មកស្គាល់ជំនួញគ្រាក់ៗ ដែលអ្នកឧកញ៉ា សុខ គង់ កំពុងកាន់កាប់ មានតម្លៃរយលានដុល្លារ
Kan DaraMARCH 2 2023803 views

អ្នកឧកញ៉ា សុខ គង់ ត្រូវបានគេស្គាល់ថា ជាមហាសេដ្ឋីដ៏ល្បីឈ្មោះមួយរូបនៅកម្ពុជាដែលក្តោបក្តាប់ជំនួញរាប់លានដុល្លារលើវិស័យអចលនទ្រព្យ។ ជាមួយនឹងភាពជោគជ័យដ៏ធំធេងនេះ មិត្តអ្នកអានប្រហែលជាចង់ដឹងហើយថា តើមុខជំនួញដំបូងរបស់អ្នកឧកញ៉ាមានអ្វីខ្លះ? និងចាប់ផ្តើមដោយរបៀបណា?

00

សហគ្រិនចាស់វស្សាវ័យ៧០ឆ្នាំ អ្នកឧកញ៉ា សុខ គង់ គឺជាអតីតកូនអ្នកនេសាទ និងធ្លាប់រកស៊ីជួញដូរផលនេសាទ តាមដង​ទន្លេមេគង្គ ក្នុងខេត្តព្រៃវែង។ ក្រោយថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ភ្លើងសង្គ្រាមបានលុតផុតទៅ គ្រួសារលោកបានផ្លាស់ទីលំនៅមករស់នៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញវិញ ជាមួយដើមទុនមាស ១ជីកន្លះ។ ស្នាក់នៅក្នុងផ្ទះតូចចង្អៀតមួយកន្លែងនៅម្តុំផ្សារស៊ីលិប លោកនិងភរិយា បានចាប់ផ្តើមប្រកបរបរកិនកៅស៊ូ ធ្វើសម្បកកង់ឡានលក់ទៅប្រទេសវៀតណាម ដោយដឹងថា ប្រទេសវៀតណាមកំពុងមានតម្រូវការខ្ពស់។ មុខរបរអ្នក​ទាំង​ពីរចេះ​តែពង្រីកខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ ទិញអស់ដើមទុន១ជី លក់បាន ១តម្លឹង មានការបញ្ជាទិញពីអតិថិជនកាន់​តែច្រើនឡើងៗ។ គ្រានោះ លោកក៏បានផលិតស្បែកជើងកង់ឡាន ​តបតាមការកម្មង់រាប់ម៉ឺនគូសម្រាប់​កងទ័ពផងដែរ។

អ្នកឧកញ៉ា សុខ គង់ បានផ្តល់ជាទស្សនថា៖ «យើងប្រកបមុខរបរអ្វីក៏ដោយ ត្រូវចុះជាប់វាជានិច្ច ដើម្បីរៀនសូត្រពីវាផង ធ្វើឱ្យវាទៅមុខផង។ ការងារណាដែលខ្ញុំធ្វើវាហើយ ខ្ញុំមិនបោះបង់វាទេ ត្រូវតែប្រឹងធ្វើឱ្យបាន ជូនកាលខ្ញុំនឹកឃើញម៉ោង​បីទាប​ភ្លឺ ក៏ខ្ញុំឡើងធ្វើដែរ ខ្ញុំប្រឹងប្រែងតស៊ូណាស់ ធ្វើអានេះ មិនបាន ខ្ញុំទៅធ្វើអានោះ ធ្វើទាល់តែបាន»

34179

បើតាមអ្នកឧកញ៉ា សុខ គង់ នាសម័យនោះ សម្បកកង់ផលិតនៅវៀតណាមមានគុណភាពអន់ ដែលគេតែងបង្អាប់ថា របស់ទ្រឿង ធ្វើឱ្យអ្នកប្រើប្រាស់មានការខ្លាចរអារក្នុងការទិញ។ ដោយសិប្បកម្មដំណើរការល្អ ពេលនោះលោកបានពង្រីកទីតាំងជាច្រើនកន្លែង ជាបន្តបន្ទាប់។ ក្រោយទទួលបានជោគជ័យក្នុងការផលិតកៅស៊ូអ៊ុតសម្បកកង់រួចមក លោកបានស្រាវជ្រាវ ផលិត​នូវសម្ភារៈពីជ័យមួយចំនួនផ្សេងទៀត ដូចជាស្បែកជើងជាដើម។

ពីមួយដំណាក់កាលទៅមួយដំណាក់កាល ប្រទេសចេះតែមានការរីកចម្រើន ការធ្វើជំនួញរបស់អ្នកឧកញ៉ា សុខ គង់ រីកលូតលាស់ឥតឈប់ឈរ ដោយបានពង្រីកអាជីវកម្មធំៗជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។ ក្នុងនោះ អ្នកឧកញ៉ា សុខ គង់ បានក្តោបក្តាប់មុខជំនួញជាច្រើន នៅក្រោមក្រមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប រួមមាន៖ ក្រុមហ៊ុន សុខា អាហរ័ណ នីហរ័ណ (ធ្វើអាជីវកម្មនាំចូល និងចែកចាយផលិតផលប្រេងឥន្ធនៈ ហ្គាស កៅស៊ូក្រាលថ្នល់), ក្រុមហ៊ុនហ៊ុន គង់ហុង កាត់ដេរ, ក្រុមហ៊ុនវិនិយោគទុន សូគីម៉ិច កម្ពុជា, ក្រុមហ៊ុន សុខា អូតែល, សណ្ឋាគារសុខាឆ្នេរ ក្រុងព្រះ​សីហនុ, សណ្ឋាគារ សុខាអង្គរ, សណ្ឋាគារសុខាសៀមរាប, សណ្ឋាគាររេស៊ីដង់ភ្នំពេញ, សណ្ឋាគាររមណីយដ្ឋាន​ឋានសួគ៌​សុខា, ក្រុមហ៊ុនបូកគោហ្វាម, ក្រុមសុខារៀលអ៊ីស្តេត, ក្រុមហ៊ុនជោរៃភ្នំពេញយ៉ញវេនឈ័រ ខូ អិល ធីឌី និងក្រុម​ហ៊ុន សុខ គង់ អាហរ័ណ នីហរ័ណ(គិរីរម្យ) ជាដើម។

1

យ៉ាងណាមិញ អ្នកឧកញ៉ាបានមានប្រសាសន៍ជំរុញទឹកចិត្ត យ៉ាងដូច្នេះថា៖​ «កំាបិតទោះបីជាមិនមុត តែបើសំលៀងរាល់ថ្ងៃ ច្បាស់ជាមុត តស៊ូកុំបោះបង់» [ ] «ពីដើមឡើយគ្រូទាយក៏មិនជឿ ស្អីក៏មិនជឿ គឺជឿជាក់លើខ្លួនឯង គិតខ្លួនឯង ដើម្បីការងារអភិវឌ្ឍ»។ អ្នកឧកញ៉ាបានបន្ថែមទៀតថា៖ «ជាអ្នកដឹកនាំគេ​កុំចង្អៀតចង្អល់ត្រូវចិត្តទូលាយតែកុំទូលាយហួសហេតុពេក​ខ្ជីខ្ជាពេកក៏មិនកើតដែរ»។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័រ សុខាអចលនទ្រព្យ Sokha Real Estate៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia