កាលពីថ្មីៗនេះ ក្រុមហ៊ុនចិនបានបង្ហើបពីបំណងមកវិនិយោគលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចរាចរណ៍ឆ្លាតវៃ (Smart Traffic) នៅរាជធានីភ្នំពេញ និងគម្រោងបំពាក់បង្គោល និងអំពូលភ្លើងតាមមហាវិធីស៊ី ជីនពីង តាមរូបភាព BOT។ នេះបើតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ជាក់ស្តែង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាប្រតិភូវិនិយោគិនចិនដឹកនំាដោយលោកស្រី លី ហួយ ឈាន (Li Hui Qian)។ លោកស្រីក៏បានបង្ហាញពីបំណងវិនិយោគលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចរាចរណ៍ឆ្លាតវៃ (Smart Traffic) នៅរាជធានីភ្នំពេញ និងគម្រោងបំពាក់បង្គោល និងអំពូលភ្លើងតាមមហាវិធីស៊ី ជីនពីង តាមរូបភាព BOT។


ឯកឧត្តមអគ្គលេខាធិការបានមានមតិស្វាគមន៍ និងបានជម្រាបជូនលោកស្រីថាគម្រោងនេះជាគម្រោងល្អ ព្រោះអាចកាត់បន្ថយការកកស្ទះចរាចរ, កាត់បន្ថយពេលវេលា, កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងកាត់បន្ថយផ្សែងពុលដែលបណ្តាលមកពីការកកស្ទះ។
ក្នុងន័យនេះ ឯកឧត្តមអគ្គលេខាធិការបានស្នើសុំឱ្យលោកស្រីធ្វើការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច ជាពិសេស ក្រសួងសាធារណការនិងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ។ ទន្ទឹមនេះ ឯកឧត្តមអគ្គលេខាធិការក៏បានពន្យល់ពីតួនាទីនិងសមត្ថកិច្ចរបស់គណៈកម្មាធិការវិនិយោគកម្ពុជា និងបានលើកទឹកចិត្តឱ្យលោកស្រីគិតគូរបណ្តាក់ទុនវិនិយោគក្នុងវិស័យកម្មន្តសាល ដើម្បីផលិតនាំចេញ ក៏ដូចបម្រើទីផ្សារក្នុងស្រុក៕



