គម្រោងវិនិយោគថ្មីតម្លៃសរុបជាង ៣០០ លានដុល្លារ នឹងរះឡើងនៅក្នុងខេត្ដ៦នេះ
Bunthoeun KoemDECEMBER 21 20252.3 K views

គម្រោងវិនិយោគទាំង១៣ ដែលមានទុនវិនិយោគសរុបជាង ៣០០ លានដុល្លារ និងអាចបង្កើតឱកាសការងាររាប់ពាន់កន្លែង បានបោះទីតាំងនៅក្នុងខេត្ដចំនួន ៦ ដោយក្នុងនោះរួមមាន៖ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង និងមណ្ឌលគិរី។

 

600539258 1333747092116887 7665874888483927081 N

 

យោងតាមការចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគទាំង ១៣គម្រោងខាងលើ  ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។

 

597387182 1333747212116875 606245352057396648 N

 

តាមការបញ្ជាក់ពី CDC គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៣២៣លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៧ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន១២គម្រោង (ផលិតគ្រឿងសម្អាង, ផ្គុំដំទ្បើងបរិក្ខារអគ្គិសនី, ផលិតក្រណាត់ ជ្រលក់ពណ៌និងផលិតផលវាយនភ័ណ្ឌ, ផលិតសម្ភារៈផ្ទះបាយ, ផ្គុំដំទ្បើងរថយន្ត, ផលិតមីនិងគ្រឿងបន្សំសម្រាប់មី, ផលិតសម្ភារៈបោះជំរំ សម្ភារៈកីទ្បានិងគ្រឿងបន្ទាប់បន្សំ, ផលិតផើងផ្កានិងសម្ភារៈតុបតែងលម្អក្នុងសួនច្បារគ្រប់ប្រភេទ, ផលិតគ្រឿងសង្ហារិម, ផលិតផលិតផលកម្ចាត់សត្វល្អិត, និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន១គម្រោង (អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់អានុភាព១៥០មេហ្កាវ៉ាត់)។

 

597389601 1333747135450216 8987340998440192051 N

 

តាមរបាយការណ៍របស់ CDC ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជាបានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៦០៩គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៩.៥ ពាន់លានដុល្លារ និងអាចបង្កើតឱកាសការងារជាង ៤២៦ ០០០ កន្លែង។ ជាការកត់សម្គាល់ ក្នុងរយៈពេល១១ខែ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីតម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ទៅ ១៩៥គម្រោង៕

 

595138076 1321451216679808 6928069473223241343 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia