ខេត្ដសំណាង! ក្រោយសង់ព្រលានយន្ដហោះថ្មី ពេលនេះរដ្ឋប្រកាសនឹងសង់ផ្លូវ ៦ គន្លងមួយខ្សែទៀតនៅសៀមរាប
Bunthoeun KoemNOVEMBER 13 20229.5 K views

រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ចូន បានប្រកាសថានឹងធ្វើការសាងសង់ផ្លូវថ្មី១ខ្សែនៅក្នុងខេត្ដសៀមរាប ដោយតភ្ជាប់ពីព្រលានយន្ដហោះថ្មី (ព្រលានយន្ដហោះអន្ដរជាតិសៀមរាប-អង្គរ) មកកាន់ផ្លូវជាតិលេខ ៦ ។ ដោយផ្លូវថ្មីនេះនឹងសាងសង់ពី ៤ ទៅ ៦ គន្លង ដើម្បីឲ្យមានភាពងាយស្រួលនៅក្នុងការធ្វើដំណើរ។

តាមការប្រសាសន៍របស់ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន នៅសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួង” កាលពីពេលកន្លងទៅនេះបានឲ្យដឹងថា ផ្លូវថ្មីនេះគឺមានប្រវែងសរុប ១៩ គីឡូម៉ែត្រ ខណៈបច្ចុប្បន្នត្រូវបានធ្វើការសិក្សាចប់សព្វគ្រប់ហើយ។

ថ្លែងក្នុងឱកាសនោះឯកឧត្ដមទេសរដ្ឋមន្រ្ដីបានលើកឡើងយ៉ាងដូច្នេះថា «យើងកំពុងសាងសង់ព្រលានយន្ដហោះថ្មីមួយនៅសៀមរាប អ៊ីចឹងត្រូវមានផ្លូវតភ្ជាប់ពីព្រលានយន្ដហោះថ្មីមកផ្លូវលេខ ៦ របស់យើង។ ប៉ុន្ដែបើមកផ្លូវលេខ ៦ វាអាចកដប អ៊ីចឹងយើងបានសិក្សាចប់ហើយ ពីផ្លូវហ្នឹងទៅសៀមរាបពង្រីកវាទៅ៤ គន្លង កន្លែងខ្លះ ៦ គន្លង ១៩ គីឡូម៉ែត្រ អ៊ីចឹងនឹងបើកការចរចាឆាប់ៗនេះ»

សូមជម្រាបផងដែរថា ក្រៅពីគម្រោងផ្លូវដ៏ធំនេះ ខេត្ដសៀមរាបក៏មានផ្លូវដ៏ធំមួយខ្សែរួចមកហើយផងដែរ ដែលមានទំហំ ៨ គន្លង និងត្រូវបានចាត់ទុកថាជាផ្លូវធំជាងគេនៅក្នុងប្រទេសកម្ពុជា៕

អត្ថបទ៖ កឹម ប៊ុនធឿន

315165619 441732684804398 2106621139283377489 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia