ក្រុមហ៊ុន​ Smart Axiata លើកកម្ពស់ការយល់ដឹងពីអត្ថប្រយោជន៍នៃការចុះអត្តសញ្ញាណលេខទូរស័ព្ទ
Sopheak PichFEBRUARY 7 2023288 views

ភ្នំពេញ​​ ថ្ងៃចន្ទ ទី​៦ ខែកុម្ភៈ ២០២៣៖ ​ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានចាប់ផ្តើមនូវយុទ្ធនាការមួយ​ ដើម្បីលើកទឹកចិត្តអតិថិជនរបស់ខ្លួនឲ្យចុះអត្តសញ្ញាណលេខទូរស័ព្ទ ក៏ដូចជាលើកកម្ពស់ការយល់ដឹងដល់មជ្ឍជនទូទៅផងដែរ។​

យុទ្ធនាការមួយនេះ​  មានគោលបំណងលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការចុះអត្តសញ្ញាណលេខទូរស័ព្ទ និងជម្រុញអតិថិជនរបស់ក្រុមហ៊ុនឲ្យចុះអត្តសញ្ញាណលេខទូរស័ព្ទប្រើប្រាស់របស់ពួកគេ ឬប្រសិនបើពួកគេមិនទាន់បានបំពេញទិន្ន័យព័ត៌មានផ្ទាល់ខ្លួនថ្មី ជាមួយនឹងការផ្តល់ជូនពិសេសផងដែរ។​

ក្នុងពេលបច្ចុប្បន្ន ការចុះអត្តសញ្ញាណលេខទូរស័ព្ទពិតជាមានសារៈសំខាន់ខ្លាំង ដោយលេខទំនាក់ទំនងផ្ទាល់ខ្លួន​ ត្រូវបានប្រើប្រាស់សម្រាប់ឯកសារសំខាន់ៗ រួមមានកម្មវិធីធនាគារតាមទូរស័ព្ទដៃ​ បណ្តាញសង្គម និងផ្សេងៗទៀត។

Photo 2023 02 07 16 23 14

Photo 2023 02 07 16 23 17

Photo 2023 02 07 16 23 20ជាមួយនឹងការចុះអត្តសញ្ញាណលេខទូរស័ព្ទ ​អតិថិជនអាចការពារនូវកម្មសិទ្ធិលេខទូរស័ព្ទដែលខ្លួនកំពុងប្រើប្រាស់ និងមានភាពងាយស្រួលក្នុងការសុំបើកដំណើរការលេខទូរស័ព្ទឡើងវិញ​​ ប្រសិនជាមានការខូតខាត ឬបាត់បង់ដោយករណីណាមួយ។​ បន្ថែមពីនេះផងដែរ​ អ្នកប្រើប្រាស់ក៏អាចផ្ទេរកម្មសិទ្ធលេខទូរស័ព្ទដែលបានចុះអត្តសញ្ញាណរួចរាល់ហើយ ឲ្យទៅសមាជិកគ្រួសារ​ ឬបុគ្គលដែលទុកចិត្តបានដែរ។​

អ្នកស្រី Mila Kusheva Jivkova នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន Smart Axiata បន្តសង្កត់ធ្ងន់អំពីសារៈសំខាន់​នៃ​ ការចុះអត្តសញ្ញាណលេខទូរស័ព្ទ។​

