ដោយសារតែការផ្ទុះឡើងជំងឺកូវីដ១៩ និងបញ្ហាវិបត្ដិសេដ្ឋកិច្ចពិភលោក បានធ្វើឲ្យទីផ្សារអចលនទ្រព្យហាក់មានការធ្លាក់ចុះ ហើយបញ្ហានេះក៏បានជះឥទ្ធិពដល់អ្នកអភិវឌ្ឍន៍ផងដែរ ដែលធ្វើសាងសង់បុរីត្រូវជាប់គាំង ឬខ្លះទៀតប្រកាសក្ស័យធន ដែលធ្វើឲ្យអថិតិជនមិនទទួលបានផ្ទះតាមការកំណត់ឡើយ។
យ៉ាងណាត្បិតមានបញ្ហាទាំងនេះកើតឡើងក៏ដោយក៏យើងសង្កេតឃើញថា មានបុរីធំៗមួយចំនួនក៏នៅតែបន្ដដំណើរការ និងអភិវឌ្ឍន៍គម្រោងរបស់ខ្លួនយ៉ាងសកម្ម។ ពេលវេលានេះហើយដែលអ្នកវិនិយោគ ឬអ្នកមានគម្រោងទិញផ្ទះ អាចមើលឃើញថាក្រុមហ៊ុនមួយណាដែលមានគម្រោងសាងសង់ច្បាស់លាស់ និងមានភាពរឹងមាំ ងាយស្រួលក្នុងការជ្រើសរើសទិញផ្ទះឲ្យត្រូវ កុំឲ្យមានបញ្ហាជាប់គាំង។
ខាងក្រោមនេះ យើងសូមលើកយកគម្រោងបុរីធំៗ ៦ ដែលកំពុងដំណើរការអភិវឌ្ឍន៍គម្រោងរបស់ខ្លួនឥតឈប់ឈរ ដើម្បីបំពេញតម្រូវការអតិថិជន នៅក្នុងអំឡុងពេលមានវិបត្ដិនេះ ដែលក្នុងនោះរួមមាន៖
១. បុរី ប៉េង ហួត
បុរី ប៉េង ហួត គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលមានបទពិសោធន៍យូរឆ្នាំ និងមានភាពលេចខ្លួនខ្លាំងនៅក្នុងប្រទេសកម្ពុជា។ ត្បិតត្រូវឆ្លងកាត់នូវពេលវេលាលំបាកៗដូចជា កូវីដ១៩ និងវិបត្ដិសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន ក៏បុរីជើងចាស់មួយនេះនៅតែដំណើរការ និងធ្វើការអភិវឌ្ឍន៍គម្រោងរបស់ខ្លួនឥតឈប់ឈរ។
ជាក់ស្ដែងនៅពេលថ្មីៗ បុរី ប៉េង ហួត ទើបនឹងប្រកាសបើកដំណើរការសាកល្បង និងត្រៀមសម្ពោធផ្លូវការក្នុងពេលឆាប់ៗនេះផងដែរនូវគម្រោងថ្មីដែលមានឈ្មោះថា ដឹស្តា ផ្លាទីនីម អេកូ ប៉ូលីមានទីតាំងស្ថិតនៅចំបេះដូងនៃគម្រោងធំៗចំនួន២ គឺគម្រោង ហ្រ្គេនស្ដាផ្លាទីនីម (Grand Star Platinum) ដែលមានវិសាលភាព ២៥០ ហិកតា និង គម្រោង ហ្គ្រេនស្តា ផ្លាទីនីម អេកូ ខូលិកសិន (Eco Collection) អភិវឌ្ឍលើផ្ទៃដីប្រមាណ ១៥០ ហិកតា ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រៅពីគម្រោងថ្មីនេះ បច្ចុប្បន្នខាងបុរីក៏កំពុងសាងសង់ផ្សារទំនើប នៅក្នុងគម្រោងរបស់ខ្លួនផងដែរ ដែលមាននៅបុរីប៉េង ហួត បឹងស្នោរ និងបុរីប៉េង ហួត ផ្លូវ ៦០ ម៉ែត្រផងដែរ។
២. បុរី លន ស៊ីធី
