ក្នុងឆ្នាំ ២០២៦ ទីផ្សារការងារបានផ្លាស់ប្តូរយ៉ាងខ្លាំង ពិសេសក្រោមឥទ្ធិពលបច្ចេកវិទ្យា Digital និង AI។ មិនមែនអ្នកមានសញ្ញាបត្រខ្ពស់សុទ្ធតែអាចរកការងារល្អបាននោះទេ ប៉ុន្តែអ្នកមាន “ជំនាញត្រូវនឹងទីផ្សារ” ទើបមានឱកាស។ ខាងក្រោមនេះគឺជា ជំនាញ ៣ ដែលកំពុងមានតម្លៃខ្លាំង និងអាចបង្កើតចំណូលខ្ពស់ក្នុងរយៈពេលខ្លី។
១. Digital Marketing និង Social Media Strategy៖ នៅកម្ពុជា អាជីវកម្មជាច្រើនកំពុងផ្លាស់ប្តូរពីការផ្សាយបែបបុរាណចែកខិតប័ណ្ណតាមផ្លូវ មកជាការផ្សាយតាមបណ្ដាញសង្គមដូចជា Facebook, TikTok និង Google ក្លាយជាវេទិកាសំខាន់ក្នុងការរកអតិថិជន។ ដូច្នេះជំនាញ Digital Marketing កំពុងត្រូវការខ្លាំងមិនធម្មតា។ ហើយអ្នកដែលចេះធ្វើ Content មានយុទ្ធសាស្ត្រ ចេះ Run Ads និងយល់ពីអាកប្បកិរិយាអតិថិជន អាចធ្វើការជា Freelancer ឬបើក Agency ផ្ទាល់ខ្លួនបាន។ ចំណូលអាចចាប់ផ្តើមពីតិចទៅខ្ពស់ អាស្រ័យលើសមត្ថភាព និងបទពិសោធន៍។
២. ជំនាញវិភាគទិន្នន័យ (Data Analysis)៖ នៅក្នុងសម័យដែលទិន្នន័យក្លាយជាសម្បត្តិសំខាន់បំផុតរបស់អាជីវកម្ម ក្រុមហ៊ុនមិនអាចដំណើរការដោយគ្មានការវិភាគទិន្នន័យបានទៀតឡើយ។ ជំនាញ Data Analysis ជួយឱ្យអាជីវកម្មយល់ពីអតិថិជន កាត់បន្ថយហានិភ័យ និងជួយឱ្យម្ចាស់អាជីវកម្មសម្រេចចិត្តបានត្រឹមត្រូវជាងមុន។ អ្នកមានជំនាញនេះ អាចបំពេញតួនាទីជាច្រើន ដូចជា អ្នកវិភាគទិន្នន័យ, ឬ អ្នកវិភាគអាជីវកម្ម ។ ចំណូលមធ្យមខ្ពស់ ហើយតម្រូវការកើនឡើងរៀងរាល់ឆ្នាំ ទាំងក្នុងស្រុក និងក្រៅប្រទេស។
៣. បញ្ញាសិប្បនិម្មិត (AI) និង Machine Learning៖ AI មិនមែនជារឿងអនាគតទៀតទេ ខណៈបច្ចុប្បន្នវាកំពុងវាយលុកយ៉ាងខ្លាំងនៅក្នុងទីផ្សារការងារ។ អ្នកដែលយល់ និងអាចប្រើ AI ឱ្យបានមានប្រសិទ្ធភាព កំពុងក្លាយជាមនុស្សដែលក្រុមហ៊ុនចង់បានខ្លាំងបំផុត។ ជំនាញនេះមិនត្រឹមតែសម្រាប់អ្នកសរសេរកូដទេ ប៉ុន្តែសម្រាប់អ្នកធ្វើអាជីវកម្ម ទីផ្សារ ហិរញ្ញវត្ថុ និងការគ្រប់គ្រងផងដែរ។ អ្នកចេះប្រើ AI បានល្អ អាចបង្កើនផលិតភាព និងចំណូលបានលឿនជាងមនុស្សធម្មតាច្រើនដង។
សរុបមក ក្នុងសម័យដែលការងារចាស់ៗកំពុងបាត់បង់តម្លៃ ការវិនិយោគលើជំនាញថ្មីៗគឺជាការសម្រេចចិត្តឆ្លាតវៃបំផុត។ ប្រសិនបើអ្នកចាប់ផ្តើមរៀន និងអភិវឌ្ឍជំនាញទាំងនេះពីថ្ងៃនេះអនាគតជីវិតការងាររបស់អ្នកអាចនឹងផ្លាស់ប្តូរទៅកម្រិតថ្មី៕