អ្នកស្រីបានលើកឡើងថា «ក្រុមហ៊ុន Smart Axiata តែងតែផ្តោតអទិភាពលើតម្រូវការអតិថិជន​ ជាគោលការណ៍ចំបង នៃអាជីវកម្មរបស់យើង។ ពួកយើងតែងតែធ្វើការផ្តល់ជូននូវបទពិសោធន៍ដ៏ល្អបំផុតសម្រាប់អតិថិជន ជាមួយនឹងការប្រើប្រាស់នូវរាល់ផលិតផល និងសេវាកម្មរបស់យើង រួមជាមួយនឹងការធានានូវសេវាកម្មដ៏រលូនបំផុត។ ពួកយើងពិតជាលើកទឹកចិត្តអតិថិជនរបស់យើងឲ្យចាប់ផ្តើមចុះអត្តសញ្ញាណលេខទូរសព្ទរបស់គេ​​ ដើម្បីការពារកម្មសិទ្ធិ ក៏ដូចជាការពារលេខទំនាក់ទំនង​​​ពី សកម្មភាពណាដែលមិនមានបំណងល្អ ឬខុសច្បាប់។»​

ដើម្បីកាន់តែលើកទឹកចិត្តអតិថិជន ក្រុមហ៊ុន​ Smart Axiata នឹងមានការផ្តល់ជូនពិសេសរហូតដល់ចុងខែ​ មិនា សម្រាប់ការចុះអត្តសញ្ញាណលេខទូរស័ព្ទ ដោយមានការផ្តល់ទិន្ន័យសម្រាប់លេងអុីនធើណែតដោយឥតគិតថ្លៃចំនួន ២ Gigabyte ដែលមានសុពលភាព ៧ ថ្ងបន្ទាប់ពីចុះឈ្មោះបានជោគជ័យ។​

ដើម្បីពិនិត្យមើលថាលេខទូរស័ព្ទរបស់អ្នកមានការចុះអត្តសញ្ញាណរួចរាល់ហើយឬនៅ អ្នកប្រើប្រាស់ Smart Axiata អាចធ្វើការហៅកាន់ទៅលេខ *1202# ហើយអាចបំពេញព័ត៌មានដែលនៅខ្វះខាតតាមរយៈកម្មវិធីទូរស័ព្ទដៃ SmartNas របស់ក្រុមហ៊ុន (https://www.smart.com.kh/get-smart/smartnas/) ឬតាមរយៈគេហទំព័រសម្រាប់ការចុះអត្តសញ្ញាណលេខទូរស័ព្ទ (https://simreg.smart.com.kh/) ឬក៏អាចទៅ Smart Shop មួយណាដែលមានទីតាំងជិតអ្នកជាងគេ។​

ក្នុងនាមជាក្រុមហ៊ុនគមនាគមន៍ឌីជីថលឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន Smart Axiata តែងតែស្វែងរកឱកាសដើម្បីផ្តល់ជូននូវការកែលម្អ ការច្នៃប្រឌិត និងផ្តល់នូវអត្ថប្រយោជន៍បន្ថែមទៅលើរបៀបរស់ការរស់នៅយ៉ាងទាន់សម័យរបស់អតិថិជន។ អតិថិជនដែលបានប្រើប្រាស់លេខដែលមិនទាន់បានចុះអត្តសញ្ញាណនូវការចាប់តាំងពីឆ្នាំ ២០១៧ មក  Smart Axiata បានចាប់ផ្តើមធ្វើការចុះអត្តសញ្ញាណលេខទូរស័ព្ទរបស់អតិថិជន តាមរយ​​ប្រព័ន្ធអានរូបភាពអក្សរ​ ( Optical Character Recognition) ដែលអាចបម្លែងឯកសារជារូបភាពទៅជាអក្សរនៅលើកំព្យូទ័របាន ក៏ដូចជាការប្រមូលពត៌មានអត្តសញ្ញាណប័ណ្ណរបស់អ្នកប្រើប្រាស់ផងដែរ។​ ក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តមួយនេះ ក៏នៅតែបន្តការធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីការចុះអត្តសញ្ញាណ​​លេខទូរស័ព្ទ​ ក៏ដូចជាបង្កភាពងាយស្រួល ជូនដល់អតិថិជនដែលបានជាវលេខប្រើប្រាស់មុនឆ្នាំ ២០១៧ ផងដែរ។​

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart” ។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!

Sopheak Pich

អត្ថបទសរុប៖ 707

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia