ក្រោយពីផ្អាកពីវិស័យកីឡាតៃក្វាន់ដូមួយរយៈពេលខ្លី ពេលនេះ កីឡាការិនី ស៊ន សៀវម៉ី បានសម្រេចចិត្តវិលត្រឡប់មកដណ្តើមមេដាយមាសជាថ្មីម្តងទៀត ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅក្នុងវិញ្ញាសាកីឡាតៃក្វាន់ដូ WT នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។
ការវិលត្រឡប់មកវិញនេះវីរៈកីឡាការិនី ស៊ន សៀវម៉ី បានខិតខំហ្វឹកហាត់កាន់តែខ្លាំង ដោយគាត់បានលើកឡើងមុនថ្ងៃប្រកួតយ៉ាងដូច្នេះថា "នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ខាងមុននេះ ជាពេលវេលាមួយដែលរូបនាងខ្ញុំត្រូវឡើងប្រកួតដើម្បីដណ្ដើមយកមេដៃមាស ជូនជាតិកម្ពុជាសារជាថ្មីម្ដងទៀត ហើយក៏ជាពេលមួយដែលរូបនាងខ្ញុំមានមោទនភាពខ្លាំងណាស់ក្នុងនាមជាកីឡាការិនីកម្ពុជា"។
វីរៈកីឡាការិនីកម្ពស់ខ្ពស់ស្រឡះ ស៊ន សៀវម៉ី គឺជាអតីតម្ចាស់មេដាយមាសតំណាងឱ្យប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍កីឡា Asian Games នៅក្នុងវិញ្ញាសារប្រកួតកីឡាតេក្វាន់ដូនៅឯកីឡាដ្ឋាន Ganghwa Dolmens ក្នុងទីក្រុង Incheon នៃប្រទេសកូរ៉េខាងត្បូង។
កម្ពុជាបានចូលរួមប្រកួតកីឡា Asian Games នេះលើកដំបូងនៅក្នុងឆ្នាំ១៩៥៤ ហើយជើងឯក ស៊ន សៀវម៉ីគឺជាអត្តពលិកទី១ ក្នុងប្រវត្តិសាស្រ្តកម្ពុជាអស់រយៈពេល៦០ឆ្នាំ ទម្រាំទទួលបានមេដាយមាសនេះ។
សូមបញ្ជាក់ផងដែរថាសម្រាប់ការប្រកួតកីឡាតេក្វាន់ដូ WT ស៊ីហ្គេមលើកទី៣២នេះ នឹងប្រព្រឹត្តិនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្ដរជាតិជ្រោយចង្វារ OCIC អគារ F ចាប់តាំងពីរសៀលថ្ងៃទី១២ រហូតដល់ថ្ងៃទី១៥ឧសភា ដោយធ្វើការប្រកួតលើ វិញ្ញាសាសរុបចំនួន ២៤វិញ្ញាសា ក្នុងនោះមាន វិញ្ញាសាមេគុនចំនួន ៨វិញ្ញាសា និងវិញ្ញាសាប្រយុទ្ធ ១៦វិញ្ញាសា៕
អត្ថបទដោយ៖ ពីង ជូអេង


