ពាក្យចាស់បុរាណពោលថា «វាសនាមនុស្សមើលមិនឃើញ» ទោះពុំអាចរើសទីកន្លែងកើតបាន តែអ្នកមានសិទ្ធគ្រប់គ្រាន់ក្នុងការកសាងជីវិតមួយដែលខ្លួនស្រមៃ។ ជាក់ស្តែង យុវតី រ៉ុន សុភី ធ្លាប់ជាអតីតក្មេងស្រីរើសសំរាមនៅតំបន់ស្ទឹងមានជ័យ គ្មានផ្ទះសម្បែងច្បាស់លាស់ ហើយអាយុ១១ឆ្នាំ ទើបបានចូលរៀន ពេលនេះកញ្ញាបានធ្វើឲ្យគ្រប់គ្នាកោតសរសើរដោយទទួលបានអាហារូបករណ៍សិក្សាពេញពីសាកលវិទ្យាល័យមែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី។
ត្រលប់ទៅមើលកាលពីកុមារភាព ដោយសារគ្រួសារ សុភី ជំពាក់បំណុលគេច្រើនពេក ហើយគ្មានលទ្ធភាពសង ពួកគេក៏ចាកចេញពីភូមិស្រុកទាំងគ្រួសារ នៅកណ្ដាលយប់តែម្ដង។ ជិះកង់កញ្ចាស់ផង ដើរផងក្នុងចម្ងាយរាប់គីឡូម៉ែត្រ ទីបំផុតបងប្អូនទាំង៧នាក់ រួមទាំងឪពុកម្តាយចាស់ៗ បានរសាត់មកដល់គំនរសំរាមស្ទឹងមានជ័យ រស់ក្រោមដំបូលតង់ ហ៊ុំព័ទ្ធដោយក្លិនស្អុយជូរផ្អូម។
គ្រានោះ សុភីនិងបងស្រី រួមទាំងឪពុកផ្លាស់គ្នាដើររើសសំរាម ជួនកាលប៊ិះត្រូវឡានចាក់សំរាមកិនក៏មាន។ ពេលមានផ្លែឈើរលួយៗនៅលើឡានដែលដឹកពីផ្សារដើមគរ ម្នាក់ៗស្ទុះទៅរើសយកផ្លែឈើណាល្អៗ ទុកហូប។ ថ្ងៃខ្លះគ្មានបាយចំអែតក្រពះ គេងយំម្នាក់ឯង ខណៈខ្លួនប្រាណត្រូវពាក់ខោអាវរយ៉េរយ៉ៃក្លិនផ្អូមមួយកំប្លេរជាច្រើនថ្ងៃ។ មិនតែប៉ុណ្ណោះ ពេលភ្លៀងម្ដងៗ គ្រប់គ្នារងាញ័រញាក់ ជួនកាលត្រូវគេដេញពីកន្លែងមួយទៅកន្លែងមួយ ដោយសារគ្រួសារនាងគ្មានទីជម្រកពិតប្រាកដឡើយ ជាហេតុធ្វើឲ្យពួកគេមានបន្ទុកកាន់តែខ្លាំង។
ប៉ុន្តែជាសំណាងល្អ រហូតដល់ថ្ងៃមួយដែលសុភីបានជួបនឹងលោក Scott Neeson ជានាយកអង្គការមូលនិធិកុមារកម្ពុជា នៅពេលលោកចុះចែកអាហារ និងសួរសុខទុក្ខក្មេងៗ នៅតំបន់គំនរសំរាមស្ទឹងមានជ័យ។ គ្រានោះបានប្រែវាសនា សុភី ក្នុងអាយុ ១១ឆ្នាំ ឲ្យមានឱកាសបានរៀនសូត្រនឹងគេ នៅក្នុងអង្គការនេះតែម្តង។ ជាក់ស្តែង កាលពីឆ្នាំ២០១៨ ក្នុងវ័យ២១ឆ្នាំយុវតីរូបនេះ បានទទួលអាហារូបករណ៍ពីសកលវិទ្យាល័យ Melbourne ប្រទេសអូស្រ្តាលី លើជំនាញពាណិជ្ជកម្ម ក្រោមការជ្រុំជ្រែងពីអង្គការខាងលើ។
បច្ចុប្បន្ន កញ្ញា រ៉ុន សុភី មានអាយុ ២៧ឆ្នាំហើយ និងមានបំណងចង់ក្លាយជាអ្នកជំនួញម្នាក់ ហើយរំពឹងថា នឹងវិលត្រឡប់មកកម្ពុជាវិញដើម្បីជួយអ្នកដទៃក្នុងសហគមន៍ និងបាននៅស្និទ្ធស្នាលជាមួយក្រុមគ្រួសារក្នុងពេលឆាប់ៗ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/hangchhengH24