បុរី លន ស៊ីធី ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន លន ស៊ីធី គ្រុប គឺជាបុរីមួយទទួលបានការគាំទ្រព្យពីសំណាក់អតិថិជនដែលជាអ្នកប្រើប្រាស់ និងអ្នកវិនិយោគ។ បុរី លន ស៊ីធី ត្រូវបានអភិវឌ្ឍន៍ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាលខេត្ដដែលមានសក្ដាពុលធំៗផងដែរ។
ជាក់ស្ដែងនៅដើមខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ លន ស៊ីធីគ្រុប បានបើកដំណើរការសាងសង់គម្រោងលំនៅឋានដ៏ធំក្នុងក្រុងព្រះសីហនុ គឺគម្រោងបុរី លន ស៊ីធី ឡូតធឺសស៊ី មានទីតាំងស្ថិតនៅចំណោតអូរត្រាវ ជិតច្រកផ្លូវល្បឿនលឿនក្រុងព្រះសីហនុ-ក្រុងភ្នំពេញ ជាប់បណ្ដោយផ្លូវជាតិលេខ ៤ដែលអភិវឌ្ឍន៍នៅលើផ្ទៃដីទំហំជាង ៧០ហិកតា។
គម្រោងមួយនេះ ផ្ដោតពិសេសទៅលើការរស់នៅ ការសម្រាកលំហែរ ជាមួយសម្រស់ធម្មជាតិពិតប្រាកដ នៅជាប់ជាមួយជើងភ្នំ ដែលមានបឹងនិម្មិត សួនកម្សាន្ត ក្លឹបកីឡា ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជា៖ មជ្ឍមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប ភោជនីយដ្ឋាន សាលារៀន ដែលអាចបេះយកបេះដូងអ្នកវិនិយោគជាច្រើន ឱ្យងាកមកធ្វើជាដៃគូរសហការក្នុងការអភិវឌ្ឍន៍ ហើយក៏ជាតម្រូវការសំរាប់អតិថិជនដែលរស់នៅក្នុងបុរីស្រាប់ ថែមទៀតផង។
៣. បុរី អាម៉ូរី
បុរី អាម៉ូរី ត្រូវបានអភិវឌ្ឍន៍ឡើងដោយ ក្រុមហ៊ុនអាម៉ូរីឌីវេឡុបម៉ិនឯ.ក ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបានអភិវឌ្ឍន៍បុរីចំនួនពីរនៅទីតាំងដែលមានសក្ដានុពលសម្រាប់ការរស់នៅដូចជា បុរីអាម៉ូរី សែនសុខ ដែលស្ថិតនៅកណ្តាលក្រុង លើបណ្តោយផ្លូវហាណូយចម្ងាយត្រឹមតែ៣នាទីពីផ្សារទំនើបអ៊ីអនសែនសុខ និងម៉ាក្រូសែនសុខ មានសុទ្ធតែវីឡាម៉ូដប្លែក ទំហំធំទូលាយ លក់ដាច់បានច្រើនជាងគេតាំងពីបើកលើកដំបូង។
ទីពីរគឺគម្រោងធំនៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារដែលមានឈ្មោះថា អាម៉ូរី ៧មករា ទំហំផ្ទៃដីដែលបានអភិវឌ្ឍន៍ផ្ទះរួចហើយរហូតដល់ទៅ៤០ហិតា មានផ្ទះតាមតម្រូវការអតិថិជនដូចជាផ្ទះល្វែងអាជីវកម្ម A-B ផ្ទះវីឡាកូនកាត់ ផ្ទះវីឡាទោលឃ្វីនវីឡា វីឡាទោលធំឃ្វីនមេរា និងចុងក្រោយនេះគឺ ហ្រ្គេនវីឡា ដែលក្រុមហ៊ុនបានរចនាឡើងដោយគំរូស្ថាបត្យកម្មក្រិចដ៏ល្បីល្បាញ។
ហើយកាលពីពេលកន្លងទៅនេះ ដើម្បីបំពេញតម្រូវការ និងការរស់នៅបែបទំនើបរបស់អតិថិជន បុរីអាម៉ូរី ក៏បានសម្ពោធ ហ្រ្គេនវីឡាម៉ូដថ្មី បន្ថែមទៀតផងដែរ។
៤. បុរី វិមានភ្នំពេញ
