្យដឹងថា «នៅថ្ងៃទី ២៦ ខែមីនា ពិធីបើកការដ្ឋានសាងសង់អគារសិក្សាថ្មីសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិនត្រូវបានប្រារព្ធឡើង។ អគារសិក្សាថ្មីនឹងផ្តល់បរិយាកាសសិក្សារដោយមានបន្ទប់ថ្នាក់រៀន និងបន្ទប់ពិសោធន៍តាមតម្រូវការវិជ្ជាជីវៈ និងបំពាក់ឧបករណ៍ទំនើបៗ សម្រាប់សិស្សអនុវត្តជាក់ស្តែង និងស្របតាមស្តង់ដារឧស្សាហកម្មអន្តរជាតិ»។
សូមជម្រាបថា ផ្សារទំនើបសុវណ្ណា ត្រូវបានវិនិយោគសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) របស់លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ដែលបានបើកដំណើរការកាលពីឆ្នាំ២០០៨ និងត្រូវផ្អាកដំណើរការនៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០១៩។ ផ្សារទំនើបនេះ មានកម្ពស់ចំនួន ៥ ជាន់មានទំហំសរុបប្រហែល ១១,១៨៤ ម៉ែត្រការ៉េ លាតសន្ធឹងលើផ្ទៃដី ៥០,០០០ ម៉ែត្រការ៉េ៕