ស្របពេលដែលមានមនុស្សជាច្រើននិយាយថា មិនអាចចេញរកស៊ីព្រោះតែខ្វះដើមទុន មិនហ៊ានខ្ចីគេព្រោះខ្លាចរកស៊ីខាតគ្មានលុយសងគេ ក្រុមគ្រួសាររបស់លោក មុំ ភារុន បែរជាហ៊ានប្រថុយខ្ចីលុយគេ ៥ពាន់ដុល្លារ យកមកធ្វើដើមទុនរកស៊ីច្នៃការបូបស្បែកលក់ រហូតបំបែកបាន៣សាខានៅទីក្រុងភ្នំពេញ។
នៅក្នុងបទសម្ភាសន៍ជាមួយនឹង Business Cambodia ស្ថាបនិកសិប្បកម្មស្នាដៃខ្មែរ លោក មុំ ភារុន បានលើកឡើងថា “តាមពិតទៅការខ្ចីលុយគេមកធ្វើទុនរកស៊ី វាប្រថុយខ្លាំងពិតមែន ប៉ុន្តែបើពេលនោះមិនប្រថុយទេ ខ្ញុំក៏គ្មានថ្ងៃនេះដែរ”។
លោក ភារុន បានបង្ហើបប្រាប់ដែរថា ដំបូងឡើងគាត់និងប្អូនប្រុសម្នាក់ទៀតបានទៅរស់នៅជាមួយបងប្អូន ដែលមានបើកហាងធ្វើកាបូបស្បែកនៅឯប្រទេសថៃ។ ក្រោយរស់នៅជាមួយគេបាន៣ឆ្នាំ ពួកគាត់ក៏បានរៀនចេះជំនាញច្នៃស្បែកធ្វើរបស់ប្រើប្រាស់ រួចក៏សម្រេចចិត្តមកបើកកន្លែងនៅស្រុកខ្មែរវិញ។
ដោយសារតែជីវភាពគ្រួសារមិនសូវមានគ្រប់គ្រាន់ ឪពុករបស់លោក ភារុន បានសម្រេចចិត្តទៅខ្ចីលុយគេចំនួន ៥ពាន់ដុល្លារយកមកចាប់ផ្ដើមអាជីវកម្មនេះជាមួយកូនប្រុស។ អាជីវកម្មគ្រួសារមួយនេះ ចេះតែបន្តដើរទៅមុខសន្សឹមៗ។ ដោយហេតុថាវាជាមុខរបរថ្មី នៅស្រុកខ្មែមិនសូវមានអ្នកធ្វើទេ កាបូបស្បែកសុទ្ធគុណភាពល្អ និងជាស្នាដៃកូនខ្មែរបែបនេះ ទើបពួកគាត់ទទួលបានការគាំទ្រទាំងសំណាក់ភ្ញៀវក្នុងស្រុក និងភ្ញៀវបរទេស។
លោក ភារុន បានបញ្ជាក់ផងដែរថា “ទោះបីជាពួកយើងប្រថុយខ្ចីគេរកស៊ីមែន ប៉ុន្តែពួកយើងត្រូវត្រៀមខ្លួនជាមុនដែរថា បើអាជីវកម្មនេះមិនដើរត្រូវរកលុយពីប្រភពណាមកសងគេនិងបង់ថ្លៃផ្ទះជួល”។ ហ៊ានប្រថុយតែត្រូវមានជន្ទុល ទោះបីជាយើងទុកចិត្តលើជំនាញរបស់ខ្លួនឯងប៉ុនណាក៏ដោយ ក៏ត្រូវតែត្រៀមផ្លូវមួយសម្រាប់បង្កើតចំណូលទុកសងបំណុលគេវិញដែរ។
ពាក្យថារកស៊ី គឺមិនទៀងជួនខាតជួនចំណេញជារឿងធម្មតា ហេតុនេះការដែលចេះត្រៀមខ្លួនគឺជាការល្អ។ តួយ៉ាងដូចអាជីវកម្មគ្រួសារបស់លោក ភារុន ពួកគាត់ប្រថុយមែន តែបានគិតមុនថា បើលក់មិនដាច់ គាត់នឹងឆ្លាស់វេនគ្នា២នាក់ប្អូនប្រុស ធ្វើការខាងក្រៅបន្ថែមដើម្បីរកលុយមកដោះបំណុល។
ទោះជាយ៉ាងណាក៏ដោយ សិប្បកម្មស្នាដៃខ្មែរ ពិតជាទទួលបានជោគជ័យ ទោះមិនធំដុំខ្លាំង តែពួកគាត់បានបង្កើតផលិតផលថ្មីៗជាច្រើន។ ជាក់ស្ដែងពេលបើកដំបូង គាត់មានលក់តែ កាបូបស្បែក និងខ្សែក្រវ៉ាត់ប៉ុណ្ណោះ បុន្តែមកដល់ពេលនេះ គាត់អាចកាត់ដេរ និងច្នៃផលិផលចេញពីស្បែក បានដល់ទៅជាង ១០០មុខទៅហើយ។ លោក ភារុន បង្ហើបដែរថា ម៉ូដថ្មីៗ និងផលិតផលថ្មីៗ ភាគច្រើនចេញមកពីការសំណូមពររបស់អតិថិជន ដោយសារតែគេជឿជាក់លើគុណភាពរបស់ហាងគាត់ ទើបគេកម្ម៉ង់ថ្មីជាបន្តបន្ទាប់។
សូមជម្រាបផងដែរថា គិតមកដល់ពេលនេះ សិប្បកម្មស្នាដៃខ្មែរ បង្កើតបានរយៈពេលជាង៧ឆ្នាំហើយ និងមានបំបែកទីតាំងទាំងអស់ចំនួន៣ នៅក្នុងទីក្រុងភ្នំពេញ ដើម្បីឱ្យអតិថិជនងាយស្រួលរក។ ប្រសិនបើប្រិយមិត្តចង់សាកល្បងប្រើប្រាស់ ផលិតផលស្បែកគុណភាពល្អ ដែលជាស្នាដៃកូនខ្មែរពិតៗ អាចទៅទិញតាមទីតាំង ក៏ដូចជាទំនាក់ទំនងតាមលេខទូរស័ព្ទខាងក្រោមនេះ។
១. ស្នាដៃខ្មែរ៖ ជិតវិមានឯករាជ្យ លេខទូរស័ព្ទ៖ ០៩៦ ៤៤៤ ០១០៩/ ០៩៩ ៧៨៧ ៦៦៨ ផេក៖ ស្នាដៃខ្មែរ
២. រីស្នាដៃខ្មែរ៖ បឹងកេងកង ផ្លូវលេខ៦៣ (ផ្លូវត្រសក់ផ្អែម) កែងនឹងផ្លូវលេខ៣១០ លេខទូរស័ព្ទ៖ ០៩៦ ៤៤៤ ០៥០២ ផេក៖ រី ស្នាដៃខ្មែរ
៣. ភារម្យស្នាដៃខ្មែរ៖ ទល់មុខវត្តសារាវ័ន លេខទូរស័ព្ទ៖ ០៩៦ ៤៤៤ ៥៣១១/ ០៩៦ ៥១៧ ០៩៩៩ ផេក៖ ភារម្យស្នាដៃខ្មែរ
អត្ថបទដោយ៖ សូ សុខលី