បុរីវិមានភ្នំពេញ ក៏ជាបុរីមួយដែលមានបទពិសោធន៍ និងគម្រោងធំៗជាច្រើន នៅក្នុងស្ថានភាពសេដ្ឋកិច្ចមិនអំណោយផលនេះ គម្រោងបុរីនៅតែបន្ដដំណើរការ និងដាក់ផ្ទះជូនដល់អតិថិជនជាហូរហែរ។
បុរីវិមានភ្នំពេញ ជាគម្រោងអភិវឌ្ឍន៍លំនៅឋានរបស់ក្រុមហ៊ុន លី ហួរ គ្រុប ដែលត្រូវបានបង្កើតឡើង និងទទួលអាជ្ញាប័ណ្ណ ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅក្នុងខែតុលា ឆ្នាំ២០១១ ចាប់ផ្តើមគម្រោងទី១ នៅលើផ្ទៃដីសាងសង់ចំនួន ១៨ហិកតា ស្ថិតនៅតាម បណ្តោយផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
គិតមកដល់ឆ្នាំ២០២៤ ក្រុមហ៊ុនបានអភិវឌ្ឍន៍គម្រោងសរុបជាង ១០ ទីតាំងហើយ។ ក្រុមហ៊ុនបានសាងសង់ផ្ទះជាច្រើនប្រភេទដែលរួមមាន៖ ផ្ទះវីឡាទោល ផ្ទះវីឡាភ្លោះ ផ្ទះវីឡាកូនកាត់ និងផ្ទះល្វែងជាដើម។
៥. បុរីចន្ទគីរី
បុរីចន្ទគីរី ដែលអភិវឌ្ឍន៍ដោយក្នុងហ៊ុន អឺបេនលែន គឺជាបុរីមួយកំពុងដំណើរការយ៉ាងសកម្មលើគម្រោងអភិវឌ្ឍន៍របស់ខ្លួន។ ជាក់ស្ដែងនៅក្នុងភាពមិនប្រាកដប្រជានៃបញ្ហាសេដ្ឋកិច្ចសកលនេះ ក៏ក្រុមហ៊ុននៅតែបន្ដបើកដំណើរការគម្រោងថ្មីរបស់ខ្លួនបន្ថែមផងដែរ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមាត់ស្ទឹងព្រែកត្នោត ភាគខាងត្បូងរាជធានីភ្នំពេញ។
បើតាមការលើកឡើងពីលោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន បានឲ្យដឹងថា ក្រុមហ៊ុនបានត្រៀមដីប្រមាណ ៥ ហិចតាបន្ថែមទៀតនៅខាងក្រោយផ្សារ K Mall ក្នុងតំបន់ពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង ដើម្បីត្រៀមអភិវឌ្ឍគម្រោងបុរីចន្ទគីរីទី៣ របស់ខ្លួនផងដែរ។
៦. បុរី មេគង្គលែន
ងាកមកកាន់បុរី មេគង្គលែន គឺជាអ្នកអភិវឌ្ឍន៍លំនៅទំនើបទាន់សម័យ ខណៈសព្វថ្ងៃក្រុមហ៊ុនបានកំពុងដំណើរការសាងសង់ និងប្រគល់ផ្ទះជូនអតិថិជន ជាហូរហែរ។ ដោយក្នុងនោះគម្រោង ហ្គោលឌិន អាវិននូ មានទីតាំងស្ថិតលើផ្លូវ២០១១ ហួសវត្តក្រាំងធ្នង់ជិត១គីឡូម៉ែត្រ និងគម្រោង មេគង្គ ស៊ីធី ស្ថិតលើផ្លូវជាតិ៦អា ។
ជាក់ស្ដែងនៅក្នុង គម្រោង ហ្គោលឌិនអាវិននូ របស់បុរី មេគង្គ លែន ផ្ទះដែលកំពុងសាងសង់រួចរាល់ស្ទើរតែទាំងស្រុងនៅក្នុងគម្រោងទាំងមូល ហើយល្អសម្រាប់ការរស់នៅ និងបើកអាជីវកម្ម។ ស្ថិតនៅក្នុងតំបន់ទីប្រជុំជន ដែលមានមនុស្សអ៊ូអរ ផ្លូវធ្វើដំណើរធំទូលាយងាយស្រួលក្នុងការធ្វើដំណើរ និងអ្វីដែលពិសេសគឺនៅក្បែរតំបន់ពាណិជ្ជកម្មធំៗ ជាច្រើនទៀត៕


